ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលដកអាជីវកម្មផ្លូវដែកពីលោក គិត ម៉េង
× ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចដកសិទ្ធិធ្វើអាជីវកម្មផ្លូវដែកពីក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេយ៍របស់លោក គិត ម៉េង ទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន មុននឹងដាក់ឲ្យដេញថ្លៃជាថ្មីឡើងវិញ។ ការដកនេះ ក្រោមហេតុផលថា ការអភិវឌ្ឍ និងផ្ដល់សេវានៃប្រតិបត្តិការដឹកជញ្ជូនផ្លូវដែកបច្ចុប្បន្នដោយក្រុមហ៊ុននេះ ហាក់មិនសូវឈានទៅមុខ ខណៈវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានតម្រូវការខ្ពស់ និងទាមទារស្ដង់ដារ។ នេះបើតាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ នៅថ្ងៃទី២៩ខែមីនានេះ។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ខាងក្រោមនេះ៖
«គួរឲ្យសោកស្ដាយក្នុងរយៈពេលជិត១០ឆ្នាំមកនេះ វិស័យដឹកជញ្ជូនផ្លូវដែកហាក់មិនទទួលបានជោគជ័យប៉ុន្មានទេ បើទោះបីក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំលើកទឹកចិត្តផ្សព្វផ្សាយពីវិស័យនេះយ៉ាងណាក៏ដោយ»។ នេះជាប្រសាសន៍សម្ដេច ហ៊ុន សែន មុននឹងសម្ដេចបន្តដូច្នេះថា៖«រដ្ឋាភិបាលសម្រេចដកការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេយ៍ ក្នុងប្រតិបត្តិការផ្លូវដែក ហើយរដ្ឋាភិបាលសម្រេចប្រគល់ការធ្វើប្រតិបត្តិការផ្លូវដែកទៅឲ្យក្រសួងសាធារណការជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងដំណើរការឡើងវិញ មុននឹងឈានដល់ការដាក់ឲ្យដេញថ្លៃជាសាធារណៈ ជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់មកសហការជាមួយរដ្ឋាភិបាល សំដៅធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជាមមានស្ដង់ដារអន្តរជាតិ»។
ប៉ុន្តែប្រមុខរដ្ឋាភិបាលបញ្ជាក់ថា រឿងដកសិទ្ធិអាជីវកម្មផ្លូវដែកពី Royal Railways នេះ គេមិនត្រូវមានការភាន់ច្រឡំណាមួយទៅលើលោក គិត ម៉េង ដែលជាប្រធានក្រុមហ៊ុននេះនោះទេ។ សម្ដេចលើកឡើងថា លោក គិត ម៉េង បានទទួលថ្មបាក់ពីអ្នកវិនិយោគអូស្ត្រាលី។
បើតាមសម្ដេច ហ៊ុន សែន កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានធ្វើសម្បទានគម្រោងផ្លូវដែកទៅឲ្យក្រុមហ៊ុនមួយពីអូស្ដ្រាលី ដើម្បីពង្រឹងការដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា តែនៅឆ្នាំ២០១៤ ក្រុមហ៊ុននេះបានបង្វែរភាគហ៊ុន ៥៥ភាគរយទៅឲ្យក្រុមហ៊ុន Royal Group ដែលធ្វើឲ្យក្រុមហ៊ុនរបស់លោក គិត ម៉េង កាន់កាប់ភាគហ៊ុនទាំងស្រុងចាប់ពីពេលនោះមក។
«កុំថាខ្ញុំបន្ទោសឧកញ៉ា គិត ម៉េង គឺអត់ទេណា ដោយសារស្ថានភាពវាតម្រូវ។ អាថូល (ក្រុមហ៊ុនអូស្ដ្រាលី) ដកខ្លួនចេញ មិនដឹងនរណាជួស ក៏ គិត ម៉េង ទិញយកទៅ។ ឥឡូវនេះបើទុកឲ្យ គិត ម៉េង តទៅទៀតមានតែដួលរលំទាំងអស់គ្នា ផ្លូវដែកក៏រលំ ហើយការដឹកជញ្ជូនតាមផ្លូវដែក បន្ថយការកកស្ទះ បន្ថយតម្លៃ ក៏ទៅមិនរួច។ សូមលោកឧកញ៉ាយោគយល់ លោកឧកញ៉ារួចខ្លួនទៅវិញទេ ព្រោះលោកទទួលថ្មបាក់ពីគេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com