ជាតិ
សេដ្ឋកិច្ច
អ្នករក​ស៊ីចំណេញ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ពី​កំណែទម្រង់​របស់​រដ្ឋាភិបាល​
29, Mar 2019 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច
រូបពីហ្វេសប៊ុកសម្ដេច
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​បាន​អះអាងថា វិស័យ​ឯកជន​ចំណេញ​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ តាមរយៈ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្នុងពេល​ថ្មីៗ​នេះ​។ សម្ដេច​បាន​ថ្លែង​ពី​កំណែទម្រង់​នេះ​ក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន នៅ​ថ្ងៃទី​២៩​ខែមីនា​នេះ​។


 
​ក្នុងពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់សេដ្ឋកិច្ច តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​របស់​វិស័យ​ឯកជន ដើម្បី​អាច​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ឬ​ទប់ទល់​ស្ថានភាព​នៃ​ការមិន​ផ្ដល់​អនុគ្រោះ​ពន្ធ​របស់គេ​។​
 
​រដ្ឋាភិបាល​បាន​ដក​តួនាទី​កាំកុងត្រូល​ពី​ច្រក​នាំចេញ​ទំនិញ​នានា និង​លុបចោល​ភ្នាក់ងារ​នាំ​នាវា​ចូល​ផែ កាំសាប​។ រដ្ឋាភិបាល​បាន​លុបចោល​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ (CO) សម្រាប់​ប្រទេស​ដែល​មិនមាន​តម្រូវការ CO  ដែល​ធ្វើ​ឲ្យវិស័យឯកជន​ចំណេញ​ទាំងពី​ការបង់​កម្រៃ​ផ្លូវការ និង​ក្រៅផ្លូវការ​។ 
 
​សំខាន់​មួយទៀត គឺ​ការ​បញ្ចុះតម្លៃ​ឡូ​ជី​ស្ទីក​។ សម្ដេច​បាន​បញ្ជាក់ថា​ការយល់ព្រម​បញ្ចុះ​កម្រៃ​របស់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុមហ៊ុន​នាវាចរ​មួយចំនួន គឺ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ៦,៧​លាន​ដុល្លារ​។ ហើយ​ការបញ្ចុះ​កម្រៃ​ផែ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវទឹក​នេះ គឺជា​ដំណាក់កាល​ទី​១ ដែល​នឹងមាន​ការបញ្ចុះ​បន្ថែមទៀត​ពី​អ្នកពាក់ព័ន្ធ​។ 
 
​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន ទាក់ទង​នឹង​ការបញ្ចុះ​កម្រៃ​របស់​កំពង់ផែ និង​ក្រុមហ៊ុន​នាវាចរ​៖
 


 
​ទន្ទឹមនឹងនេះ​កម្រៃ​ស្កេ​ន​កុងតឺន័រ​ត្រូវ​បញ្ចុះ​ពី ២០​ដុល្លារ​មក​១០​ដុល្លារ​សម្រាប់​កុងតឺន័រ​២០​ហ្វី​ត ពី​៣២​ដុល្លារ មក​១៦​ដុល្លារ​សម្រាប់​កុងតឺន័រ​៤០​ហ្វី​ត​។ តែ​ជាមួយគ្នានេះ សម្ដេច​ណែនាំ​ឲ្យ​ស្កេ​ន​កុងតឺន័រ​សង្ស័យ​ប៉ុណ្ណោះ ដែល​អាច​កុងតឺន័រ​ក្នុង​ចំនួន​តូច​ណា​ប៉ុណ្ណោះ ក្រៅពីនេះ​ឲ្យ​រួចផុត​ការ​ស្កេ​ន​។ ប៉ុន្តែ​កុងតឺន័រ​ដែល​រួចផុត​ការ​ស្កេ​ន ក៏ត្រូវ​បង់ក​ម្រៃ​ផងដែរ គ្រាន់តែ​វិស័យ​ឯកជន​បាន​ចំណេញ​ពេល​វា​លា​។​
 
​ក្រៅពីនេះ រដ្ឋាភិបាល​នឹង​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​ក្នុង​ដែន​សមត្ថកិច្ច​គយ ដូចជា​ការតម្រូវ​ឲ្យ​គយ​ចេញ​វិក្កយបត្រ​រាល់​គ្រប់​សេវា​របស់ខ្លួន​ជូន​អ្នករកស៊ី និង​កត់ត្រា​ក្នុង​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ​ជាដើម​។​
 
​សរុប​ការកាត់បន្ថយ​ការចំណាយ​របស់​វិស័យ​ឯកជន គឺមាន​ទំហំ​ដល់​ទៅ​ប្រមាណ ៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ សម្ដេច​បញ្ជាក់​ដូច្នេះ​ថា​៖«​ធ្វើ​យ៉ាង​ដូច្នេះ បើ​ទោះ​មិនទាន់​ចប់សព្វគ្រប់​ទេ ក្នុងការ​សម្រួល​នេះ​យើង​បូក​ត្រួសៗ​ទៅ ការកាត់បន្ថយ​ការចំណាយ គឺ​វិស័យ​ឯកជន​ចំណេញ​ប្រមាណ ៤០០​លាន​ដុល្លារ​»៕
 

Tag:
 វិស័យ​ឯកជន​
  កំណែទម្រង់សេដ្ឋកិច្ច​
  ប្រកួតប្រជែង​
© រក្សាសិទ្ធិដោយ thmeythmey.com