អន្តរជាតិ
«​ស្លឹកចេក​»​ត្រូវ​ប្រើ​ជំនួស​ប្លា​ស្ទិ​ក​ដើម្បី​វេច​ខ្ចប់​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ថៃ
31, Mar 2019 , 9:59 pm        
រូបភាព
រូបភាព៖ Perfect Home Chiang Mai
រូបភាព៖ Perfect Home Chiang Mai
ដោយ:
​ផ្សារ​ទំនើប​មួយ​ក្នុងប្រទេស​ថៃ បាន​បង្កើត​វិធីសាស្ត្រ​ដ៏​ឈ្លាសវៃ​មួយ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ជំនួស​ឲ្យ​ប្លា​ស្ទិ​ក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ផ្សារ​ទំនើប​មួយ​ឈ្មោះថា Rimping ដែលមាន​ទីតាំង​ក្នុង​ខេត្ត​ឈៀង​ម៉ៃ ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ  សម្រេច​ប្រើប្រាស់​ស្លឹកចេក​ដើម្បី​វេច​ខ្ចប់​ផលិតផល​របស់ខ្លួន​។

 
​កាលពីដើម​សប្តាហ៍​មុន ក្រុមហ៊ុន​អចលនវត្ថុ​មួយ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ ឈ្មោះថា Perfect Homes បាន​បង្ហោះ​រូបភាព ដែល​បង្ហាញ​ពី​ការ​វេច​ខ្ចប់​ផលិតផល​ដោយ​ប្រើប្រាស់​ស្លឹកចេក​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន​។ ភ្លាមៗ​នោះ រូបភាព​ទាំងនេះ ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។​
 
​យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី Forbes លោក Trevor Nace អ្នកជំនាញ​បរិស្ថាន គូសបញ្ជាក់ថា ការប្រើប្រាស់​ស្លឹកចេក​ជំនួស​ឲ្យ​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​ទំនិញ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ ដើម្បី​ជួយ​កាត់បន្ថយ​បរិមាណ​ប្លា​ស្ទិ​ក​។ ទាក់ទិន​នឹង​គុណសម្បត្តិ​ពិសេស​របស់​ស្លឹកចេក វា​មាន​ទំហំ​ធំ និង​រឹងមាំ ហើយ​អាច​បត់បែន​បាន ងាយស្រួល​ក្នុងការ​វេច​ខ្ចប់​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ រឿង​មួយ​ដែល​គួរ​យកមក​ពិចារណា​នោះ គឺពាក់ព័ន្ធ​នឹង​តម្លៃ​របស់​ប្លា​ស្ទិ​ក និង​ស្លឹកចេក​។ ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូ​ពិ​ក ស្លឹក​ចេញ ត្រូវគេ​ប្រទះឃើញ​មាននៅ​គ្រប់ទិសទី​។ ជា​ពិ​សេ​នោះ អ្នក​អាច​ទទួលបាន​ដោយ​ឥតគិតថ្លៃ​ថែម​ទៀតផង ដោយ​អាស្រ័យ​លើ​គុណភាព​ដែល​អ្នក​ចង់បាន​។ ក្នុង​តំបន់​មាន​អាកាសធាតុ​ក្តៅ​វិញ ការប្រើប្រាស់​ស្លឹកចេក អាចមាន​តម្លៃ​ថ្លៃ​ជាង​ប្លា​ស្ទិ​ក​។ យ៉ាងណាមិញ លោក Trevor នៅតែ​ជំរុញ​ឲ្យ​ប្រើប្រាស់​វិធីសាស្ត្រ​បែបនេះ ដែល​ល្អ​សម្រាប់​បរិស្ថាន​។ 
 
​មែនទែនទៅ ការប្រើប្រាស់​ស្លឹកចេក​ដើម្បី​វេច​ខ្ចប់​អាហារ ត្រូវបាន​គេ​អនុវត្ត​តាំងពី​យូរណាស់​មកហើយ​។ ក្នុង​តំបន់​ត្រូ​ពិ​ក​ខ្លះ​នៃ​ប្រទេស​ម៉ិចស៊ិក អាហារ និង​ផលិតផល ត្រូវបាន​វេច​ខ្ចប់​ដោយ​ស្លឹកចេក​។ ប្រជាជន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ប្រើប្រាស់​ស្លឹកចេក​ដើម្បី​វេច​ខ្ចប់​អាហារ និង​បាយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​ប្លា​ស្ទិ​ក​៩​ពាន់​លាន​តោន​ដែល​ត្រូវបាន​គេ​ផលិតឡើង ត្រឹម​៩​ភាគរយ​ប៉ុណ្ណោះ​ត្រូវបាន​គេ​យកទៅ​កែច្នៃ​ឡើងវិញ​។ ភ្នាក់ងារ​អង្គការ​ទទួលបន្ទុក​ក​ម្ម​វិធី​បរិស្ថាន បាន​ប៉ាន់​ស្មានថា ត្រឹម​ឆ្នាំ​២០៥០ ប្លា​ស្ទិ​ក​ប្រមាណ​១២​ពាន់​លាន​តោន នឹងត្រូវ​បោះចោល​ទៅក្នុង​បរិស្ថាន និង​មហាសមុទ្រ​។ ក្នុងចំណោម​សំណល់​ប្លា​ស្ទិ​ក​ទាំងនោះ កន្ទុយបារី​, ដប​ប្លា​ស្ទិ​ក​, ប្រអប់​ប្លា​ស្ទិ​ក​ដាក់​អាហារ និង​ថង់​ទំនិញ​ប្លា​ស្ទិ​ក គឺជា​មូលហេតុ​ធំ​បំផុត ៕

Tag:
 ថៃ​
  បរិស្ថាន​
  ប្លា​ស្ទិ​ក​
  ផ្សារ​ទំនើប​
© រក្សាសិទ្ធិដោយ thmeythmey.com