កីឡាជាតិ
ជាតិ
ហាប់​គី​ដូ​ដង្ហោយ​រក​ជំនួយ​គាំទ្រ ខណៈ​ខ្លួន​គ្មាន​ទីលាន​ហ្វឹកហាត់ និង​ស្នាក់ការ​ត្រឹមត្រូវ​
31, Mar 2019 , 7:59 am        
រូបភាព
រូបភាពពីសហព័ន្ធខ្មែរកីឡាហាប់គីដូ
រូបភាពពីសហព័ន្ធខ្មែរកីឡាហាប់គីដូ
ដោយ:
​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដង្ហោយ​រក​ការជួយ​គាំទ្រ​ពី​ស្ថាប័នរដ្ឋ និង​ឯកជន ខណៈ​បច្ចុប្បន្ន​សហព័ន្ធ​ដែល​ដំណើរ​ដោយសារ​ការបរិច្ចាគ​ថវិកា​ពី​សមាជិក​មួយ​នេះ ពុំទាន់​មាន​ទីលាន​ហ្វឹកហាត់ និង​ទីស្នាក់ការ​សហព័ន្ធ​សម្រាប់ធ្វើ​ការងារ​ត្រឹមត្រូវ​។ ការប្រកាស​ស្វែងរក​ជំនួយ​គាំទ្រ​នេះ បន្ទាប់ពី​សហព័ន្ធ​មិន​អូឡាំពិក​មួយ​នេះ ពុំទាន់​មានឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​ទទួលបាន​ថវិកា​ក្នុងការ​ទ្រទ្រង់​ការហ្វឹកហាត់​របស់​កីឡាករ និង​រៀបចំ​ការប្រកួត​។​

 
​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដែល​បច្ចុប្បន្ន​មានដំណើរ​ការ​ដោយសារ​ការជួយ​គាំទ្រ​ពី​សមាជិក​ប្រតិបត្តិ និង​សប្បុរសជន​នានា​បាន​ដង្ហោយ​រក​ជំនួយ​ពី​ស្ថាប័នរដ្ឋ ឬ​ក្រសួង និង​ឯកជន ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ហាប់​គី​ដូ​នៅ​កម្ពុជា​។ ខណៈ​បច្ចុប្បន្ន​សហព័ន្ធ​នេះ ពុំទាន់​មាន​ប្រភព​ចំណូល​ច្បាស់លាស់​នៅឡើយ ហើយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ចោទ​ជា​បញ្ហា​ផងដែរ​។   


 
​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ពុំទាន់​ទទួលបាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅឡើយ​ទេ​។ កត្តា​នេះ ជាហេតុ​នាំ​ឲ្យ​សហព័ន្ធ ពុំ​ទទួលបាន​ថវិកា​ក្នុង​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ក៏ដូចជា​គោលការណ៍​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​កីឡាករ​ជម្រើសជាតិ​។ បន្ថែម​លើ​បញ្ហា​នេះ សហព័ន្ធ​ក៏​ពុំទាន់​មាន​ទីលាន​ហ្វឹកហាត់ និង​ស្នាក់ការ​សម្រាប់ធ្វើ​ការងា​រ​ជាក់លាក់​ផងដែរ ខណៈ​បច្ចុប្បន្ន​ពួកគេ​កំពុង​ផ្ញើខ្លួន​ហ្វឹកហាត់​នៅ​ទីលានកីឡា​វាយ​កូន​បាល់ និង​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​បញ្ហា​ប្រឈម និង​ការ​ដង្ហោយ​រក​ជំនួយ​គាំទ្រ​ខាងលើ ធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ និង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​។ ក្រៅពី​បញ្ហា​ទាំង​លើ ការខ្វះខាត​លើ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក៏ដូចជា​យុវជន​វ័យក្មេង ក៏​នៅតែ​ជា​បញ្ហា​ចោទ ដែល​សហព័ន្ធ​ត្រូវ​ដោះស្រាយ​ផងដែរ​។​
 
​លោក ម៉ក់ សំអុល ប្រធាន​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដឹកនាំ​កីឡា​នេះ​ឲ្យ​ឈានទៅរក​ភាព​រីកចម្រើន​នាពេល​អនាគត​។ ហើយ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ ប្រធាន​សហព័ន្ធ​រូបនេះ បាន​ចំណាយធនធាន សាងសង់​ទីលាន​ហ្វឹកហាត់​លំដាប់​ស្តង់ដារ​មួយ​នៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
 
​ដើម្បី​ពង្រីក​វិសាលភាព និង​អភិវឌ្ឍន៍​កីឡា​ហាប់​គី​ដូ​ឲ្យ​កាន់តែ​រីកចម្រើន សហព័ន្ធ បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ចំនួន​៦​ចំណុច​រួមមាន បង្កើន​ការទំនាក់ទំនង និង​បង្កើត​ក្លិប​នៅតាម​រាជធានី​-​ខេត្ត និង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម​កម្រិត​ជាតិ​ឲ្យ​បាន​ច្រើន​, រៀបចំ​វគ្គ​បណ្តុះបណ្តាល​ថ្នាល​បន្ថែម​, បង្កើន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ផ្សព្វផ្សាយ​, ជួយ​ពង្រីក​បច្ចេកទេស​ដល់​គ្រូបង្វឹក​នៅតាម​ក្លិប​សមាជិក​, បង្កើន​ទំនាក់ទំនង​ជាមួយ​ស្ថាប័នរដ្ឋ ឯកជន អង្គការ​ជាតិ​និង​អន្តរជាតិ និង​សមាគម​ហាប់​គី​ដូ​ពិភពលោក និង​ខិតខំ​ព្យាយាម​បង្កើត​ឲ្យ​មានការ​ប្រកួត​ជើងឯក និង​ពានរង្វាន់​ណាមួយ​៕


 

Tag:
 ហាប់​គី​ដូ​
  គង់ ចាន់​ធី​ណា
© រក្សាសិទ្ធិដោយ thmeythmey.com