អន្តរជាតិ
តៃវ៉ាន់ ស្នើ​អាមេរិក អូស្ត្រាលី និង​ជប៉ុន​ជួយ​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក​
29, Mar 2019 , 10:39 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាពវេបសាយការិយាល័យប្រធានាធិបតីតៃវ៉ាន់)
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាពវេបសាយការិយាល័យប្រធានាធិបតីតៃវ៉ាន់)
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បានស្នើ​ប្រទេស​ធំៗ​នៅជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បង្កើន​សកម្មភាព​រប​ស់​ខ្លួន​ដើម្បី​ទប់ទល់​ការ​សាយភាយ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​នេះ​។ តៃវ៉ាន់ ដែលមាន​មិត្ត​សេសសល់​មិន​ច្រើន​នោះ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​៦​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ជាទី​ដែល​ចិន​បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ឥតឈប់ឈរ​។ លោកស្រី Tsai ទំនង​បារម្ភ​ថា សម្ព័ន្ធមិត្ត​របស់ខ្លួន នឹងត្រូវ​ចិន​អូសទាញ​បន្តិច​ម្ដងៗ ហើយ​ដង្ហើម​ការទូត​តៃវ៉ាន់ ក៏​កាន់តែ​ខ្សត់ខ្សោយ​។

 
​សកម្មភាព​របស់​ចិន​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ពិតជា​ធ្វើ​ឲ្យ​តៃវ៉ាន់​ខ្វាយខ្វល់​ក្នុង​ចិត្ត​យ៉ាងខ្លាំង​។ នេះ​ក៏​ព្រោះតែ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ចំនួន​៦​ប្រទេស មាន​ទីតាំង​ក្នុង​មហាសមុទ្រ​ដ៏​ល្វឹងល្វើយ​មួយ​នេះ​។ លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ ទើប​បញ្ចប់​ទស្សនកិច្ច​បី​ប្រទេស​នៅ​តំបន់​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត ប្រឈមមុខ​នឹង​ការកើនឡើង​សកម្មភាព​របស់​ចិន​។ 
 
​ក្នុង​ទស្សនកិច្ច​លើក​នេះ លោកស្រី Tsai បាន​ទៅដល់​សម្ព័ន្ធមិត្ត​បី​ប្រទេស​មាន Palau, Nauru និង​Marshall Island ។ នៅ​ថ្ងៃ​ចុងក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​តៃវ៉ាន់​បាន​ទទូច​ឲ្យ​អូស្ត្រាលី អាមេរិក និង​ជប៉ុន​ជួយ​រុញច្រាន​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​។ ចិន​ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​កាត់ផ្ដាច់​ផ្លូវ​ការទូត​របស់​តៃវ៉ាន់ តាមរយៈ​ការផ្ដល់​ហិរញ្ញវត្ថុ​ជាច្រើន​ដល់​ប្រទេស​ដែល​បោះបង់​តៃវ៉ាន់​។​
 
​សារព័ត៌មាន​អូស្ត្រាលី ABC NEWS ផ្សាយ​ថា លោកស្រី Tsai ចាត់ទុក​វា​ជា​រឿង​សំខាន់​ដែល​តៃវ៉ាន់ និង​ប្រទេស​មានគំនិត​ដូចគ្នា ធ្វើការ​ជាមួយគ្នា និង​បង្កើត​ភាពជា​ដៃគូ​ផ្ដោតលើ​តម្លៃ​នៅ​ប៉ាស៊ីហ្វិក​។ ប្រធានាធិបតី​តៃវ៉ាន់​បន្ថែមថា អូស្ត្រាលី អាមេរិក និង​ជប៉ុន អាច​សម្រប​សម្រួលការ​ផ្ដល់ជំនួយ និង​ការវិនិយោគ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​។ លោកស្រី Tsai ក៏​អំពាវនាវ​ប្រទេស​ទាំងបី​នេះ​ឲ្យ​បង្កើន​កា​រិះគន់​គម្រោង​របស់​ចិន​ផងដែរ​។​
 
​តាមពិតទៅ អាមេរិក អូស្ត្រាលី និង​ជប៉ុន ក៏មាន​ជំហរ​មិន​សប្បាយ​ចិត្តនឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​អានុភាព​រប​ស់​ចិន​នៅ​តំបន់​មហាសមុទ្រ​មួយ​នេះដែរ​។ បើតាម​លោកស្រី Tsai តៃវ៉ាន់​នឹង​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន​ដើម្បី​ទប់ទល់​សកម្មភាព​ចិន និង​ជា​ធ្វើជា​គំរូ​នៅ​កន្លែង​ដែល​ចិន​អាច​ធ្វើតាម​ការសន្យា​រប​ស់​ខ្លួន​បាន​។ 
 
​មួយពេល​ចុងក្រោយ​នេះ ចិន​បាន​ជះ​លុយ​មិន​សំចៃ​ដៃ​ឡើយ​ឲ្យ​តែ​អូសទាញ​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ ហើយ​យុទ្ធសាស្ត្រ​ប្រើ​ទឹក​លុយ​ក៏​ទទួលបាន​ផល​ដែរ​។ តៃវ៉ាន់​ដែល​មិនសូវមាន​លុយកាក់​ច្រើន​នោះ ក៏​ព្យាយាម​ផ្ដល់ជំនួយ​ផ្សេង​ដើម្បី​រក្សា​មិត្ត​របស់ខ្លួន​ដូចគ្នា​។ ជារឿយៗ តៃវ៉ាន់​តែង​ចោទ​ចិន​ថា ប្រើ​អំណាច​លុយ​ដុល្លារ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រទេស​ផ្សេង តែ​ខ្លួន​នឹងមិន​ប្រើ​យុទ្ធសាស្ត្រ​បែបនេះ​វិញ​តប​វិញ​ទេ​៕ 

Tag:
 តៃវ៉ាន់​
  ចិន​
  ប៉ាស៊ីហ្វិក​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com