ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកអគ្គរដ្ឋទូត​បារាំ​ង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​ខ្មែរ​៤​រូប បាន​រៀនសូត្រ​ពី​ជីវិត​អ្នកការទូត​
29, Mar 2019 , 4:51 pm        
រូបភាព
​ភ្នំពេញ​៖ លោកស្រី Eva Nguyen Binh  ឯកអគ្គរដ្ឋទូត​បារាំ​ង​នៅ​កម្ពុជា បានជ្រើសរើស​ស្ត្រី​កម្ពុជា ៤​រូប ដើម្បី​ឲ្យ​ពួកគេ​មក​រៀនសូត្រ និង​តាមដាន​ការងារ​ទូត​របស់លោក​ស្រី ពេល​មួយថ្ងៃ​ពេញ ទាំង​នៅក្នុង​ស្ថានទូត និង​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​លោកស្រី​ត្រូវ​ចូលរួម​។ លោកស្រី Eva បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គំនិត​ផ្តួចផ្តើម​នេះ បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​កម្ពុជា បាន​ស្វែងយល់​ពី​ជីវិត​ការងារ និង​ជីវិត​ឯកជន​របស់​ស្ត្រី​អ្នកការទូត​។ រយៈពេល​មួយថ្ងៃ នៃ​ការរៀនសូត្រ​នេះ ដ្បិតតែ​ជា​វេលា​ដ៏​ខ្លី​បំផុត​មែន ប៉ុន្តែ​សម្រាប់​លោកស្រី ឯកអគ្គរដ្ឋទូត​បារាំ​ង​នៅ​កម្ពុជា ក៏​ប្រសើរ​ជាង​មិន​រៀបចំ​សោះ​។ មួយថ្ងៃ​មែនពិត ប៉ុន្តែ​ជា​ឱកាស​ដ៏​ល្អ ដែល​ស្ត្រី​ទាំង​៤​រូប មិន​ត្រឹមតែ​បាន​តាមដាន​កិច្ចការ​របស់ខ្លួន​នោះទេ ប៉ុន្តែ​ពួកគាត់ និង​ទទួលបាន​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍ ជាមួយ​លោកស្រី និង​ភ្ញៀវ​ដ៏​ពូកែៗ​ជាច្រើន​ដែល​ខ្លួន​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​។ ក្នុងនាម​ជា​ស្ត្រី​អ្នកការទូត លោកស្រី Eva ក៏​ចង់ឃើញ​ស្ត្រី​គ្រប់រូប​កាន់តែ​ក្លាហាន និង​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​។​

 
​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​អាន​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស្រី Eva Nguyen Binh   ឯកអគ្គរដ្ឋទូត​បារាំ​ង​នៅ​កម្ពុជា ខាងក្រោម​នេះ​៖ 
 
​កញ្ញា ខន ចំប៉ា​៖ តាំងពី​ថ្ងៃ​ទិវា​នារី​អន្តរជាតិ លោកស្រី​បាន​ផ្សព្វផ្សាយ​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​បារាំង ជ្រើសរើស​បេ​ក្ខ​នារី ដើម្បី​ពួកគេ​អាចមក​រៀនសូត្រ និង​តាមដាន​ការងារ​ទូត​របស់លោក​ស្រី​។ តើ​គំនិត​ផ្តួចផ្តើម​នេះ វា​បាន​កើតឡើង​យ៉ាងដូចម្តេច​?
 
​លោកស្រី Eva Nguyen Binh ៖  តាមពិតទៅ អ្នក​ប្រហែលជា​បានដឹងហើយថា ភាពស្មើគ្នា​រវាង​ស្ត្រី និង​បុរស គឺ​អាទិភាព​មួយ​ដែល​រដ្ឋា​បារាំង​យកចិត្តទុកដាក់​ខ្លាំងណាស់ ពិសេស​លោក​ប្រធានាធិបតី ម៉ា​ក្រុង​។ ខ្ញុំ​គឺជា​ឯកអគ្គរដ្ឋទូត​បារាំង​ស្ត្រី​ដំបូងបង្អស់ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ធ្លាប់បាន​ធ្វើការ​នៅ​ក្រសួងការបរទេស​បារាំង រយៈពេល​២៥​ឆ្នាំ​កន្លងមកហើយ​។ ហើយ​នៅ​ទីនោះ ខ្ញុំ​តែងតែ​ទទួលបាន​ការជួយ​លើកទឹកចិត្ត គាំទ្រ ពី​សហសេវិក​ទាំង​ស្ត្រី និង​បុរស​។ ការលើកទឹកចិត្ត​នេះ គឺជា​រឿង​សំខាន់​ណាស់ ហើយ​ខ្ញុំ​ចង់បង្ហាញ ភាតរភាព សាមគ្គីភាព ការលើកទឹកចិត្ត​រប​ស់​ខ្ញុំ ចំពោះ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ដូច្នេះហើយ​បានជា​ខ្ញុំ មានគំនិត​ផ្តួចផ្តើម ឲ្យ​មានការ​ជ្រើសរើស​ស្ត្រី​មួយចំនួន ដើម្បី​ឲ្យ​គាត់​មក​ពិនិត្យ និង​សង្កេត​កិច្ចការងារ​ការទូត​នៅ ក្នុង​ស្ថានទូត​បារាំង​នេះ​ជាមួយ​ខ្ញុំ ដើម្បី​ជាការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពួកគាត់ ហើយក៏​ជា​ឱកាស​សម្រាប់​ខ្ញុំ នៅក្នុង​ការចែករំលែក​បទពិសោធន៍​ទាំង​ជីវិត​ឯកជន និង​ជីវិត​ការងារ ថា​យើង​ជា​ស្ត្រី ក៏​អាច​ធ្វើបាន​។ យើង​អាច​ជោគជ័យ​ទាំង​ការងារ ហើយក៏​យើង​ត្រូវ​គិត​ទៅដល់​គ្រួសារ​ផងដែរ​។ មានន័យថា​យើង​អាចធ្វើ​បាន​ទាំង​២​។ 


 
​កញ្ញា ខន ចំប៉ា​៖ រយៈពេល​១​ថ្ងៃ វា​ពិតជា​មិន​គ្រប់គ្រាន់​សម្រាប់​ការរៀនសូត្រ​អំពី​អាជីព​ដ៏​ខ្ពង់ខ្ពស់​នេះ​ទេ ប៉ុន្តែ​តើ​លោកស្រី​នឹង​បង្ហាញ​អ្វីខ្លះ​ដល់​បេ​ក្ខ​នារី​ទាំងនោះ ?
 
​លោកស្រី Eva Nguyen Binh ៖  មាន​ទិដ្ឋភាព​២​។ យើង​រៀបចំ​១​ថ្ងៃនេះ ឃើញថា​វា​តិច​មែន ប៉ុន្តែ​វា​ប្រសើរ​ជាង អត់​បានរៀបចំ​សោះ​ដែរ​។ មួយថ្ងៃ​នេះ គឺជា​មួយថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​សកម្មភាព​។ មួយថ្ងៃ ដែលមាន​ខ្លឹមសារ និង​អាចជា​ប្រយោជន៍​ទៅដល់​បេ​ក្ខ​នារី​។ ទិដ្ឋភាព​ទាំង​២​នោះ ទី​១​គឺ យុវតី​កម្ពុជា​ដែល​ខ្ញុំ​ជ្រើសរើស​នោះ គឺ​បានមក​តាមដាន​ការងារ​របស់ខ្ញុំ ពេញ​មួយថ្ងៃ​។ តើ​ជា​ទូត​ហ្នឹង តើ​គាត់​ធ្វើ​កិច្ចការ​អ្វីខ្លះ​? តើ​ការដឹកនាំ​ស្ថានទូត​របៀប​យ៉ាងម៉េច​? ទី​២ គឺជា​ឱកាស​នៃ​ការផ្លាស់ប្តូរ​យោបល់​គ្នា​រវាង​ខ្ញុំ និង​បេ​ក្ខ​នារី​ដែល​ខ្ញុំ​បានជ្រើសរើស ហើយ​ពួកគាត់​ក៏​អាច​ផ្លាស់ប្តូរ​យោបល់ ជាមួយ​ភ្ញៀវ​ផ្សេងទៀត ដែល​ខ្ញុំ​នឹង​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។ ដូច្នេះហើយ គាត់​នឹង​បាន​យល់​ថែម​ទៀតថា តើ​យើង​ធ្វើ​យ៉ាងម៉េច ក្នុងនាម​ជា​ស្ត្រី ដែលមាន​ការងារ​ជា​អ្នកការទូត​ផង ហើយ​ត្រូវ​មើលថែ​គ្រួសារ​ផង​? នេះ​គឺជា​ការចែករំលែក​បទ​ពិសោធន៍​មួយ ហើយ​ខ្ញុំ​គិតថា​ជា​ប្រយោជន៍​ទៅដល់​បេ​ក្ខ​នារី ដែល​គាត់​បានមក​សង្កេត​នៅក្នុង​មួយថ្ងៃ​នេះ​។ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​បង្ហាញ​ជា​ឧទាហរណ៍ បង្ហាញ​ពី​ជីវិត​ដែល​ខ្ញុំ​គិតថា​ជោគជ័យ​ដែរ​។ ពេលខ្លះ​ជំនួប​តែមួយ​ពេល​ទេ ក៏​អាច​ផ្លាស់ប្តូរ​របស់​ជីវិត​វា​សនា​មនុស្ស​ម្នាក់​បានដែ​រ​។ ហើយ​នេះ​ខ្ញុំ​គិតថា វា​ជា​ប្រយោជន៍​។​
 
​កញ្ញា ខន ចំប៉ា​៖ តាំងពី​បាន​មកដល់​កម្ពុជា តើ​លោកស្រី​បាន​យល់​អ្វីខ្លះ​ជាពិសេស ពី​ប្រវត្តិ​នារី​កម្ពុជា និង​ស្ថានភាព​នារី​កម្ពុជា​បច្ចុប្បន្ន​?
 
​លោកស្រី Eva Nguyen Binh ៖  យើង​ត្រូវ​ទទួលស្គាល់ថា ស្ថានភាព​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​នេះ គឺមាន​លក្ខណៈ​ប្រសើរ​ជាង​នៅ​ប្រទេស​ជាច្រើន នៅក្នុង​ពិភពលោក​។ មាន​ការងារ​ជាច្រើន​ដែល​បាន​ធ្វើឡើង ដោយ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នកផ្តល់ជំនួយ​ផ្សេងៗ ដើម្បី​ជា​ប្រយោជន៍ លើកស្ទួយ​ស្ត្រី ប៉ុន្តែ​ក៏មាន​បញ្ហា​ជាច្រើន​ដែរ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ជាពិសេស​បញ្ហា​ហិង្សា​លើ​ស្ត្រី និង​បញ្ហា​សមភាព​រវាង​បុរស និង​ស្ត្រី នៅក្នុង​អាជីព​ការងារ​។ បញ្ហា​នេះ មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ផ្សេងទៀត​ក៏មានដែរ ហើយ​ខ្ញុំ​សង្កត់ធ្ងន់ ទៅលើ​ការលើកកម្ពស់​សិទ្ធិ​ស្មើគ្នា រវាង​បុរស និង​ស្ត្រី ក្នុង​កិច្ចការងារ​ការទូត​។  


 
​កញ្ញា ខន ចំប៉ា​៖ ខ្ញុំ​បាន​សង្កេតឃើញថា លោកស្រី​ក៏បាន​ធ្វើ​ការងារ​ជាមួយ​សហគ្រិន​ស្ត្រី ហេតុអ្វី​?
 
​លោកស្រី Eva Nguyen Binh ៖  ខ្ញុំ​ធ្វើការ​ជាមួយ​មនុស្ស​ទាំងអស់ ប៉ុន្តែ​ជាមួយ​ស្ត្រី ខ្ញុំ​មានការ​យកចិត្តទុកដាក់​ជាពិសេស​ផងដែរ ព្រោះ​ខ្ញុំ​ចង់​លើកកម្ពស់​ស្ត្រី ដើម្បី​ឲ្យ​គាត់​ចូលប្រឡូក​នៅក្នុង​អាជីវ​កម្មនេះ​។ សម្រាប់​ស្ត្រី វា​មិនមែន​រឿង​ងាយស្រួល​ទេ នៅក្នុង​ការដឹកនាំ​ក្រុមហ៊ុន​នីមួយៗ ព្រោះ​ស្ត្រី ក៏ត្រូវ​មើល​ការខុសត្រូវ​ផងដែរ នៅក្នុង​គ្រួសារ​។ ដូច្នេះហើយ នេះ​គឺជា​លើកទឹកចិត្ត​មួយ​ដែល​ខ្ញុំ​ចង់​ផ្តល់​ទៅ​ឲ្យ​ស្ត្រី​។​
 
​កញ្ញា ខន ចំប៉ា​៖ ខ្ញុំ​ចង់​ឲ្យ​លោកស្រី​ផ្តល់​ជា​ពិសោធន៍​ផ្ទាល់​ដែរ តើ​រវាង​ការងារ និង​គ្រួសារ មួយណា​ជា​រឿង​អាទិភាព​?
 
លោកស្រី Eva Nguyen Binh៖ ជីវិត​ឯកជន និង​អាជីព​ការងារ សម្រាប់​ខ្ញុំ​គឺ​សំខាន់​ដូចគ្នា​។ ខ្ញុំ​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​វា​មាន​លំនឹង​ស្មើគ្នា​។ ជាការ​ពិត គ្រួសារ​គឺ​សំខាន់ ប៉ុន្តែ​ខ្ញុំ​ក៏​ស្រឡាញ់​ការងារ​របស់ខ្ញុំ​។ ខ្ញុំ​មិនអាច​នៅ​គិត​តែ​ការងារ ហើយ​មិន​មើល​គ្រួសារ​បានទេ​។ បើ​ធ្វើ​តែ​អីចឹង ក៏​វា​មិនល្អ​ដែរ​។​


 
​កញ្ញា ខន ចំប៉ា​៖ លោកស្រី​មាន​សារ​អ្វីខ្លះ ទៅកាន់​ស្ត្រី​កម្ពុជា ? ពិសេស​សហគ្រិន​ស្ត្រី​វ័យក្មេង និង​និស្សិត​នារី​?
 
​លោកស្រី Eva Nguyen Binh៖ សារៈសំខាន់​ដែល​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ទៅដល់​ស្ត្រី​គ្រប់រូប គឺ​ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង និង​ស្តាប់​ខ្លួនឯង​ផង ព្រោះ​ជីវិត​យើង​ពេលខ្លះ​ជួន​ជួប​រឿង​ល្អ​ទៅ ពេលខ្លះ​ក៏​ជួប​រឿង​មិនល្អ ដូច្នេះ​ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង​។ ខ្ញុំ​និយាយ​នេះ គឺ​និយាយ​ជាទូទៅ​ទេ ភាគច្រើន​គឺស្ត្រី​អត់​សូវ​ទុកចិត្ត​លើ​ខ្លួនឯង​ទេ បុរស​គេ​ទុកចិត្ត​ខ្លួនឯង​ជាង​។ ជាក់ស្តែង តួនាទី​ជា​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​ប្រទេស​កម្ពុជា​នេះ​អីចឹង នៅពេលដែល​គេ​ប្រកាសថា តួនាទី​នេះ​ទំនេរ ភាគច្រើន​គឺ​បុរស គេ​ដណ្តើម​គ្នា​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​។  បុរស​ខ្លះ គេ​ចង់បាន​តួនាទី នៅក្នុង​ប្រទេស​ផ្សេងៗ​ខុសពី​កម្ពុជា​។ ចំណែក​ស្រីៗ នៅ​គិត​សិន​ទាំង​ខ្ញុំ ទាំង​គេ ថា​តើ​អាចធ្វើ​ការងារ​ហ្នឹង​បាន​ឬ​អត់​? នេះហើយ​គឺជា​ឧបសគ្គ​ចម្បង​សម្រាប់​ស្ត្រី​៕
 

Tag:
 ស្ត្រី​កម្ពុជា​
 ​អប់រំ​
 Eva Nguyen Binh
 ​ឯកអគ្គរដ្ឋទូត​បារាំ​ង​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com