ជាតិ
លោក ស៊ុន ចាន់ថុល​៖ កម្ពុជា​ខាតបង់ ៣៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​គ្រោះថ្នាក់​ចរាចរណ៍​
31, Mar 2019 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា កម្ពុជា ខាត់​បង់​ថវិកា​ចំនួន ៣៥០ លាន​ដុល្លារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​១​ឆ្នាំៗ​។ លោក បាន​បន្ថែមទៀតថា ៧៨% នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ បណ្ដាល មកពី​អ្នកបើកបរ​មិន​ពាក់មួក​សុ​វត្តិភាព​។

 
​លោក ស៊ុន ចាន់ថុល បាន​បន្ដទៀតថា​៖ “​ច្បាប់​តម្រូវ​ឲ្យ​ពាក់មួក​សុវត្ថិភាព​គឺ​ដើម្បី​ការពារ​ជីវិត​អ្នកបើកបរ ប៉ុន្តែ​បើ​យើង បាត់បង់​ជីវិត​ទៅ បន្សល់ទុក​នៅ​កុមារកំព្រា ស្ត្រី​មេ​មា​យ​ជាច្រើន​។ គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ការ​ខូច ខាត់​ដល់​ការកសាង​ប្រទេសជាតិ ជា​ទឹកប្រាក់​ចំនួន ៣៥០ លាន​ដុល្លារ​”​។ 
 
​លោក ស៊ុន ចាន់ថុល អនុប្រធាន​គណ​:​កម្ម​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានស្នើ ២ ចំណុច ទៅកាន់ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​លោក​ចេញ លិខិត​ផ្សព្វផ្សាយ ទៅ​ស្ថាប័នរដ្ឋ ទាំងអស់​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​បុគ្គលិក​រដ្ឋ ពី​ច្បាប់​ចរាចរណ៍​។ ទី​២ គឺ​ស្នើ​ឲ្យ​គ្រប់​រោងចក្រ ក្រុមហ៊ុន រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ទៅតាម​រោងចក្រ ក្រុមហ៊ុន​រៀងៗ​ខ្លួន​។ 
 
​លោក ស៊ុន ចាន់ថុល ក៏បាន​បញ្ជាក់ដែរថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បណ្ដាលមកពី អ្នកបើក រថយន្ត​ធំៗ គ្មាន​ប័ណ្ណបើកបរ និង​មាន​ប័ណ្ណបើកបរ ក្លែងក្លាយ​។ អ្នក​រថយន្ត​ធុន​ធំ គ្មាន​ប័ណ្ណបើកបរ ២៤% និង​មាន​ប័ណ្ណបើកបរ​ក្លែងក្លាយ ១០% ក្នុងពេល​បច្ចុប្បន្ន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com