អត្ថបទពាណិជ្ជកម្ម
សង្ក្រាន្ត​ខេត្ត​កែប ត្រៀមខ្លួន​ជាស្រេច​ស្វាគមន៍​ទេសចរ​ពី​គ្រប់ទិសទី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​
31, Mar 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្ត​កែប បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ពី​គ្រប់ទិសទី ចូលរួម​លេង​កម្សាន្ត​សប្បាយ នៅក្នុង​ព្រឹត្តិការណ៍ សង្ក្រាន្ត​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បង្កើត​ការជួបជុំ​ប្រមូលផ្តុំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ ផ្តួចផ្តើមឡើង​ដោយ​រដ្ឋបាលខេត្ត​កែប សហការ​ជាមួយ ក្រុមហ៊ុន A&S Advertising និង​ទទួលបាន​ការឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រា​បៀ​អង្គរ និង​ភេសជ្ជៈ Pepsi​។​
 
​នៅក្នុង​រយៈពេល​៣​ថ្ងៃនេះ សង្ក្រាន្ត​ខេត្ត​កែប​នឹងមាន​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន ដូចជា​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ ការ​រាំលេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់​ប្រពៃណី​ខ្មែរ ការ​រាំលេង​កម្សាន្ត​ជាមួយ​DJ និង​បទ​ចម្រៀង​បែប​ពេញនិយម ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​ផងដែរ​។ លើសពីនេះ នឹងមាន​ការបាញ់​កាំជ្រួច​នៅពេល​រាត្រី ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប និង​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​រំភើប​រីករាយ និង​ទាក់ទាញ​។  ដូច្នេះ​កុំ​ភ្លេច​ចូលរួម​លេង​ល្បែ​ប្រជាប្រិយ​ខ្មែរ និង​រាំលេង​កម្សាន្ត​នូវ​ចង្វាក់​ប្រពៃណី នៅ​សង្ក្រាន្ត​ខេត្ត​កែប ឲ្យ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា​។​


 
​ក្រៅតែពី​ការរៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ រដ្ឋបាលខេត្ត​កែប ក៏បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ផងដែរ​។ កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​ត្រូវបាន​ត្រៀម​រួចជាស្រេច ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់ នៅក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​ចុះ​អប់រំ និង​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដទៃទៀត  យកចិត្តទុកដាក់​ផ្តល់​សេវា​ឲ្យ​ល្អ​បំផុត​ជូន​ភ្ញៀវទេសចរ  ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងមូល​ផងដែរ​។​
 
​ដឹង​តែ សប្បាយ​ឲ្យ​អស់ដៃ​ហើយ សង្ក្រាន្ត​ខេត្ត​កែប​លើក​ទី​១ មានកម្ម​វិធី​ប្រពៃណី​ច្រើន​ហើយ​មិនបាច់​ភ័យ​រឿង​សន្តិសុខ និង​កន្លែង​ស្នាក់នៅ​នោះទេ​។ ធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក ចូលរួម​លើកកម្ពស់​ទេសចរណ៍​ក្នុ​ប្រទេស និង​ជំរុញ​សេដ្ឋកិច្ចជាតិ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com