ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ដោយ​ទទួលទាន​អាហារ​ទាំងនេះ​
31, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវការ​ការមើល​ថែ និង​យកចិត្តទុកដាក់​ជាពិសេស ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង ឬ​រស់​បានយូរ​។  ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ជៀស​ផុតពី​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងៗ​ដែល​គម្រាមកំហែង​ដល់​អាយុជីវិត​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ជៀសផុត​ពី​បញ្ហា​ផ្សេងៗ ៖

 
១. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, អូ​មេ​ហ្គា ៣ DHA និង EPA ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​បេះដូង​, ជំងឺ​បេះដូង​ដទៃទៀត រួមទាំង​បញ្ហា​សម្ពាធ​ឈាម​ផងដែរ​។ ហើយ​ត្រី​សាល​ម៉ុ​ន​ស្រស់ គឺ​ប្រសើរ​ជាង​ត្រី​សាល​ម៉ុ​ន​កំប៉ុង ក៏​ព្រោះ​ភាគច្រើន​ត្រី​សាល​ម៉ុ​ន​កំប៉ុង​មាន​ផ្ទុក​សារធាតុ​គីមី​ច្រើន ក៏ដូចជា​សារធាតុ​រក្សាទុក​បានយូ​រ​ដែល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា ត្រី​ធូ​ណា​, ត្រី​សា​ឌី​ន​, ត្រី mackerel ជាដើម ក៏​ល្អ​សម្រាប់​សុខភាព​មនុស្ស​ដែរ​។​
 
២. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​, ជាតិ​ស​សៃ និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ព្រមទាំង​ជាតិ​ខ្លាញ់​ល្អៗ​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​បេះដូង​ល្អ​រឹងមាំ​។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៣. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ គឺជា​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated, ជាតិ​ស​សៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​សុខភាព​ស​សៃ​ឈាម និង​បេះដូង​ផងដែរ​។ ផ្លែ​បឺ​រ​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​ស្ទះ​ស​សៃ​ឈាម ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​រាល់ថ្ងៃ​ជាប្រចាំ​។​
 
៤. ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លីវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ខ្លាញ់​ល្អ ហើយ​គ្មាន​ផ្ទុក​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ ដូច្នេះ​វា​ក្លាយជា​ប្រភេទ​នៃ​អាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​។​
 
៥. បន្លែ និង​ផ្លែឈើ​
 
​ការទទួល​ទាន​បន្លែ​ផ្លែឈើ ក៏​ប្រសើរ​បំផុត​សម្រាប់​សុខភាព​បេះដូង​គួរ​ឲ្យ​កត់សម្គាល់​។ បន្លែ​គ្រប់​ប្រភេទ និង​ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, វីតាមីន រួមទាំង​ជាតិ​រ៉ែ និង​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន​ប្រភេទ​ដែល​ប្រសើរ​ណាស់​ចំពោះ​សុខភាព​បេះដូង និង​រាងកាយ​ទាំងមូល​។ ទោះជា​យ៉ាងណា​បន្លែ​ពិសេស​មួយចំនួន​ដូចជា ការ៉ុត​, ប៉េងប៉ោះ​, ផ្កា​ខាត់ណា​ខៀវ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A, B និង C ព្រមទាំង​សារធាតុ beta-carotene ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ស្ទះ​ស​សៃ​ឈាម​បេះដូង​។​
 
៦. តែ​បៃតង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoids​ដែល​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​ល្អប្រសើរ​។ វា​ក៏មាន​លក្ខណៈសម្បត្តិ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com