ជាតិ
សង្គមជាតិ
​សិង្ហ​បុរី​ហៅ​កម្ពុជា​ឲ្យ​ចូល​សមាជិក​អនុសញ្ញា​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ដោយ​ការសម្រុះសម្រួល​
31, Mar 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានរៀបចំ​វគ្គ​សិក្សា​មួយ​អំពី​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​អន្តរជាតិ​តាមរយៈ​ការសម្រុះសម្រួល ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​មន្ត្រី​កម្ពុជា​លើ​ផ្នែក​នេះ ខណៈ​សិង្ហ​បុរី​បានស្នើ​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​អនុសញ្ញា​អន្តរជាតិ​ស្តីពី​កិច្ចព្រមព្រៀង​ដំណោះស្រាយ​តាម​ការសម្រុះសម្រួល​។

 
 
​លោក Chusn Wee Meng អ្នកជំនាញ​ផ្នែក​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ការ​ដោះ​សាយ​វិវាទ​ដោយមាន​ភាគី​ទី​៣​ជា​អ្នកសម្របសម្រួល ជា​គោលនយោបាយ​បែប​ឈ្នះ​-​ឈ្នះ ហើយ​វា​ចំណាយពេល​តិច ដែល​ខុសពី​ការដោះស្រាយ​តាម​ប្រព័ន្ធតុលាការ​ដែលជា​ការសម្រេច​ចិត្ត​របស់​ចៅក្រម និង​ចំណាយពេល​យូរ និង​ថវិកា​ច្រើន​។ ដូច្នេះ​អ្នកវិនិយោគ​ងាក​មកប្រើប្រាស់​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​អាជីវកម្ម តាមរយៈ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​វិញ​។ ប្រទេស​ជាច្រើន​ជាពិសេស​ប្រទេស​របស់លោក​បាន​អនុវត្ត​នូវ​ការដោះស្រាយ​ជម្លោះ​តាមរយៈ​អ្នក​សម្រុះសម្រួល ហើយ​គោលការណ៍​នេះ​ក៏បាន​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ផងដែរ (​អនុសញ្ញា​អន្តរជាតិ​ស្តីពី​កិច្ចព្រមព្រៀង​ដំណោះស្រាយ​តាម​ការសម្រុះសម្រួល​) កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨​។ 
 
​លោ​កប​ន្តែ​ម​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​កម្ពុជា​យល់ដឹង​បន្ថែមទៀត​មធ្យោបាយ​ដោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​លើ​ករណី​វិវាទ​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​តំបន់ និង​ស្វែងយល់​ពី​អនុសញ្ញា​អន្តរជាតិ​ស្តីពី​កិច្ចព្រមព្រៀង​ដំណោះស្រាយ​តាម​ការ​ស្រ​មុះ​ស្រ​មួល​របស់​អង្គការ​សហ​ប្រជា​តិ​ផងដែរ​។ 
 
​លោកស្រី Sharon Smong មន្ត្រី​ផ្នែក​ច្បាប់​របស់​សិង្ហ​បុរី បាន​អះអាងថា កម្ពុជា​ក៏​នឹង​ចុះហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​កិច្ចព្រមព្រៀង​ដំណោះស្រាយ​តាម​ការសម្រុះសម្រួល ដែល​នឹងធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​នា ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​ផងដែរ​។ ដូច្នេះ​ការសិក្សារ​ស្វែងយល់​ប​ន្តែ​ម​នេះ​ជា​រឿង​ដ៏​ល្អ​សម្រាប់​កម្ពុជា​។ លោកស្រី​ជឿជាក់ថា អ្នកវិនិយោគ​សិង្ហ​បុរី​នឹង​បន្ត​មក​ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ 
 
​លោក ពេ​ជ ឫទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​សិង្ហ​បុរី​ដែល​តែងតែ​ជួយ​គាំទ្រ​លើ​ផ្នែក​នានា ជាពិសេស​វិស័យ​អប់រំ​។ ហើយ​សិក្ខាសាលា​នេះ នឹង​ជួយ​ពង្រឹង​ជំនាញ​បន្ថែម​ដល់​មន្ត្រី​កម្ពុជា លើ​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​ពិភពលោក និង​តំបន់​អាស៊ាន​។ 
 
​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​មកពី​ក្រសួង​នានា ប្រមាណ​១០​នាក់ និង​ធ្វើការ​ចែករំលែក​ដោយ​អ្នកជំនាញ​សិង្ហ​បុរី​ផ្នែក​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ដែលមាន​រយៈពេល​គិតពី​ថ្ងៃ ២៨ ដល់​ថ្ងៃ ២៩ ខែ​មិនា ឆ្នាំ​២០១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com