ភ្នំពេញ៖ យុវជនដែលបានទៅរៀនវគ្គសរសេរអត្ថបទកុន នៅសមាគមអ្នកនិពន្ធខ្មែរ មានគោលដៅធ្វើឱ្យភាពយន្តខ្មែរកាន់តែមានគុណភាព។ តាមរយៈភាពយន្តដែលត្រូវផលិត ពួកគេសង្ឃឹមថានឹងអាចកែប្រែឥរិយាបថសង្គមទៅរកផ្លូវវិជ្ជមាន។
ដើម្បីជ្រាបច្បាស់ពីការតាំងចិត្តរបស់យុវជនចំពោះការផលិតភាពយន្តខ្មែរ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
នេះជាវគ្គទី៣៣ហើយ ដែលសមាគមអ្នកនិពន្ធខ្មែរបានបើកបង្រៀនពីវិធីសាស្ត្រតែងនិពន្ធ។ ថ្នាក់នេះមានបង្រៀន តែងនិពន្ធកំណាព្យ ចម្រៀង រឿងខ្លី រឿងប្រលោមលោក និងសរសេរសេណារីយោភាពយន្តជាដើម។ ខ្ញុំសូមលើកតែថ្នាក់សរសេរអត្ថបទភាពយន្តមកបង្ហាញតែប៉ុណ្ណោះ។ ថ្ងៃដំបូងនៅទីនេះមានសិស្សប្រមាណ២០នាក់ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះសរុបជិត៣០នាក់។ សិក្ខាកាមមួយចំនួន មានបំណងចូលរួមចំណែកលើកស្ទួយភាពយន្តខ្មែរឱ្យកាន់តែមានគុណភាព ហើយអ្នកខ្លះទៀតចង់កែប្រែឥរិយាបថសង្គមតាមរយៈភាពយន្តរបស់ខ្លួន។
ម៉ោងប្រមាណ៥ល្ងាចក្រោយពីរៀនចប់ លោក ផាន់ យ៉ាស៊ី បានឆ្លៀតពេលផ្ដល់បទសម្ភាសដល់ខ្ញុំ។ អ្នកសារព័ត៌មានដែលរស់នៅភ្នំពេញរូបនេះ ប្រាថ្នាជំនាញសរសេរអត្ថបទភាពយន្ត បន្ថែមលើជំនាញដែលមានស្រាប់។ គោលដៅដំបូងរបស់លោក យ៉ាស៊ី ក្រោយរៀនចប់គឺផលិតវីដេអូអប់រំ និងរឿងខ្លី៖«បានជាខ្ញុំចាប់អារម្មណ៍ចូលរៀនវគ្គនេះ ព្រោះខ្ញុំចង់ពង្រឹងសមត្ថភាពខ្លួនឯង ឱ្យចេះជំនាញសរសេរភាពយន្តនេះមួយទៀត ក្រៅពីជំនាញដែលមានស្រាប់។ ពេលខ្ញុំរៀនចេះ ខ្ញុំមានគម្រោងសរសេររឿងអប់រំ។ ក្នុងការសរសេរនេះមានច្រើនកម្រិតណាស់ តែខ្ញុំចង់សរសេរត្រឹម ឈុតអប់រំ ហើយនឹងរឿងខ្លីសិន»។
លើកពីគុណតម្លៃរបស់វីដេអូអប់រំ ព្រមជាមួយកាយវិការលើកដៃសម្រួលដល់លំហូរគំនិតផងនោះ បុរសសង្ហារូបនេះពន្យល់យ៉ាងដូច្នេះ ៖«ការសរសេររឿងខ្លីនេះ មានសារសំខាន់ណាស់ វាអាចផ្ញើសារអប់រំទៅដល់ប្រជាពលរដ្ឋយើង ឱ្យបានយល់ដឹងពីផលប៉ះពាល់អ្វីមួយ ផ្លាស់ប្ដូរផលអវិជ្ជមាន ទៅកាន់ផលវិជ្ជមាន ដូចជាការប្រើប្រាស់ប្លាស្ទិក»។
ជាជំហានដំបូងក្នុងការផលិតវីដេអូខ្លី អ្នកកាសែតដែលមានបទពិសោធ៥ឆ្នាំរូបនេះ ផ្ដោតទៅលើគុណភាពទឹកដៃ ចៀសជាងការស្វែងរកចំណូល ៖«ខ្ញុំរៀនផលិតវីដេអូឱ្យបានច្រើនសិន ហើយផុសក្នុងយូធូប និងហ្វេសប៊ុក។ ពេលខ្ញុំកាន់តែច្បាស់ពីវិធីសាស្ត្រធ្វើយ៉ាងណាផលិតរឿងឱ្យល្អ ឱ្យអ្នកមើលគាត់មានការផ្លាស់ប្ដូរហើយ ទើបខ្ញុំចាប់ផ្ដើមគិតពីការរកចំណូល។ បើសិនជារឿងដែលខ្ញុំផលិតនៅតែមានកម្រិត ខ្ញុំនៅតែព្យាយាមរកវិធីសិក្សាបន្ថែមយ៉ាងណាឱ្យមានភាពទាក់ទាញពីអ្នកទស្សនា។ ខ្ញុំនឹងមិនបញ្ឈប់ទេ»។
កញ្ញា ទី ស៊ីដេត ជាសិក្ខាកាមរៀនសរសេរអត្ថបទភាពយន្តមួយរូប។ ទើបចូលរៀនថ្ងៃដំបូង ហើយមិនទាន់បានផលិតភាពយន្តមួយរឿងផង យុវតីរូបនេះត្រូវគេបំបាក់ទឹកចិត្តរួចទៅហើយ៖«ពេលខ្លះមានគេបំបាក់ទឹកចិត្ត គេថារឿងនេះធ្វើទៅគ្មានអ្នកណាមើលអ៊ីចឹង ក៏គិតថាខ្លួនឯងធ្វើមិនបានទេ។ ចិត្តខ្ញុំចង់ធ្វើរឿងមួយឱ្យធំដុំ ហើយចង់ឱ្យមានអ្នកមើលឱ្យច្រើន។ ខ្ញុំមានរឿងត្រៀមបង្ហាញឱ្យគេមើល ដូចជាទាក់ទងនឹងរឿងសិស្សបាក់ទឹកចិត្ត។ ព្រោះមួយរយៈនេះឃើញអ្នកដែលជួបរឿងនេះច្រើន ខ្ញុំចង់បង្ហាញថាមូលហេតុអ្វីធ្វើឱ្យគេបាក់ទឹកចិត្ត ហើយចង់រកដំណោះស្រាយ»។
ទោះជាយ៉ាងណាក៏ដោយ និស្សិតច្បាប់ឆ្នាំទី៣ វ័យ២០រូបនេះ នៅតែតាំងចិត្តផលិតភាពយន្តខ្នាតខ្លីឬឈុតអប់រំខ្លីក្រោយពីរៀនចប់។ អង្គុយនៅលើបង់ក្រោមដើមស្វាយជាប់អាគារសមាគមអ្នកនិពន្ធខ្មែរ ក្នុងទឹកមុខស្មើ ស៊ីដេត ត្រៀមទទួលយកលទ្ធផលគ្រប់យ៉ាង ក្រោយពីវីដេអូខ្លួនត្រូវបានផ្សព្វផ្សាយ។
«ខ្ញុំក៏មានកូនចិត្តដែរ ពេលទៅមើលនៅរោងកុន គេថាមិនចូលចិត្តមើលកុនខ្មែរ។ ពេលខ្លះខ្ញុំគិតថា ពេលយើងធ្វើរឿងហ្នឹងឱ្យល្អ ល្បី គេពិតជាមើលហើយ។ ខ្ញុំនឹងរៀនវគ្គនេះឱ្យចង់ ហើយយកវាទៅអនុវត្ត ប៉ុន្តែអនុវត្តពីតូចទៅមុន។ ខ្ញុំអាចបង្កើតជាក្រុមតូចមួយ ដើម្បីថតរឿងខ្លីៗ ។ ខ្ញុំគិតថាដំបូងមិនអាចល្អឥតខ្ចោះដូចគេទេ តែនឹងព្យាយាមឱ្យចេញជាវីដេអូតូចមួយ ដាក់ក្នុងយូធូប ឬក្នុងហ្វេសប៊ុក បំណាច់នឹងរៀនហើយ។ ពេលផលិតវីដេអូនេះចេញ វាជាជោគជ័យមួយ។ ទោះបីវាបរាជ័យឬជោគជ័យយើងត្រូវតែទទួលយក»។ នេះជាការតាំងចិត្តរបស់កញ្ញា ស៊ីដេត។
ងាកមកចាប់អារម្មណ៍សិក្ខាកាមមួយរូបទៀត នោះគឺកញ្ញា ប៉ែន លីណេ។ ក្នុងវ័យ២៧ឆ្នាំ លីណេ មករៀនសរសេរអត្ថបទកុនក៏ព្រោះតែនាងចង់ក្លាយជាចំណែកមួយ ជួយឱ្យវិស័យភាពយន្តខ្មែរមានភាពរីកចម្រើន។
«ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរឱ្យមានការរីកចម្រើន។ ដូច្នេះខ្ញុំរៀនដើម្បីបានចេះដឹងអំពីការតែងនិពន្ធ និងការសរសេរសេណារីយោកុនជាដើម។ ខ្ញុំមានបំណងនិពន្ធប្រលោមលោក និងមានចំណងចង់ក្លាយជាផលិតករភាពយន្ត។ ខ្ញុំនឹងព្យាយាមប្រឹងប្រែង ព្រោះខ្ញុំចង់ឃើញភាពយន្តរបស់យើងនៅលើឆាកអន្តរជាតិ។ នេះជាវិធីមួយធ្វើឱ្យពិភពលោកស្គាល់ប្រទេសយើង។ ខ្ញុំចង់ឱ្យវិស័យភាពយន្តយើង ត្រូវបានគេទទួលស្គាល់ដូចពីសម័យមុនអ៊ីចឹង»។ នេះជាការប្តេជ្ញាចិត្តរបស់ លីណេ។
ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ព្រមដោយទឹកមុខមាំ លីណេ បានប្រៀបធៀបពីការចំណាយក្នុងការផលិតភាពយន្តក្នុងស្រុកនិងបរទេស ដែលនាងយល់ថា អាចជាមូលហេតុធ្វើឱ្យភាពយន្តខ្មែរ មិនទាន់មានគុណភាពល្អ ៖«បើតាមខ្ញុំបានសិក្សា និងសួរអ្នកផលិតភាពយន្តជាច្រើន ថាតើហេតុអ្វីភាពយន្តរបស់យើងនៅមានកម្រិត? គាត់ឆ្លើយថា ភាគច្រើនមកពីបញ្ហាធនធានថវិកាក្នុងការផលិត។ ឧទាហរណ៍រឿងប្រទេសគេមួយភាគ ចំណាយទុនរហូតដល់២០,០០០ដុល្លារអាមេរិក ប៉ុន្តែសម្រាប់រឿងភាគខ្មែរយើង បញ្ចាំងនៅទូរទស្សន៍រាល់ថ្ងៃ ចំណាយទុនតែ១,៥០០ដុល្លារទៅ៣,០០០ដុល្លារប៉ុណ្ណោះ។ អ៊ីចឹងឃើញថា ផលិតករយើងគាត់ត្រូវរកអ្វីដែលល្អ ឬព្យាយាមច្នៃឱ្យបានផ្លង់ល្អៗខ្លាំង។ ហើយឧបករណ៍បច្ចេកទំនើបៗ ខាងយើងក៏នៅមានកម្រិត»។
ក្នុងនាមជាអ្នកទស្សនាមួយរូប នារីសម្បុរសមុខរលោងដូចពងមាន់បករូបនេះ ចង់ឱ្យផលិតករស្រាវជ្រាវរឿងព្រេងបុរាណខ្មែរ មកផលិតជាភាពយន្តឱ្យមានគុណភាពខ្ពស់ ៖«យើងមានវប្បធម៌ អរិយធម៌ ហើយយើងមានអ្វីដែលល្អពីបរមបុរាណ ដូនតាបន្សល់ទុកឱ្យ។ ខ្ញុំចង់ឱ្យផលិតករព្យាយាមសិក្សាស្រាវជ្រាវឯកសារទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ យកទៅផលិតជាភាពយន្ត។ ដូចជារឿងផ្កាថ្កល់មាស រឿងឃុនឆាង ឃុនផែន រឿងអ្វីផ្សេងៗ ដែលជារឿងបុរាណខ្មែរ»។
ជាអ្នកមានចំណូលចិត្តតាមដានភាពយន្តមួយរូប លីណេ បានសួរអ្នកមើលដូចគ្នាពីមូលហេតុដែលគេមិនសូវចូលចិត្តមើលភាពយន្តខ្មែរ៖«ខ្ញុំសួរខ្មែរយើងអ្នកមើលរឿងថា ហេតុអ្វីបានជាមិនមើលរឿងខ្មែរយើង? គេថាមិនចូលចិត្តមើលទេ ព្រោះមិនល្អមើល។ ខ្ញុំគិតថាយើងត្រូវតែយកចិត្តទុកដាក់ ធ្វើម៉េចយើងធ្វើរឿងឱ្យបានល្អ។ ពេលចាក់បញ្ចាំងនៅរោងភាពយន្ត រឿងគេចំណាយអស់រាប់ម៉ឺនដុល្លារ រឿងយើងចំណាយអស់តិចតួច ហើយយកទៅចាក់បញ្ចាំងដូចគ្នា តើទស្សនិកជន នឹងទៅមើលមួយណា? ពេលគាត់ឃើញរឿងគេល្អ គាត់ក៏ចង់ឱ្យរឿងយើងល្អដែរ»។
ជាគ្រូបង្គោលផ្នែកសេណារីយោភាពយន្តនៅសមាគមអ្នកនិពន្ធខ្មែរ អ្នកគ្រូ ប៉ុល ពិសី បង្រៀនសរសេរអត្ថបទកុន ដើម្បីចែករំលែកចំណេះដឹងទៅក្មេងជំនាន់ក្រោយ៖«សម្រាប់ខ្ញុំ ចង់ចែករំលែកបទពិសោធដែលខ្ញុំមានកន្លងមកសម្រាប់ភាពយន្ត ឱ្យកូនខ្មែរទាំងអស់បានចេះ។ រឿងភាគឥឡូវ ដូចជាគេត្រូវការច្រើនសម្រាប់អ្នកសរសេរ។ ពេលដែលខ្ញុំចូលប្រឡូកនោះ នៅមិនទាន់គ្រប់»។
គ្រូដែលមានបទពិសោធផ្នែកភាពយន្តជិត៣០ឆ្នាំរូបនេះ កត់សម្ភាលឃើញថាក្មេងជំនាន់ក្រោយ ចាប់ផ្ដើមមានសមត្ថភាពផលិតភាពយន្តដែលមានគុណភាពច្រើនហើយ។ អ្នកគ្រូ សង្កេតឃើញដូច្នេះ ៖«ក្មេងៗឥឡូវគេធ្វើល្អច្រើន។ គំនិតគេក្មេង គេឆាប់ចាប់បានអ្វីដែលថ្មី។ ក្នុងនាមខ្ញុំជាចាស់ទុំម្នាក់ ខ្ញុំក៏ចូលរួមលើកទឹកចិត្ត និងសរសើរដែលគាត់ធ្វើបាន»។
ដើម្បីក្លាយជាអ្នកនិពន្ធភាពយន្តមួយរូប គ្រូបង្គោលរូបនេះ ពន្យល់យ៉ាងដូច្នេះ៖«ការសរសេរអត្ថបទភាពយន្តនេះ ទីមួយទាល់តែអ្នកនោះមានឧបនិស្ស័យ ក្នុងការសរសេរសិន។ ភាពយន្ត គាត់ត្រូវមើលច្រើនសិន។ ដំបូងគាត់ចេះសរសេរប្រលោមលោកសិន ព្រោះអត្ថបទភាពយន្តហ្នឹង កន្លែងខ្លះយើងយកចេញពីប្រលោមលោកដែរ តែមិនទាំងស្រុងទេ។ អ្វីដែលសំខាន់ គឺការតស៊ូព្យាយាមសរសេរ ព្រោះការសរសេរភាពយន្តនេះពិបាកណាស់ គិតតាំងពីសកម្មភាព តាំងពីតួអង្គ គិតតាំងពីការនិយាយ ធ្វើម៉េចឱ្យវាមានភាពទាក់ទាញ។ នេះសម្រាប់កុនដុំ បើកុនភាគទៀត ពិបាកមែនទែន»។
អ្នកគ្រូបន្ថែម ៖« ទីមួយគិតពីសាច់រឿង តើពីឈុតទីមួយដល់ឈុតទីប៉ុន្មានហ្នឹងវាទាក់ទងគ្នាយ៉ាងណា? ហើយត្រូវធ្វើយ៉ាងណាឱ្យគេឆ្ងល់ បង្កើតបញ្ហា ហើយយើងស្រាយយ៉ាងម៉េច យើងចងវាយ៉ាងម៉េច ព្រោះកុនភាគ ពីមួយភាគដល់៥០ទៅ៦០ភាគហ្នឹងគឺយ៉ាប់ហើយ៕