អន្តរជាតិ
វៀតណាម​បង្កើត​«​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​»​ព្រុយ​ណេ​
31, Mar 2019 , 8:59 pm        
រូបភាព
ដោយ:
​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រមុខរដ្ឋ​ព្រុយ​ណេ​ទៅកាន់​វៀតណាម បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា​ច្រើន​។ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បានសម្រេច​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ទៅកាន់​កម្រិត​កាន់តែ​ជិតស្និទ្ធ​ខ្លាំង ក៏ដូចជា​ព្រមព្រៀងគ្នា​ក្នុងការ​ធ្វើការ​ជាមួយគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សន្តិសុខ​ក្នុង​តំបន់​។​


 
​ព្រះមហាក្សត្រ​ព្រុយ​ណេ Hassanal Bolkiah នៅ​ថ្ងៃ​២៨ មីនា បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​នៅ​វៀតណាម​។ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ បញ្ចប់​ជាមួយនឹង​សេចក្តីថ្លែងការណ៍​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​នៃ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បានសម្រេច​កសាង​«​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​គ្នា​»​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News អំឡុងពេល​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​ព្រុយ​ណេ បាន​ចូលជួប​ពិភាក្សា​ទាំង​ជាមួយនឹង​ប្រធានាធិបតី​វៀតណាម លោក Nguyen Phu Trong និង លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc ។ ហើយ​តាមរយៈ​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី Phuc បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​សកម្មភាព​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ពិសេស​នោះ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក​។​
 
​តាមរយៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ភាគី​ទាំងពីរ មាន​គោលដៅ​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម ៥០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។ ភាគី​ទាំងពីរ ក៏​រំពឹងថា នឹង​អាចធ្វើ​សហប្រតិបត្តិការ​រួមគ្នា​លើ​វិស័យ​ការពារជាតិ សន្តិសុខ និង​បង្កើត​ការហ្វឹកហ្វឺន​នៅក្នុង​ប្រតិបត្តិការ​ដែនសមុទ្រ​ក្នុងការ​ស្វែងរក និង​សង្គ្រោះ ក៏ដូចជា​បង្កើន​ការបំពេញ​ទស្សនកិច្ច​ដែនសមុទ្រ​ជាមួយនឹង​គ្នា និង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​នៅ​វេទិកា​សន្តិសុខ និង​ការពារ​អន្តរជាតិ​។ 
 
​ខណៈដែល​ព្រុយ​ណេ កំពុងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​តាម​រយៈ​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​សហគមន៍​សហគ្រាស​ខ្នាតតូច និង​មធ្យម ប្រមុខរដ្ឋ​ព្រុយ​ណេ បាន​សំឡឹង​ខ្ពស់​ពី​ការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយនឹង​វៀតណាម​។ ព្រុយ​ណេ ក៏​រំពឹង​ផងដែរ​ថា ប្រទេស​ទាំងពីរ នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ពង្រីក​ទីផ្សារ​ឲ្យ​គ្នា​ផងដែរ​។  
 
​គួរ​ជម្រាប​ផងដែរ ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌ​អាស៊ាន ព្រុយ​ណេ និង​វៀតណាម ក៏​ជា​សមាជិក​នៃ កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​របស់​ពិភពលោក ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប ១៣,៥ ទ្រី​លាន​ដុល្លារ និង​ស្មើនឹង ១៣ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជាស​កល​៕ 
 

Tag:
 វៀតណាម​
  ព្រុយ​ណេ​
© រក្សាសិទ្ធិដោយ thmeythmey.com