កីឡាអន្តរជាតិ
អន្តរជាតិ
នៅសល់៦ប្រកួតទៀត តែ Huddersfield ធ្លាក់ចេញពី Premier League ហើយ
× Huddersfield Town បានធ្លាក់ចេញពីក្របខណ្ឌ Premier League បន្ទាប់ពី Luka Milivojevic និង Patrick van Aanholt ជួយឲ្យ Crystal Palace ឈ្នះ ២-០ នៅទឹកដី Selhurst Park។ បរាជ័យ និងការធ្លាក់ចេញពីក្របខណ្ឌកំពូលយ៉ាងឆាប់រហ័សនេះ ស្របពេលដែលក្រុមនៅតំបន់គ្រោះថ្នាក់ដូចគ្នា គឺ Burnley និង Southampton សុទ្ធតែដណ្តើមបាន៣ពិន្ទុរៀងៗខ្លួន។
Huddersfield បានក្លាយជាក្រុមទីពីរបន្ទាប់ពី Derby County កាលពីឆ្នាំ២០០៨ ដែលបានធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ជាមួយនឹងការប្រកួត៦លើកទៀតដែលនៅសេសសល់។
ប្រកួតបាន៣២សប្តាហ៍ Huddersfield រកបានត្រឹមតែ១៤ពិន្ទុប៉ុណ្ណោះ ខណៈ Burnley ដែលឈ្នះ Wolverhampton ២-០ និង Southampton ដែលបានស៊ី Brighton ១-០ ឈរពីលើតំបន់សុវត្ថិភាពបណ្តោះអាសន្ន ដោយមាន៣៣ពិន្ទុរៀងៗខ្លួន។
Fulham ដែលបានចាញ់ Manchester City ២-០ ក៏កំពុងប្រឈមទៅលេងក្របខណ្ឌលំដាប់ទីពីរវិញផងដែរ ដោយមានត្រឹម១៧ពិន្ទុក្នុង៣២ប្រកួត រីឯ Cardiff មាន២៨ពិន្ទុ ក្នុង៣០ប្រកួត។
Huddersfield ឡើងមកលេងនៅ Premier League កាលពីឆ្នាំ២០១៧ តាមរយៈការឈ្នះប្រកួតជម្រុះ Play-off នៅ Championship។ កាលពីរដូវកាលមុន ពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com