កីឡាជាតិ
ជាតិ
គ្រូវិសាខាថា ត្រៀមខ្លួនបានល្អ តែមិនហ៊ានមើលស្រាលគីរីវង់ ខ្សែប្រយុទ្ធ Coulibaly Souleymane អ្នករកគ្រាប់បានច្រើនជាងគេក្នុងសប្តាហ៍ទី១ ក្រោយរកបាន៣គ្រាប់ឲ្យគីរីវង់
× គ្រូបង្វឹកក្រុមវិសាខា អះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ក្រុមគីរីវង់សុខសែនជ័យ នាជំនួបសប្តាហ៍ទី២នៃពានរង្វាន់ក្របខណ្ឌកំពូលកម្ពុជានៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែហាក់មិនហ៊ានមើលស្រាលសមត្ថភាពក្រុមទើបឡើងថ្មីនេះឡើយ។ នៅថ្ងៃនេះដែរក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)ប៉ះអាស៊ីអឺរ៉ុបនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈក្រុមណាហ្គាវើលតទល់ជាមួយក្រសួងការពារជាតិ(ទ័ព)នៅកីឡដ្ឋានស្តាតចាស់។
លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុមវិសាខាបាននិយាយថា ក្រុមលោកបានហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមរួចរាល់ហើយ ក្នុងការស្វាគមន៍ក្រុមចំណូលថ្មីគីរីវង់សុខជ័យនៅសប្តាហ៍នេះ។ ទោះបីក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ ទើបត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសឲ្យលេងក្នុងក្របខណ្ឌកំពូលសាជាថ្មីក៏ដោយ តែលោក សុជីវ័ន្ត ហាក់ឲ្យតម្លៃខ្ពស់លើក្រុមនេះថា ជាក្រុមដែលខ្លួនមិនអាចមើលស្រាលបាន។
«យើងបានត្រៀមនូវអ្វីដែលថ្មីរួចរាល់ហើយក្នុងការប្រកួតជាមួយក្រុមគីរីវង់។ មិនសំខាន់ក្រុមណាឈរកំពូលតារាង ឬបាតតារាងនោះទេ ព្រោះវាជាការប្រកួតលើកទី១ យើងមិនអាចវាយតម្លៃថា ក្រុមណាមានសមត្ថភាពខ្លាំងជាងក្រុមណានោះទេ សំខាន់លើខ្លួនយើង ត្រូវរៀបចំឲ្យបានល្អដើម្បីប្រកួតជាមួយគេ»។ នេះជាការលើកឡើងរបស់លោក ហុក សុជីវ័ន្ត។
សម្រាប់លោក ហុក សុជីវ័ន្ត ក្នុងរដូវកាលថ្មីនេះ ទាំងក្រុមចាស់និងក្រុមចំណូលថ្មីសុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អ ពោលគឺពុំមានក្រុមណាខ្លាំងដាច់គេ ហើយឈ្នះគ្រប់ការប្រកួតនោះទេ។ គ្រូបង្វឹករូបនេះបានរៀបរាប់ដូច្នេះថា៖«ខ្ញុំជឿជាក់ថា ក្នុងរដូវកាលនេះគ្មានក្រុមមួយណាប្រាកដខ្លួនថា ត្រូវតែឈ្នះគ្រប់ការប្រកួតនោះទេ។ ព្រោះគ្រប់ក្រុមទាំងកំពង់ចាម ឬគីរីវង់ ដែលទើបឡើងមកថ្មីសុទ្ធតែបានត្រៀមខ្លួនល្អដូចគ្នា គឺពួកគេមានគ្រូបង្វឹក និងកីឡាករបរទេសល្អៗ ដូច្នេះគ្រប់ក្លិបស្ទើរតែប្រហាក់ប្រហែលគ្នា»។
ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅឆ្នាំ២០១៨ ខាងលើ ត្រូវបើកទ្វារកីឡដ្ឋានវិសាខាស្វាគមន៍ក្រុមគីរីវង់សុខសែនជ័យ នាជំនួបសប្តាហ៍ទី២នៃពានរង្វាន់ក្របខណ្ឌកំពូលកម្ពុជានៅម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ។ សម្រាប់ជំនួបបើកឆាកវិសាខាបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ ជាមួយក្រុមសូលទីឡូអង្គរ ខណៈគីរីវង់សុខសែនជ័យយកឈ្នះក្រុមយុវជន U18 បាទីក្នុងលទ្ធផល ៤-១។
នៅថ្ងៃសៅរ៍នេះដែរ ក្រុមណាហ្គាវើល ដែលយកឈ្នះអាស៊ីអឺរ៉ុប ១-០ នាជំនួបបើកឆាក ត្រូវប្រើប្រាស់កីឡដ្ឋានស្តាតចាស់ ដើម្បីតទល់ជាមួយក្រុមក្រសួងការពារជាតិ ដែលស្មើ ១-១ ជាមួយអង្គរថាយហ្គឺរសប្តាហ៍មុន នៅម៉ោង៦ល្ងាច។ ចំណែកក្រុមអគ្គស្នងការនគរបាលជាតិប៉ះអាស៊ីអឺរ៉ុបនៅម៉ោង៣:៣០នាទីរសៀល នាកីឡដ្ឋានអាស៊ីអឺរ៉ុប៕
Tag:
បាល់ទាត់
ហុក សុជីវ័ន្ត
Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com