ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​៖ ការកាប់​ទន្ទ្រានព្រៃ​ក្នុង​តំបន់​នៅតែមាន​
30, Mar 2019 , 7:19 pm        
រូបភាព
 អាជ្ញាធរ​ជាតិ​អប្សរា​៖ ការកាប់​ទន្ទ្រានព្រៃ​ក្នុង​តំបន់​នៅតែមាន​
អាជ្ញាធរ​ជាតិ​អប្សរា​៖ ការកាប់​ទន្ទ្រានព្រៃ​ក្នុង​តំបន់​នៅតែមាន​
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រៅពី​បទល្មើស​លួច​សង់ផ្ទះ​នៅ​តំបន់​ការពារ​ហើយ​នោះ ក្នុងនោះ​ការកាប់​ទន្ទ្រានព្រៃ​ក៏​ជា​បញ្ហា​ចោទ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ យោងតាម​ការចុះផ្សាយរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ការកាប់​ទន្ទ្រានព្រៃ នៅតែ​ពិបាក​ក្នុងការ​ទប់ស្កាត់ និង​បង្ការ​។

 
​ក្នុង​ខ្លឹមសារ​អត្ថបទ​ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ មីនា អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា ការបំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អង្គរ គឺ​កើតចេញពី​ការកាប់​ទន្ទ្រាន​ដីព្រៃ​រមណីយដ្ឋាន​យក​ធ្វើជា​កម្មសិទ្ធិ​។ ហើយ​ការកាប់​នោះ ធ្វើឡើង​ដោយ​ប្រជាពលរដ្ឋ ខ្លះ​ជា​អ្នកស៊ីឈ្នួល​ឱ្យ​ឈ្មួញ ឬ​អ្នកទិញ​ដី​ទុក បំណង​ដើម្បី​ធ្វើ​លំនៅដ្ឋាន ធ្វើ​ចម្ការ និង​លក់ដូរ​ខុសច្បាប់​។ 
 
​ចំពោះ​ទីតាំង​ដែល​កើតមាន​ករណីនេះ​ជា​ញឹកញាប់ រួម​មាននៅ​តំបន់​ភូមិ​ក្រ​វ៉ាន់​កែង​ផ្លូវ​៦០​ម៉ែត្រ ភូមិ​អារក្ស​ស្វាយ ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ភូមិ​គោក​បេង ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ភូមិ​ភ្លង់ គោក​គ្រើល ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ភូមិ​គិរី​មាន​ន្ទ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​។​ល​។​
 
​លោក គឹម​ស៊ី មន្ត្រី​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អា​ជ្ញ​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា ករណី​ដែល​ទប់ស្កាត់បាន​បទល្មើស​ជាក់ស្តែង​នាពេល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការណែនាំ ដោយ​រៀបចំ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​បទល្មើស និង​ក្នុងករណី​មិន​រាងចាល ដោយ​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស គឺ​បញ្ជូន​ទៅកាន់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​អនុវត្ត​និតិ​វិធី​បន្ត​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com