កីឡាជាតិ
ជាតិ
លោក ស សុខា តែងតែដាស់តឿនកីឡាករកីឡាការិនី កុំឲ្យយកជំងឺតួឯកដាក់ខ្លួន លោក ស សុខា ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការិនី កាលពីពេលកន្លងទៅ
× ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ក្រើនរំលឹកដល់កីឡាករកីឡាការិនី កុំឲ្យយកជំងឺតួឯកដាក់ខ្លួន ព្រោះវាអាចនាំទៅរកភាពបរាជ័យ។ តាមការកត់សម្គាល់ជំងឺតួឯកនេះ តែងកើតមានលើកីឡាករកីឡាការិនីមានសមត្ថភាពលេចធ្លោ និងទទួលបានជោគទាំងលើឆាកជាតិ និងអន្តរជាតិ។ ថ្នាក់ដឹកនាំក្រសួងរូបនេះ ជំរុញឲ្យអត្តពលិកឆ្នើមទាំងអស់បន្តខិតខំអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធដល់ប្អូនៗ ដោយជៀសវាងយកពេលវេលាទៅដើរលេង ឬធ្វើរឿងដែលគ្មានប្រយោជន៍។
នាពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឺទ្ធលើកីឡាវ៉ូវីណាមនិងគុនដាវកាលពីពេលថ្មីៗ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដាស់តឿនដល់កីឡាករកីឡាការិនីទាំងអស់ កុំឲ្យយកជំងឺតួឯកដាក់ខ្លួន ព្រោះជំងឺនេះអាចនាំពួកគេទៅរកបរាជ័យ។ ការដាស់តឿនបែបនេះ បន្ទាប់ពីសង្កេតឃើញមានជំងឺនេះ កើតឡើងលើកីឡាករមួយចំនួន ក្រោយពួកគេក្លាយជាកីឡាករល្បី និងទទួលបានជោគជ័យលើឆាកអន្តរជាតិ។
លោក ស សុខា កត់សម្គាល់ឃើញថា ពេលជំងឺតួឯកនេះកើតមានលើកីឡាករណាម្នាក់ វានឹងធ្វើឲ្យកីឡាករនោះខ្វះការប្រុងប្រយ័ត្នក្នុងការប្រកួត និងខ្ជីខ្ជាក្នុងការហ្វឹកហាត់ជាដើម។ «និយាយជាទូទៅខ្មែរយើងឲ្យតែមានជំងឺតារាចូលខ្លួនលែងសូវប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់របស់ខ្លួន។ ការជិះសេះលែងដៃនេះហើយ ធ្វើឲ្យយើងបរាជ័យនាពេលខាងមុខ»។ នេះជាការលើកឡើងរបស់លោក ស សុខា។
លោក ជំរុញឲ្យកីឡាករកីឡាការិនី ដែលទទួលបានជោគជ័យទាំងអស់ ត្រូវបន្តខិតខំហ្វឹកហាត់អភិវឌ្ឍន៍បន្ថែមឲ្យកាន់តែប្រសើរ ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ក្នុងនាមតំណាងឲ្យប្រទេសជាតិ។ លើសពីនេះ ពួកគេត្រូវធ្វើជាគំរូល្អ សម្រាប់សិស្សប្អូន និងក្មេងៗជំនាន់ក្រោយ ដែលបានយកពួកគេធ្វើជាកីឡាករក្នុងចិត្ត(Idol) តាមរយៈការចែករំលែកពីបទពិសោធជោគជ័យដល់ពួកគេ។
ទន្ទឹមនឹងនេះ លោកស្នើឲ្យកីឡាករកីឡាការិនីទាំងអស់ កុំយកពេលហ្វឹកហាត់ទៅធ្វើរឿងឥតប្រយោជន៍ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសខ្លួន គ្រួសារ និងសង្គមជាតិ។ លោកសង្កត់ធ្ងន់ថា ជំងឺតួឯក និងភាពខ្ជិលច្រអូសក្នុងការហ្វឹកហាត់ វានឹងធ្វើឲ្យកីឡាករបរាជ័យ និងបាត់បង់តម្លៃ និងប្រជាប្រិយភាព៕
Tag:
ស សុខា
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com