ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ បកស្រាយ​ថា បើ​មិន​ដុត​ខោអាវ​ខុសច្បាប់ គឺ​ដូច​គាំទ្រ​ផលិតផល​ក្លែងក្លាយ​
30, Mar 2019 , 4:45 pm        
រូបភាព
សកម្មភាពដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ។ រូបពីកងរាជអាវុធហត្ថ
សកម្មភាពដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ។ រូបពីកងរាជអាវុធហត្ថ
​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​សារលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​ឈ្មោះ GRK News ដើម្បី​ពន្យល់​ពី​ហេតុផល ដែល​កងរាជអាវុធហត្ថ សម្រេច​ដុតបំផ្លាញ​សម្លៀកបំពាក់​កីឡា​ក្លែងបន្លំ​ដល់​ទៅ​ជាង​២៤០០​កំ​ប្ល៉េ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។


 
​ការ​ចេញមក​ផ្តល់​ហេតុផល​នេះ គឺ​ក្រោយ​មានការ​រិះគន់​ពី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដោយ​ពួកគេ លើក​ជា​យោបល់​ថា បើ​យក​សម្លៀកបំពាក់​ទាំងនោះ ទៅ​ចែកជូន​អ្នកក្រីក្រ គឺ​ប្រសើរ​ជាង​ដុតបំផ្លាញ​។ លោក អេង ហ៊ី ឲ្យ​អ្នក​រិះគន់ ពិចារណា​ថា បើ​យក​សម្លៀកបំពាក់​ទាំងអស់​នោះ ទៅ​ចែកចាយ​ឬ​ធ្វើជា​អំណោយ​ដល់​អ្នកដទៃ គឺ​មានន័យថា សមត្ថកិច្ច ឬ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គាំទ្រ​ផលិតផល​ក្លែងក្លាយ​។ 
 
​លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​មានការ​គិតគូរ​វែងឆ្ងាយ និង​ស្របតាម​ផ្លូវច្បាប់​ផង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ស្នើសុំ​អយ្យការ ដើម្បី​បំផ្លាញ​សម្លៀកបំពាក់ ដែល​ចាប់បាន​ទាំងនោះ​»​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក បាន​ប្រាប់​ឲ្យ​សាធារណជន ទាក់ទង​ទៅ​សួរ​លោក​បន្ថែម បើ​មិនទាន់​អស់ចិត្ត​ឬ​មិនទាន់​យល់​ពី​ហេតុផល​នេះ​។ 


 
​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែម​តាម​ទូរ​សព្ទ​ថា សម្លៀកបំពាក់​ទាំងនោះ គឺជា​សម្លៀកបំពាក់​កីឡា​ទាំងអស់ ដែល​បានដាក់​រូប​សញ្ញា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ ដោយ​គ្មាន​ការអនុញ្ញាត​។ លោក បញ្ជាក់ថា​៖«​បើ​មានការ​អនុញ្ញាត យើង​ទៅ​ចាប់​គេ​ម៉េច​កើត​»​។ 
 
​កងរាជអាវុធហត្ថ បាន​រឹបអូស​សម្លៀកបំពាក់​ទាំ​ង​នោះ ពី​ទីតាំង​៣​ផ្សេងគ្នា និង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្នោះ ហេង រស្មី ទៅ​តុលាការ​។ កងរាជអាវុធហត្ថ អះអាងថា សម្លៀកបំពាក់​ខាងលើ គឺជា​សម្លៀកបំពាក់​ក្លែងបន្លំ​ពាណិជ្ជសញ្ញា សេវា​សញ្ញា និង​ម៉ាក​សមូហភាព ឬ​ពាណិជ្ជ​នាម ដែល​ខុស​ទៅនឹង​ច្បាប់​។ 
 
​កងរាជអាវុធហត្ថ លើកឡើងថា ការបង្ក្រាប​និង​ការបំផ្លាញ​សម្លៀកបំពាក់​ទាំងនោះ គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​កម្មសិទ្ធិបញ្ញា និង​ជាស​ញ្ញា​មួយ ដែល​បញ្ជាក់ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ហើយ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្លែងបន្លំ គឺ​ដាច់ខាត​ត្រូវតែមាន​ការបង្ក្រាប​៕ 
 

Tag:
 កងរាជអាវុធហត្ថ​
  សម្លៀកបំពាក់​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com