កីឡាជាតិ
ជាតិ
ក្រុម U18 បាទីដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ ពេលប្រកួតជាមួយក្រុមគីរីវង់
× ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសឲ្យលេងក្នុងក្របខណ្ឌកំពូលកម្ពុជា បានសម្រេចដកខ្លួនពីពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៩ ដោយសារខ្លាចប៉ះពាល់ដល់សិក្សា។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់អះអាងថា សហព័ន្ធ ចាត់ទុកការសិក្សារបស់កីឡាករជាជាកត្តាអាទិភាព ខណៈការអភិវឌ្ឍបាល់ទាត់ជាកត្តាសំខាន់ទី២។
លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំបាទី បានសម្រេចដកខ្លួនពីពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំនេះ ក្រោមហេតុផលខ្លាចប៉ះពាល់ដល់ការសិក្សារបស់កីឡាករ។ ព្រោះកីឡាករបាទីស្ទើរទាំងអស់ជាសិស្សកំពុងសិក្សានៅថ្នាក់វិទ្យាល័យ។ ម្យ៉ាងទៀត ក្រុម U18 បាទីជាប់ភារកិច្ចប្រជែងដណ្តើមជើងឯកពានរង្វាន់ក្របខណ្ឌកំពូល បន្ទាប់ពីសហព័ន្ធជ្រើសរើសពួកគេឲ្យចូលរួមនៅឆ្នាំនេះ។
«ថ្នាក់ដឹកនាំគិតថា ការលេងក្នុងលីកកំពូលនិងការសិក្សាគឺវាគ្រប់គ្រាន់ហើយសម្រាប់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី។ ដូច្នេះឆ្នាំនេះមិនអនុញ្ញាតឲ្យពួកគាត់លេងក្នុងពានសម្តេច ហ៊ុន សែន នោះទេ ព្រោះវាអាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ អ៊ីចឹងយើងកុំទាន់បន្ថែមបន្ទុកដល់ពួកគាត់ ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ»។ នេះជាការលើកឡើងរបស់លោក ឆាំង ពិសិដ្ឋ។
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់បានលើកឡើងក្នុងមហាសន្និបាតកន្លងមកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាត់ទុកការសិក្សារបស់កីឡាករជារឿងអាទិភាពជាងអ្វីទាំងអស់ ទោះបីគោលដៅរបស់សហព័ន្ធផ្តោតលើការអភិវឌ្ឍកីឡាបាល់ទាត់ក៏ដោយ។
តាមរូបមន្តក្រុមលេងក្នុងក្របខណ្ឌកំពូលទាំង១៤ឆ្នាំនេះ គឺទទួលបានកៅអីឡើងទៅប្រកួតក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិដោយស្វ័យប្រវត្តិ។ ប៉ុន្តែដោយសារការដកខ្លួនរបស់ U18 បាទី តម្រូវឲ្យគណកម្មការរៀបចំពានរង្វាន់នេះជ្រើសរើសក្រុម៣ឡើងមកពីថ្នាក់ខេត្ត ដើម្បីបង្គ្រប់១៦ក្រុមលេងនៅថ្នាក់ជាតិ ខណៈពីដំបូងគ្រោងជ្រើសរើសតែលេខ១ និងលេខ២តែប៉ុណ្ណោះ៕
Tag:
បាល់ទាត់
U18 បាទី
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com