ពីនេះ ពីនោះ
ត្រីព្រួល ៖ ពេលមិនទាន់ពេញវ័យហៅ «ត្រីក្រឡង់» ពេលធំពេញវ័យហៅ «ត្រីព្រួល»
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសក្នុងអាងទន្លេមេគង្គ។
ត្រីព្រួល មានឈ្មោះវិទ្យាសាស្ត្រ (Cirrhinus microlepis) និងឈ្មោះជាភាសាអង់គ្លេស Small scale mud carp។ វាមានប្រវែងដងខ្លួនអតិបរមា ៦៥ស.ម។ ត្រីប្រភេទនេះ វារស់នៅក្នុងទន្លេសធំៗ បឹង បឹងទន្លេសាប និងតំបន់វាលទំនាបលិចទឹក។ ត្រីព្រួល ធ្វើចរាចរផ្លាស់ទីចូលទៅក្នុងព្រៃលិចទឹក ទីដែលពួកវាអាចរកចំណីបានដូចជា ស្លឹករុក្ខជាតិ សត្វល្អិត និងផ្លុងតុងសត្វជាដើមជាអាហារ។ ត្រីព្រួល ជាប្រភេទត្រីដែលនិន្នាការផ្លាស់ទីខ្ពស់ និងជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីចូលទៅក្នុងតំបន់ព្រៃលិចទឹកក្នុងប្រទេសកម្ពុជា។ នៅខាងក្រោមល្បាក់ខោន ពួកវាធ្វើចរាចរផ្លាស់ទីចេញពីភ្នំពេញឆ្ពោះទៅល្បាក់ខោន រវាងខែវិច្ឆិកា និងខែកុម្ភៈ។ ចាប់ពីខែមេសា ដល់ខែកក្កដា ទិសដៅធ្វើចរាចរផ្លាស់ទីរបស់ពួកវាគឺផ្ទុយវិញ ដោយចេញពីល្បាក់ខោន ឆ្ពោះទៅខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ និងចូលក្នុងបឹងទន្លេសាប។ ចាប់ពីខែឧសភា ដល់ខែមិថុនា នៅខេត្តស្ទឹងត្រែង ត្រីព្រួលចាប់ផ្តើមទម្លាក់ពងក្នុងទន្លេមេគង្គ។ ពងរបស់វា បានហូរអណ្តែតតាមទឹក និងញ៉ាស់ជាបណ្តីរៗ ចូលទៅតាមតំបន់វាលទំនាបព្រៃលិចទឹក ជាពិសេស បឹងទន្លេសាប ដើម្បីរកចំណី និងធំធាត់នៅទីនោះ រហូតដល់ពេលទឹកស្រកទើបចេញពីតំបន់វាលទំនាប និងបឹងទន្លេសាបទៅរកកន្លែងលាក់ខ្លួននៅតាមអន្លុងជ្រៅៗ នាតំបន់មេគង្គលើដូចជានៅខេត្តក្រចេះ ស្ទឹងត្រែង និងរតនៈគីរី។
ត្រីក្រឡង់ ឬត្រីព្រួល ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Vulnerable) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលកំពុងរងគ្រោះ ដែលនឹងអាចឈានទៅការផុតពូជ។ កត្តាគំរាមកំហែងចំពោះកំណើតត្រីប្រភេទនេះមានដូចជា ការនេសាទហួសកម្រិតក្នុងអតីតកាល និងការបាត់បង់ទីជម្រកសមរម្យ ដូចជាស្ទឹង ទន្លេ បឹង និងវាលទំនាបព្រៃលិចទឹក ជាដើម ព្រមទាំងការធ្វើឲ្យរាំងស្ទះផ្លូវធ្វើចរាចរផ្លាស់ទីរបស់ពួកវា ពីការសាងសង់ទំនប់វារិអគ្គិសនី ។
ថែមពីលើនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ សុទ្ធតែជាបញ្ហាប្រឈមដល់កំណើនារបស់ពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com