បន្ទាយមានជ័យ៖ អស់រយៈកាល៥ឆ្នាំមកហើយ ដែលកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់សិស្សវិទ្យាល័យ និងកុមារ ត្រូវបានបង្កើតឡើង។ គម្រោងនេះ ដឹកនាំដោយអង្គការគាំពារកេរមរតក សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុវត្តន៍នៅវិទ្យាល័យ និងសាលាបឋមសិក្សាបន្ទាយឆ្មារ។ កម្មវិធីនេះចេញពីលទ្ធផលនៃគម្រោងស្រាវជ្រាវផ្លូវបុរាណរវាងខ្មែរ និងថៃ ដែលមានអាជ្ញាធរជាតិអប្សរាជាបង្គោល។ យុវសិស្សដែលកំពុងទទួលការអប់រំពីបេតិកភណ្ឌយល់ថា ពួកគេមានកាតព្វកិច្ចស្វែងយល់ពីតម្លៃវប្បធម៌ អរិយធម៌របស់ខ្លួន ហើយត្រូវការពារតម្លៃទាំងនេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីតំបន់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដូចតទៅ៖
កម្មវិធីអប់រំបេតិកភណ្ឌនៅបន្ទាយឆ្មារ បានចាប់ផ្តើមនៅឆ្នាំ២០១៥ ដែលបន្ដពីគម្រោងស្រាវជ្រាវផ្លូវបុរាណពីតំបន់អង្គរទៅភិម៉ាយ រវាងខ្មែរ និងថៃ។ គម្រោងនេះ បណ្ដុះបណ្ដាលឱ្យសិស្សរស់នៅតំបន់ដែលមានបេតិកភណ្ឌតាមព្រំដែននេះ ស្វែងយល់ពីតម្លៃទាំងនោះ និងឱ្យសិស្សផ្លាស់ប្ដូរការសិក្សាពីវប្បធម៌គ្នា។ ឧទាហរណ៍ បើនិយាយពីមរតកអរូបី បើស្រុកខ្មែរមានពិធីសុំទឹកភ្លៀង តើនៅថៃមានពិធីនេះទេ។ល។
លោក អ៊ុន មុន្នីនីតា នាយកប្រតិបត្តិនៃអង្គការគាំពារកេរមរតក បានឱ្យដឹងថា គម្រោងអប់រំបេតិកភណ្ឌនេះចែកជា២ផ្នែក គឺការអប់រំសម្រាប់សិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១០ ដល់ទី១២ និងសិស្សថ្នាក់បឋមពីថ្នាក់ទី៥ ដល់ទី៦។ ការបណ្ដុះសម្រាប់សិស្សវិទ្យាល័យ ដើម្បីឱ្យពួកគេក្លាយជាគ្រូបង្គោលសម្រាប់សិស្សបឋម ក៏ដូចជាចងក្រងឯកសារបេតិកភណ្ឌនៅតំបន់របស់ខ្លួន និងយកលទ្ធផលដែលស្រាវជ្រាវបានទៅបង្រៀនបន្ដដល់ក្មេងជំនាន់ក្រោយៗទៀត។ សម្រាប់លោក មុន្នីនីតា កម្មវិធីអប់រំបេតិកភណ្ឌនេះសំខាន់ណាស់ ដែលធ្វើឱ្យកូនសិស្សរស់នៅតំបន់នេះ ភ្ញាក់ខ្លួនថាគេកំពុងរស់នៅកន្លែងណា ហើយនិងធ្វើអ្វីបន្ដសម្រាប់តម្លៃទាំងនោះ។
ដូចបានជម្រាបខាងដើមដូច្នោះ គឺកម្មវិធីអប់រំបេតិកភណ្ឌនៅបន្ទាយឆ្មារនេះ មានរយៈពេល៥ឆ្នាំមកហើយ ហើយលទ្ធផលនៃកម្មវិធីនេះ ក៏ក្រែលដែរ។ លោក មុន្នីនីតា បានលើកឡើងថា កម្មវិធីនេះលោកទទួលការកោតសរសើរជាច្រើនពីអាជ្ញាធរ។ កម្មវិធីនេះ បានបណ្ដុះឱ្យកុមារយល់ពីតម្លៃបេតិកភណ្ឌ ហើយគេក៏ដើរតួយ៉ាងសំខាន់ក្នុងការការពារសម្បត្តិវប្បធម៌ បេតិកភណ្ឌទាំងនោះផងដែរ។ «យើងមានស្ថាប័នបច្ចេកទេសទទួលបន្ទុកផ្នែកវប្បធម៌... ប៉ុន្តែពួកគាត់មិនអាចនៅប្រចាំការក្នុងតំបន់២៤ម៉ោងបានទេ ចឹងមានតែអ្នកស្រុកទេដែលនៅជាប្រចាំ គាត់ក្លាយជាច្រមុំត្រចៀកសម្រាប់ជួយការពារ។ ពេលគាត់ស្រឡាញ់ គឺចេះការពារ គាត់មិនបំផ្លាញដោយចេតនា ហើយប្រសិនបើជួបហេតុការណ៍ដូចជាការគាស់ លួច គាត់ជួយរាយការណ៍ទៅសមត្ថកិច្ចថែមទៀត»។ លោក មុន្នីនីតា បន្ថែម។
ក្រៅពីទទួលស្គាល់ពីចំណុចវិជ្ជមានដែលកើតចេញពីកម្មវិធីអប់រំបេតិកភណ្ឌហើយនោះ ក្នុងនោះដែរ នាយកប្រតិបត្តិនៃអង្គការគាំពារកេរមរតក ក៏សង្កេតឃើញថា យុវជនដែលមានចំណេះដឹងផ្នែកវប្បធម៌ រមែងគិតពិចារណាបានវែងឆ្ងាយ សម្រេចចិត្តបានត្រឹមត្រូវ និងមានភាពវៃឆ្លាតពេលគេបន្ដការសិក្សាទៅថ្នាក់ខ្ពស់។ល។ ជាងនេះទៅទៀតនោះ ក៏បានបណ្ដុះឱ្យយុវជនក្លាយជានគរបាលបេតិកភណ្ឌយ៉ាងដូច្នោះដែរ ដ្បិតពួកគេមានការយល់ដឹងច្រើនលើផ្នែកនេះ។
យុវសិស្ស ពន្លក ប៉ូលីន រៀនថ្នាក់ទី១១ នៅវិទ្យាល័យបន្ទាយឆ្មារ ដែលកំពុងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌ បានលើកឡើងថា ការអប់រំនេះបានផ្តល់ចំណេះដឹងផ្នែកវប្បធម៌ ឱ្យយល់ដឹងពីមនុស្សបុរាណ ក៏ដូចជាបង្ហាញដល់រូបគេឱ្យដឹងពីអ្វីដែលនៅជុំវិញគេ ពិសេសប្រាប់ពីអ្វីជាតម្លៃបេតិកភណ្ឌ និងមរតកដូនតា។ ជិត២ឆ្នាំមកនេះ ប៉ូលីន បានរៀនពីពិធីសាសនាផ្សេងៗ ស្គាល់ពីអ្វីជាសម្បត្តិបេតិកភណ្ឌ ក៏ដូចជាស្គាល់ពីភូមិសាស្ដ្រដែលគេកំពុងរស់នៅសព្វថ្ងៃ។ ប៉ូលីន ថា វាពិតជាមានសារសំខាន់ណាស់ដែលរូបគេ ក៏ដូចជាយុវជនទាំងអស់យល់ពីតម្លៃនៃវប្បធម៌ខ្លួនឯង។
រីឯយុវសិស្ស វឿ ណាវិន អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១១ ដូចប៉ូលីនដែរនោះ ក៏ចាប់អារម្មណ៍ចំពោះកម្មវិធីអប់រំនេះដែរ។ ណាវិន ថា ក្នុងនាមគេជាយុវជននៅតំបន់ប្រាសាទបន្ទាយឆ្មារនេះ គេត្រូវមានវិធានការការពារបេតិកភណ្ឌ ក៏ដូចជាណែនាំឱ្យក្មេងៗជំនាន់ក្រោយឱ្យស្គាល់អំពីគុណតម្លៃទាំងនោះ។ ការអប់រំនេះ ក៏ស្របតាមគោលបំណងរបស់ ណាវិន ផងដែរ ដែលគេចង់ក្លាយខ្លួនជានគរបាលបេតិកភណ្ឌទៅថ្ងៃខាងមុខ។
ខ្ញុំបានជួបសម្ភាសជាមួយយុវសិស្សម្នាក់ទៀត គឺយុវសិស្ស សុក ស្រីពៅ។ ស្រីពៅដែលមានបំណងក្លាយជាគ្រូបង្រៀន និងប៉ូលិសនោះ បានប្រាប់ថា ប្រសិនបើគេក្លាយជាគ្រូបង្រៀន នោះគេនឹងធ្វើជាគ្រូដើម្បីបង្រៀនឱ្យក្មេងៗក្រោយៗ យល់ដឹងពីតម្លៃបេតិកភណ្ឌ។ ស្រីពៅថា ក្នុងនាមជាយុវជន គឺសំខាន់ណាស់ក្នុងការការពារតម្លៃបេតិកភណ្ឌរបស់ខ្លួន ទាំងការងារអភិរក្ស និងអភិវឌ្ឍន៍ ហើយគេគួរមានមោទនភាពចំពោះតម្លៃទាំងនោះ ធ្វើយ៉ាងណាថែរក្សាឱ្យបានគង់វង្សទៅអ្នកជំនាន់ក្រោយ។
ក្នុងកម្មវិធីអប់រំបតិកភណ្ឌនៅបន្ទាយឆ្មារនេះដែរ ជាមធ្យមក្នុងមួយឆ្នាំគម្រោងនេះបានបណ្ដុះបណ្ដាលសិស្សនៅថ្នាក់វិទ្យាល័យចំនួន ១៨នាក់ និងសិស្សថ្នាក់បឋមចំនួន ១៧០នាក់។ ក្នុងឆ្នាំ២០១៨ គម្រោងនេះក៏បានពង្រីកការអប់រំមកដល់រមណីយដ្ឋានអង្គរ នាខេត្តសៀមរាបផងដែរ ដែលជាកិច្ចសហការរៀបចំដោយអង្គការគាំពារកេរមរតក និងអាជ្ញាធរជាតិអប្សរា។ ហើយសាលាដែលកំពុងទទួលបានការអប់រំផ្នែកនេះ មាននៅវិទ្យាល័យនគរធំ សាលាបឋមសិក្សាស្រះស្រះ និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសាលាបឋមសិក្សារលួស ដែលទើបអនុវត្តន៍ការបង្រៀនពីដើមឆ្នាំ ២០១៩នេះ៕