ជាតិ
កុមារអាយុ៥ឆ្នាំ ដែលសិក្សាសាលាមត្តេយ្យធា្លក់ចុះជាង៥ភាគរយ នៅឆ្នាំ២០១៩ រូបភាពបានពីហ្វេសប៊ុក
× ភ្នំពេញ៖ កុមារអាយុ៥ឆ្នាំ ដែលបានទទួលសេវាអប់រំពីសាលាមត្តេយ្យមានចំនួន១៩១,៨៣២នាក់ ដែលស្មើនឹង៦៣,១ ភាគរយ នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩។ ចំនួននេះ បានធា្លក់ចុះ៥,៤ភាគរយ បើធៀបទៅនឹងឆ្នាំសិក្សា២០១៧-២០១៨ ដែលមានរហូតដល់៦៨,៥ភាគរយ។នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
តួលេខនេះ បង្ហាញថា កុមារអាយុ៥ឆ្នាំ ដែលទទួលបានការអប់រំនេះ មិនដូចការកំណត់ផែនការរបស់ក្រសួងអប់រំ ដែលបានទិសដៅឲ្យមានកុមាររហូត៧០ភាគរយ ទទួលបានសេវាអប់រំ។
បញ្ហាប្រឈមធំៗ៥ចំណុច ដែលធ្វើឱ្យគោលដៅសិក្សារបស់សិស្សថ្នាក់មត្តេយ្យចាប់ពីអាយុ៣-៥ឆ្នាំ របស់ក្រសួងអប់រំ មិនសម្រេចនេះ រួមមាន៖ ១. ហេដ្ឋារចនាសម្ព័ន្ធមត្តេយ្យសិក្សា និងការបណ្តុះបណ្តាលគ្រូមិនឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រីកសេវាអប់រំ។ ២.ការអនុវត្ត ការគ្រប់គ្រងតាមសាលារៀនកម្រិតមត្តេយ្យសិក្សា មិនឆ្លើយទៅនឹងគុណភាពរៀន និងបង្រៀន។ ៣. កង្វះធនធានក្នុងការអនុវត្តប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃសិស្ស។ ៤. ការអនុវត្តកិច្ចគាំពារ និងអភិវឌ្ឍកុមារតូចបែបពហុវិស័យមិនទាន់មានលក្ខណៈប្រទាក់ក្រឡាគ្នា និងចុងក្រោយ កម្មវិធីអន្តរាគមន៍សេវាអប់រំកុមារតូចមួយចំនួនពុំទាន់មាននិរន្តភាព។
ក្រៅពីកុមារអាយុ៥ឆ្នាំ ក៏មានកុមារអាយុ៣-៤ឆ្នាំ មិនសម្រេចទៅតាមផែនការរបស់ក្រសួងអបរំផងដែរ។ ពិសេសកុមារអាយុ៣ឆ្នាំបានចូលរៀនត្រឹមតែ ១៨,៥ភាគរយប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំសិក្សា២០១៧-២០១៨ មានចំនួន២១,៨ភាគរយ។
យោងតាមរបាយការណ៍ដដែល ឆ្នាំសិក្សា២០១៨-២០១៩ សាលាមត្តេយ្យសិក្សាគ្រប់រូបភាពមាន៧ ៧៨០សាលា។ ក្នុងនោះមាន មត្តេយ្យសិក្សារដ្ឋ ចំនួន៤ ៣០១សាលា មត្តេយ្យសិក្សាឯកជនមាន ៥០៩កន្លែង និងមត្តេយ្យសិក្សាសហគមន៍មាន ២,៩៧០កន្លែង ដែលមាននៅទីតាំង១, ០៨៩ឃុំ-សង្កាត់ ក្នុងចំណោម១,៦៤៦ឃុំ-សង្កាត់។ ជាមួយគ្នានេះ កុមារអាយុ៣-៥ឆ្នាំ ដែលបានចូលរៀនក្នុងមត្តេយ្យសិក្សារដ្ឋមាន ចំនួន២១៥,០៧៤នាក់ ក្នុងនោះកុមារអាយុ៥ឆ្នាំមាន ១៣៦,០៥៦នាក់។ មត្តេយ្យសិក្សាឯកជនមាន ជិត៤ម៉ឺននាក់ ក្នុងនោះកុមារអាយុ៥ឆ្នាំមាន ជាង១,៧ម៉ឺននាក់ និងមត្តេយ្យសិក្សាសហគមន៍មាន ជាង៦,៧ម៉ឺននាក់ ក្នុងនោះមានកុមារអាយុ៥ឆ្នាំជិត២២,៩ពាន់នាក់៕
Tag:
អប់រំ
កុមារ
មត្តេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com