កីឡាជាតិ
ជាតិ
ក្រសួងអប់រំ រំពឹងកីឡា៨ប្រភេទ ដណ្តើមបានមេដាយនៅស៊ីហ្គេមឆ្នាំនេះ
× កីឡាសក្តានុពលចំនួន៨ប្រភេទ ត្រូវបានថ្នាក់ដឹកនាំកីឡាកម្ពុជា ដាក់គោលដៅជាមួយក្តីរំពឹងក្នុងការប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំនេះ។ ក្នុងចំណោមកីឡាសក្តានុពលទាំងនេះភាគច្រើនជាប្រភេទកីឡា ដែលទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី។
កីឡាតេក្វាន់ដូ ប៉េតង់ ចំបាប់ ប្រដាល់គុនខ្មែរ សីដក់ វាយកូនបាល់ ប្រដាល់សកល និងជីជិតស៊ូ ត្រូវបានក្រសួងអប់រំ យុវជននិងកីឡាដាក់ក្តីរំពឹងក្នុងការប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៩នេះ។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងបទបង្ហាញស្តីពី ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ នាសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
ភាគច្រើននៃប្រភេទកីឡាទាំងនេះ សុទ្ធសឹងជាកីឡាសក្តានុពល ដែលដណ្តើមបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នៅម៉ាឡេស៊ីឆ្នាំ២០១៧ និងកីឡា Asian Games នៅឥណ្ឌូណេស៊ីឆ្នាំ២០១៨។ ក្នុងនោះកីឡាប៉េតង់ដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣, ប្រដាល់គុនខ្មែរមាស១ ប្រាក់១ និងសំរឹទ្ធ២, តេក្វាន់ដូមាស១ និងសំរឹទ្ធ២, សីដក់មេដាយសំរឹទ្ធ២, ប្រដាល់សកល និងវាយកូនឃ្លីលើតុទទួលបានមេដាយសំរឹទ្ធម្នាក់មួយ ខណៈកីឡាជឺជិតស៊ូដណ្តើមបានមេដាយមាស១ នាការប្រកួតកីឡា Asian Games។
នាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ កម្ពុជាបញ្ចប់ក្នុងចំណាត់លេខ៨ក្នុងតារាងមេដាយសរុប ក្រោយដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២។ ខណៈម្ចាស់ផ្ទះម៉ាឡេស៊ីឈរកំពូលតារាងក្រោយដណ្តើមបានមេដាយមាស១៤៥ ប្រាក់៩២ និងសំរឹទ្ធ៨៦ ដែលតាមពីក្រោយដោយថៃ(មាស៧២ ប្រាក់៨៦ សំរឹទ្ធ៨៨) វៀតណាម(មាស៥៨ ប្រាក់៥០ សំរឹទ្ធ៦០) និងសិង្ហបុរី(៥៧, ៥៨, ៧៣)៕
Tag:
SEA Games 2019
ហ្វីលីពីន
ក្រសួងអប់រំ យុវជន និងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com