អន្តរជាតិ
លោក មូន ទៅជួបលោក ត្រាំ នៅខែមេសាដើម្បីជជែករឿងនុយក្លេអ៊ែរកូរ៉េខាងជើង
× ជំនួបបរាជ័យនៅវៀតណាមរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប៉ះពាល់ប្រជាប្រិយភាពលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងយ៉ាងខ្លាំង។ នេះក៏ព្រោះតែលោក មូន ជាតួអង្គសម្របសម្រួលភាគីទាំងពីរ ហើយតែងអះអាងថា កូរ៉េខាងជើងពិតជាមានឆន្ទៈបោះបង់នុយក្លេអ៊ែរមែន។ លោក មូន នឹងទៅអាមេរិកនៅពីរសប្ដាហ៍ទៀតដើម្បីជាមួយលោក ត្រាំ ពីរឿងនេះ។ តើលោក មូន អាចធ្វើឲ្យអាមេរិក និងកូរ៉េខាងជើងវិលចូលតុចរចាឡើងវិញមែនឬ?
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន មានជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមេសាខាងមុខ។ នេះបើតាមការប្រកាសសេតវិមាននៅថ្ងៃទី២៩ ខែមីនា។ សេតវិមានបន្តថា ជំនួបមេដឹកនាំទាំងពីរ នឹងផ្ដោតលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងបញ្ហាទាក់ទងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានអាមេរិកបញ្ជាក់ថា សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងនៅតែជាចំណុចសំខាន់នៃសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងតំបន់ទាំងមូល។ ជុំវិញជំនួបនេះ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងក៏និយាយដែរថា មេដឹកនាំទាំងពីរនឹងមានការជជែកស៊ីជម្រៅដើម្បីសម្របសម្រួលជំហរភាគីទាំងពីរ សំដៅសន្តិភាពនៅឧបទ្វីបកូរ៉េតាមរយៈការរំសាយនុយក្លេអ៊ែរទាំងស្រុង។
ជំនួបរវាងប្រធាធិបតីអាមេរិក និងកូរ៉េខាងត្បូង ធ្វើឡើងចំពេលដែលលោក មូន រងពាក្យរិះគន់ខ្លាំងជុំវិញគោលនយោបាយរបស់លោក ខណៈជំនួបនៅរដ្ឋធានីហាណូយរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ចប់ទៅដោយមិនទទួលបានលទ្ធផលអ្វីសោះ។ មានម្ដងនោះ សមាជិកសភាបក្សប្រឆាំងកូរ៉េខាងត្បូងថែមទាំងហៅលោក មូន ជាអ្នកនាំពាក្យរបស់លោក គីម ទៀតផង។
ក្រៅពីបញ្ហាកូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូងក៏មិនសូវត្រូវគ្នាលើការចំណាយថ្លៃពង្រាយកងទ័ពអាមេរិកនៅទឹកដីកូរ៉េខាងត្បូងដែរ។ ទោះជាក្រុងសេអ៊ូលបានយល់ព្រមបង្កើនការចំណាយរបស់ខ្លួនក្ដី ក្រុងវ៉ាស៊ីនតោនហាក់មិនទាន់ពេញចិត្តនៅឡើយ។ កិច្ចព្រមព្រៀងថ្មីរវាងភាគីទាំងពីរ មានសុពលភាពត្រឹមតែមួយឆ្នាំ២០១៩ នេះប៉ុណ្ណោះ ដែលវាតម្រូវឲ្យភាគីទាំងពីរត្រូវជួបចរចាគ្នាទៀតសម្រាប់គម្រោងចំណាយលើកក្រោយ។
មុនជំនួបរវាងលោក មូន និងលោក ត្រាំ មន្ត្រីកូរ៉េខាងត្បូងអះអាងថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបជាមួយភាគីអាមេរិក។ គេរំពឹងថា ជំនួបរវាងមន្ត្រីនេះ នឹងជួយឲ្យភាគីទាំងពីរស្វែងយល់កាន់តែពីជំហរភាគីម្ខាងៗ និងបញ្ហាកូរ៉េខាងជើងផង៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
មូន ចេអ៊ីន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com