ជាតិ
សង្គមជាតិ
លោក ឃួន ថោង​ស៊ីន ចំណាយ​ជិត​៣០ឆ្នាំ​ក្នុង​វិស័យ​អាកាសចរណ៍ ព្រោះ​យល់ថា ជួយ​ជាតិ​បាន​ច្រើន​
01, Apr 2019 , 9:19 am        
រូបភាព
​ភ្នំពេញ​៖  ជិត​៣០​ឆ្នាំ​ហើយ ដែល​លោក ឃួន ថោង​ស៊ីន ស្ថិតក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា​។ លោក ចាត់ទុក​ការងារ​ផ្នែក​អាកាសចរណ៍​ស៊ីវិល​នេះ ថា​មាន​សារៈសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​។


 
​ក្រោយ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ ក្នុង​ឆ្នាំ​១៩៩៨ លោក ឃួន ថោង​ស៊ីន បាន​កា្ល​យ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​កិច្ចការ​ផ្ទៃក្នុង និង​ជាម​ន្ត្រី​ព័ត៌មាន​ទ័ពអាកាស​កម្ពុជា មកទល់​បច្ចុប្បន្ន​។ មិន​ត្រឹមតែ​ជា​ទាហាន​ទ័ពអាកាស​នោះទេ លោក ថែមទាំង​ជា​គ្រូបង្ហាត់​បង្រៀន​បុគ្គលិក​មុន​ចូល​បម្រើ​ការងារ​ក្នុង​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (Cambodia Airport)​។ លើសពីនេះ លោក ក៏ជាគ្រូបង្រៀនទ្រឹស្តីដើម្បីចែករំលែកចំណេះដឹងផ្នែកឧស្សាហកម្មអាកាសចរណ៍ស៊ីវិល និងអាកាសយានដ្ឋានអន្តរជាតិ ចំពោះបុគ្គលិកជំនាន់ថ្មី នៅអាកាសយានដ្ឋានកម្ពុជាផងដែរ។​


 
​លោក ឃួន ថោង​ស៊ីន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន​-​យុវនារី ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​វិស័យ​អាកាសចរណ៍​។ លោក យល់ថា វិស័យនេះ ត្រូវ​នឹង​បរិបទ​ក្នុង​សេដ្ឋកិច្ចកម្ពុជា ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ជាតិ​។​


 
​លោក អះអាងថា កាល​ឆ្នាំ​២០១៨ មាន​និស្សិត​កម្ពុជា​១០​រូប បានបញ្ចប់​ការសិក្សា​ផ្នែក​អាកាសយាន​និក នៅ​៣​តំបន់​ផ្សេងគ្នា គឺ អាមេរិក អឺរ៉ុប និង​ចិន រួមទាំង​បាន​នាំ​បទពិសោធន៍​ជាច្រើន​មកដល់​ទឹកដី​កម្ពុជា ហើយ​នេះ​ក៏​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ដែលមាន​និស្សិត​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​សិក្សា​ផ្នែក​ជំនាញ​ពិសេស​មួយ​នេះ​។ 
 
​លោក ឃួន ថោង​ស៊ីន ជា​មនុស្ស​ម្នាក់ ដែល​ស្រឡាញ់​យន្តហោះ​និង​គ្រឿង​សព្វាវុធ​ទ័ពអាកាស​តាំងពី​អាយុ​បាន​១០​ឆ្នាំ​។ ក្រោយ​បែក​របប​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៧៩ លោក ឃួន ថោង​ស៊ីន ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី (​សូ​វៀត​) ផ្នែក​អាកាសចរណ៍​ស៊ីវិល លើ​ជំនាញ​បច្ចេកទេស​វិទ្យុ​នាំ​ផ្លូវ​លើ​យន្តហោះ ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩០​។​


 
​ថ្វី​ដ្បិត​មានឈ្មោះ​ទៅ​រៀន​នៅ​សូ​វៀត​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ក៏ពិតមែន ប៉ុន្តែ​ពេល​ត្រឡប់មក​ទឹកដី​កម្ពុជា​វិញ លោក ឃួន ថោង​ស៊ីន បាន​ក្លាយជា​សិក្ខា​ម​យោធា ព្រោះ​មុននឹង​ចេញដំណើរ​ទៅ​សិក្សា​នៅ​សូ​វៀត លោក​ត្រូវបាន​មេកង​ទ័ព​បញ្ជូនទៅ​រៀន​និង​ហ្វឹកហាត់​ច្បាប់​ទាហាន និង​ច្បាប់​ទ័ព​ក្នុង​រយៈពេល​៣​ខែ ជាមួយ​សិក្ខា​ម​ដទៃ ដែល​ត្រូវ​បញ្ជូនទៅ​រៀន​នៅ​សូ​វៀត លើ​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ដូចគ្នា​។ 
 
​អតីត​និស្សិត​រៀន​នៅ​សូ​វៀត​រូបនេះ បាន​បញ្ជាក់ថា​៖«​ពេល​ខ្ញុំ​រៀន​ចប់​នៅ​សូ​វៀត ខ្ញុំ​បាន​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​ទ័ពអាកាស ដោយ​ទទួលបន្ទុក​លើ​យន្តហោះ​ស្លាប​របស់​រដ្ឋាភិបាល​ដោយ​ស្វ័យប្រវត្តិ​»​។ 
 
​បន្ទាប់ពី​បាន​បម្រើ​ក្នុង​ជូរ​ទ័ពអាកាស​កម្ពុជា លោក ឃួន ថោង​ស៊ីន បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ របស់់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៨​។ លោក បាន​និយាយ​ដូច្នេះ​ថា​៖«​កងទ័ព​ជើង​អាកាស​បាន​ដើរ​ក្នុងតួនាទី​មួយ​ធំ​ណាស់​នៅក្នុង​ដំណោះស្រាយ​នយោបាយ​រួបរួម​ជាតិ​។ ពេលនោះ​យើង​មិនដឹងថា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​យើង មាន​លក្ខណៈ​នយោបាយ​បែបណា​ទេ ក្នុងការ​ដោះស្រាយ​ជាមួយ​ខ្មែរក្រហម​។ ដ្បិតថា​របប​ខ្មែរក្រហម​បាន​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩ ក៏ពិតមែន ប៉ុន្តែ​កម្លាំង​ខ្មែរក្រហម បាន​បន្ត​និង​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​ជួរ​ភ្នំ​ដងរ៉ែក ពិសេស​នៅ អន្លង់វែង និង​ប៉ៃលិន​»​។ 
 
​បានជា​លោក​និយាយថា​វិស័យ​អាកាសចរណ៍​ជួយ​ជាតិ ព្រោះ​ក្នុងសម័យ​ទសវត្ស​ទី​៩០ ដើម្បី​បញ្ច​ប់ស​ង្រា្គ​មរ​វាង​ខ្មែរ​គ្នាឯង កងទ័ព​ជើង​អាកាស មាន​កាតព្វកិច្ច និង​តួនាទី​សំខាន់​ណាស់ ក្នុង​ការចុះ​ទៅដល់​គោលដៅ ឬ​មូលដ្ឋាន​របស់​ខ្មែរក្រហម​ដែល​បាន​ប្រមូល​ម្តុំ​គ្នា​នៅក្នុង​ព្រៃ ដើម្បី​ស្វែងរក​កម្លាំង​ខ្មែរក្រហម​ឲ្យ​មក ចុះចូល​ជាមួយ​រដ្ឋាភិបាល និង​ដើម្បី​ផ្តល់​ស្បៀងអាហារ ថ្នាំពេទ្យ ដល់​អ្នក​ទាំងនោះ ក៏​ដូច​នាំ​អ្នក​ទាំង​នោះមក​ទីកន្លែង​សុវត្ថិភាព​វិញ​៕


 

Tag:
 យុវជន​
  អាកាសចរណ៍​
  ឃួន ថោង​ស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com