ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មេធាវី​កម្ពុជា​បោះបង់​ការងារ​នៅ​អាមេរិក​ត្រឡប់មក​បំពេញការងា​រ​នៅ​ស្រុកកំណើត​វិញ​
31, Mar 2019 , 9:19 pm        
រូបភាព
រូបភាពផ្តល់ឲ្យដោយលោក កែវ សុទ្ធិ
រូបភាពផ្តល់ឲ្យដោយលោក កែវ សុទ្ធិ
​លោក កែវ សុទ្ធិ ដែលជា​កូនលោក កែវ រ៉េមី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា បានសម្រេច​ចិត្ត​បោះបង់​ការងារ​របស់ខ្លួន​ជា​អ្នកការពារ​ក្តី​សាធារណៈ​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ ដើម្បី​ត្រឡប់​ធ្វើការ​ងា​ក្នុង​វិស័យ​ច្បាប់​នៅ​កម្ពុជា​វិញ​។ សុទ្ធិ បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ វ៉ាស៊ីនតោន​នៃ​ក្រុង Seattle ឆ្នាំ ២០១១​។ ឆ្នាំ ២០១៧ លោក​បានទទួល​បា​នស​ញ្ញាប​ត្រ​ពីរ ពី​សាកលវិទ្យាល័យ Northwestern ៖ អនុបណ្ឌិត​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង បាន​សញ្ញាបត្រ «Juris Doctor» ឬ​ជា​ភាសា​ខ្មែរ​ហៅថា​«​បណ្ឌិត​ច្បាប់​»​ផងដែរ​។

 
​ខាងក្រោម​ជា​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​ជាន់ខ្ពស់​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក កែវ សុទ្ធិ​៖
 
​លោក គី សុខ​លីម​៖ តើ​អ្វី​ជាការ​ជំរុញ​ចិត្ត​លោក​ឲ្យ​ត្រឡប់មក​ធ្វើការ​ជា​មេធាវី​នៅ​កម្ពុជា​វិញ​? ហេតុអ្វី​ឈប់​ធ្វើ​នៅ​អាមេរិក​?
 
​លោក កែវ សុទ្ធិ​៖ ខ្ញុំ​ស្រឡាញ់​ការងារ​ជា​មេធាវី​នៅ​អាមេរិក​។ ខ្ញុំ​ទទួលបាន​ការអប់រំ​ផ្នែក​ច្បាប់​ដ៏​មានតម្លៃ និង​មាន​បទពិសោធ​ពិសេស​ពី​ការិយាល័យ​ការពារ​ក្ដី​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ ហើយ​ខ្ញុំ​ជឿថា បទពិសោធ​ទាំងនេះ​មិនអាច​រកបាន​នៅ​កន្លែង​ផ្សេង​ឡើយ​។ ខ្ញុំ​មាន​កិត្តិយស​ការពារ​ក្ដី​សម្រាប់​អ្នក​ខ្សត់ខ្សោយ និង​បាន​ធ្វើជា​អង្គ​ជំនុំ​ជំ​រះ​ក្នុង​តុលាការ​។​
 
​ទោះ​គិតថា អាមេរិក និង​កម្ពុជា​សុទ្ធតែជា​ផ្ទះ​របស់ខ្ញុំ​ក្ដី នៅ​ចុងក្រោយ​ខ្ញុំ​តែងមាន​អារម្មណ៍​ថា ខ្ញុំ​នឹង​ត្រឡប់មក​រស់នៅ​កម្ពុជា​វិញ​។ គ្រួសារ​ខ្ញុំ​រស់នៅ​ទីនេះ វប្បធម៌​ខ្ញុំ​នៅទីនេះ ហើយ​ឬ​សគល់​ខ្ញុំ​នៅទីនេះ​។ កាន់តែ​សំខាន់ ខ្ញុំ​ចង់​ជួយ​កម្ពុជា​។ ប្រព័ន្ធ​ច្បាប់​អាមេរិក ពិតជា​រីកចម្រើន ព្រោះ​អាមេរិក​មាន​ប្រវត្តិសាស្ត្រ​ច្បាប់​ពីរ​រយ​ឆ្នាំ​ទៅហើយ​។​
 
​កម្ពុជ​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​អាណានិគម សង្គ្រាមស៊ីវិល និង​អំពើ​ប្រល័យពូជសាសន៍​។ បើ​យើង​ចាប់​រាប់​ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ ជា​ពេល​ដែលមាន​ស្ថិរភាព និង​សន្តិភាព កម្ពុ​ជាមាន​ពេល​២១​ឆ្នាំ​ប៉ុណ្ណោះ​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ច្បាប់ និង​វប្បធម៌​របស់​ខ្លួនឯង​ក្រោមរូបភាព​ជា​ខ្មែរ​។ ខ្ញុំ​មាន​គម្រោង​ចូលរួម​អភិវឌ្ឍ​វិស័យ​ច្បាប់​នៅ​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា នឹង​ចាប់ផ្ដើម​គម្រោង​នេះ​តាមរយៈ​ការចូលរួម​ជា​សមាជិក​គណៈមេធាវី និង​សហគមន៍​ច្បាប់​នៅ​កម្ពុជា​។ បើ​មានឱកាស ខ្ញុំ​ចង់​មាន​តួនាទី​ដែល​អាច​ផ្ដល់​ចំណេះដឹង​ទៅក្នុង​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​។​
 
​លោក គី សុខ​លីម​៖ រវាង​កម្ពុជា និង​អាមេរិក តើ​មួយណា​ជា​ឱកាស​សម្រាប់​លោក​?
 
​លោក កែវ សុទ្ធិ​៖ កម្ពុជា និង​អាមេរិក​សុទ្ធតែជា​ឱកាស​ដើម្បី​ការអនុវត្ត និង​ការរួមចំណែក​ក្នុង​វិស័យ​ច្បាប់​។ នៅ​អាមេរិក ខ្ញុំ​មានឱកាស​ធ្វើការ​ជា​មេធាវី ហើយ​នៅ​កម្ពុជា ខ្ញុំ​មានឱកាស​ដើម្បី​អនុវត្ត​ដោយ​ខ្លួនឯង​ក្នុង​វិស័យ​ដែល​ងើបឡើង​នេះ​។​
 
​និយាយ​ជារួម ទាំង​កម្ពុជា ទាំង​អាមេរិក​អាចជា​ឱកាស និង​មិនមែនជា​ឱកាស​។ ឱកាស​ខុសគ្នា កើតមាន​នៅក្នុង​ប្រព័ន្ធ​ខុសគ្នា ហើយ​សម្រាប់​មនុស្ស​ខុសគ្នា​។ តួយ៉ាង ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​កំពុងតែ​ងើបឡើង ឱកាស​សម្រាប់​រីកចម្រើន​ក៏មាន​ច្រើន​ដែរ​។ ទីផ្សារ​កម្ពុជា​មិនទាន់​កកកុញ​នៅឡើយ​ទេ ហើយ​មានការ​ប្រកួតប្រជែង​តិច​។ ម្យ៉ាងទៀត នៅពេល​ទីផ្សារ​អាមេរិក​កកកុញ​នោះ វា​ក៏​ផ្ដល់ឱកាស​ផ្សេង​ដូចជា​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ថ្មី​។ អាមេរិក​មាន​ធនធានមនុស្ស និង​មជ្ឈមណ្ឌល​នៃ​ការច្នៃប្រឌិត​ដូចជា Silicon Valley, Chicago និង New York ដែល​កម្ពុជា​មិនមាន​ដូចនេះ​ឡើយ​។​
 
​វា​ជា​រឿង​ត្រូវ​កត់សម្គាល់​ដែរ​ថា ទោះបី​ឱកាស​មាន​មែន តែ​វា​សម្រាប់តែ​មនុស្ស​ខ្លះ​ប៉ុណ្ណោះ​។ មិន​ថា​អ្នក​នៅ​អាមេរិក ឬ​កម្ពុជា​ឡើយ ប្រសិនបើ​អ្នកក្រខ្សត់ ឱកាស​នឹងមាន​កំណត់​។ ទឹកដី​នៃ​ឱកាស​គួរ​អនុញ្ញាត​ឲ្យ​មនុស្ស​មានឱកាស​ស្មើគ្នា​ដើម្បី​សម្រេច​គោលដៅ​ជីវិត​របស់​ពួកគេ​។ ហើយ​នេះ​ជា​អ្វី​សង្គម​ត្រូវខិតខំ​។​
 
​លោក គី សុខ​លីម​៖ នៅ​កម្ពុជា តើ​លោក​មាន​គម្រោង​បើក​ការិយាល័យ​ច្បាប់​ខ្លួនឯង ឬ​ធ្វើការ​ឲ្យ​អ្នកដទៃ​សិន​?
 
​លោក កែវ សុទ្ធិ​៖ ខ្ញុំ​មាន​គម្រោង​បើក​ការិយាល័យ​ខ្លួនឯង ហើយ​មាន​ឈ្មោះថា កែវ (Keo) ។ កែវ នឹង​ចាប់ផ្ដើម​ជា​ក្រុមហ៊ុន​ច្បាប់​ខ្នាតតូច​ដែល​ផ្ដល់​ការប្រឹក្សា​ផ្នែក​ច្បាប់​ដល់​អ្នកវិនិយោគ និង​ពាណិជ្ជកម្ម​នានា​។ ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​កើនឡើង​ក្នុង​អត្រា​៧​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ អ្នកវិនិយោគ​បរទេស​ជាច្រើន​បានមក​ស្វែងរក​ស​ឱកាស​រកស៊ី​នៅ​កម្ពុជា​។ ក្រុម​របស់ខ្ញុំ និង​ខ្ញុំ​ផ្ទាល់​សង្ឃឹមថា ក្រុមហ៊ុន​ថ្មី​អាចជួយ​សម្រួលការ​វិនិយោគ​នេះ​តាមរយៈ​ការផ្ដល់​សេវាកម្ម​ច្បាប់​។ ក្រុមហ៊ុន​នេះ ក៏​នឹង​ជួយ​ក្រុមហ៊ុន​ក្នុងស្រុក​ពង្រីក​ខ្លួន នៅពេល​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​វិនិយោគទុន​បរទេស និង​រកស៊ី​នៅក្រៅ​ប្រ​ទេ​។ យើង​ក៏​សង្ឃឹម​ដែរ​ថា តាមរយៈ​ជំនាញ និង​បទពិសោធ​របស់​យើង ក្រុមហ៊ុន​ផ្ដល់​សេវា​ច្បាប់​ថ្មី​នេះ នឹងមាន​តួនាទី​សំខាន់​ក្នុងការ​កែទម្រង់​ច្បាប់ពាណិជ្ជកម្ម​នៅពេល​ខាងមុខ​។​
 
​លោក គី សុខ​លីម​៖ តើ​លោក​មាន​គម្រោង​ផ្ដល់​សេវាកម្ម​មិន​គិតថ្លៃ​ដល់​ជនក្រីក្រ​ឬទេ​?
 
​លោក កែវ សុទ្ធិ​៖ បាទ មាន​។ ខ្ញុំ​មានបំណង​ចូលរួម​ក្នុង​ការផ្ដល់សេវា​ច្បាប់​ដោយ​មិន​គិត​ប្រាក់​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា​។ អាស្រ័យ​តាម​កាលៈទេសៈ​ជាក់ស្ដែង ខ្ញុំ​សង្ឃឹមថា នឹង​ធ្វើជា​តំណាង​ផ្នែក​ច្បាប់​ឲ្យ​ប្រជាជន​ក្រីក្រ បង្រៀនច្បាប់ និង​ផ្ដល់​សេវា​ប្រឹក្សា​ច្បាប់​ដល់​អង្គការក្រៅរដ្ឋាភិបាល​ដែល​ជួយ​សហគមន៍​ក្រីក្រ​។ 
 
​លោក គី សុខ​លីម​៖ មាន​អ្នកខ្លះ​រិះគន់ថា ប្រព័ន្ធ​ច្បាប់​កម្ពុជា​លម្អៀង​ទៅរក​អ្នកមាន និង​អ្នកមានអំណាច​។ តើ​លោក​មាន​យោបល់​យ៉ាងម៉េច​?
 
​លោក កែវ សុទ្ធិ​៖ គ្រប់​ប្រព័ន្ធ​ច្បាប់​លើ​ពិភពលោក លម្អៀង​ទៅរក​អ្នកមាន​លុយ​មានអំណាច​។ ជា​ឧ​ទារ​ហ៍ ពេល​ខ្ញុំ​ធ្វើជា​មេធាវី​នៅ​អាមេរិក ខ្ញុំ​មានកូន​ក្ដី​ជាច្រើន​ដែល​សារភាព​កំហុស​ដែល​មិនបាន​ប្រព្រឹត្ត ព្រោះ​ពួកគេ​គ្មាន​លុយ​ដើម្បី​សុំ​នៅក្រៅ​ឃុំ​។ 
 
​ដូច​ករណី​លោក Paul Manafort ដែលជា​អតីត​ប្រធាន​យុទ្ធ​ការបោះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ ។​លោក Manafort មាន​កំហុស​ប្រាំបី​ករណី​លើ​បទល្មើស​គៃបន្លំ​ពន្ធ និង​ធនាគារ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ខាតបង់​រាប់លាន​ដុល្លារ​។ សម្រាប់​ទោស​នេះ លោក Manafort ត្រូវ​កាត់ទោស​ឲ្យ​ពន្ធនាគារ​៤៧​ខែ​។ ប្រៀបធៀប​ករណីនេះ​ទៅកាន់​ករណី​លោក Fate Winslow វិញ លោក Winslow ជា​ជនអនាថា ដែល​លក់​កញ្ឆា​តម្លៃ​២០​ដុល្លារ តែ​ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​។ Winslow រក​ចំណេញ​បាន​៥​ដុល្លារ​ប៉ុណ្ណោះ​ពី​ការលក់​នោះ តែ​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​សព្វថ្ងៃ​។ នេះ​ជា​អយុត្តិធម៌​។ គ្រប់​សង្គម​ត្រូវ​តស៊ូ​ដើម្បី​សម្រេច​ឲ្យ​បាន​ប្រព័ន្ធ​ច្បាប់​ដែល​ស្មើភាព​ចំពោះ​មនុស្ស​ទាំងអស់​។​
 
​លោក គី សុខ​លីម​៖ តើ​អាជីព​របស់លោក​អាចជួយ​កម្ពុជា​តាម​វិធិ​ណា​?
 
​លោក កែវ​ សុទ្ធិ​៖ ច្បាប់​ពិតជា​អំណាច​ណាស់​។ វា​អាច​ផ្លាស់ប្ដូរ​ជីវិត​មនុស្ស​ឲ្យ​ល្អ ឬ​យ៉ាប់យ៉ឺន​។ វា​ជ្រាបចូល​គ្រប់យ៉ាង​ក្នុង​ជីវិត​របស់​យើង​។ ជាក់ស្ដែង ផ្លូវ​ដែល​យើង​បើកបរ គ្រប់គ្រង​ដោយ​ច្បាប់​ចរាចរណ៍ ការរកស៊ី​របស់​យើង ស្ថិតក្រោម​ច្បាប់ពាណិជ្ជកម្ម ហើយ​ទង្វើ​ដែល​ហាមឃាត់​ខ្លះ គឺ​គ្រប់គ្រង​ដោយ​ច្បាប់ព្រហ្មទណ្ឌ​។​
 
​អាជីព​របស់ខ្ញុំ​ជា​មេធាវី គឺ​ត្រូវ​យល់​ពី​ច្បាប់ និង​ជួយ​ប្រជាជន​បត់បែន​តាមច្បាប់​ទាំងនេះ​។ ពេល​ខ្ញុំ​ធ្វើជា​អ្នកការពារ​សាធារណៈ ខ្ញុំ​បានផ្ដល់​សេវា​ច្បាប់​សម្រាប់​អ្នក​ខ្សត់ខ្សោយ និង​ជួយ​ពួកគេ​បត់បែន​តាមច្បាប់​អាមេរិក​។ ខ្ញុំ​បាន​ធានាថា សិទ្ធិ​របស់​ពួកគេ​ត្រូវបាន​គោរព ហើយ​ច្បាប់​ត្រូវអនុវត្ត​ដោយ​ប៉ូលិស រដ្ឋអាជ្ញា ចៅក្រម និង​អ្នក​រាល់គ្នា​ក្នុង​សំណុំរឿង​។​
 
​នៅ​កម្ពុជា ដូចដែល​ខ្ញុំ​និយាយ​ពី​ខាងលើ ខ្ញុំ​មាន​គម្រោង​បើក​ការិយាល័យ​ច្បាប់​មួយ​ដែល​ផ្ដោតលើ​ច្បាប់ពាណិជ្ជកម្ម​។ ខ្ញុំ​នឹង​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ទៅ​ឲ្យ​អ្នកវិនិយោគ ធុរជន និង​ជួយ​ពួកគេ​បត់បែន​តាមច្បាប់​កម្ពុជា​។ តាមរយៈ​ការផ្ដល់​ការប្រឹក្សា​នេះ យើង​នឹង​ជួយ​ឲ្យ​ពួកគេ​រីកចម្រើន ហើយ​រួមចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​។ នៅ​ថ្ងៃ​ខាងមុខ ខ្ញុំ​នឹង​ជួយ​កម្ពុជា​ថែមទៀត​តាមរយៈ​ឱកាស​ក្នុងការ​ជះឥទ្ធិពល​លើ​គោលនយោបាយ និង​ការកែទម្រង់​ប្រព័ន្ធ​ច្បាប់​៕
 

Tag:
 កែវ សុទ្ធិ​
  អាមេរិក​
  វិស័យ​ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com