អន្តរជាតិ
ជប៉ុន បញ្ចេញឈ្មោះសករាជសម្រាប់អធិរាជថ្មី លេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន Yoshihide Suga លើកឈ្មោះសករាជថ្មី Reiwa សម្រាប់រាជ្យអធិរាជថ្មី។ (រូបភាព AFP)
× នៅថ្ងៃទី១ ខែមេសា រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះសករាជថ្មីសម្រាប់ប្រើសម្គាល់រជ្ជកាលរបស់អធិរាជថ្មី។ រជ្ជទាយាទណារ៉ូហ៊ីតុ នឹងឡើងគ្រងរាជ្យជាអធិរាជថ្មីរបស់ជប៉ុននៅថ្ងៃទី១ ខែឧសភាខាងមុខក្រោយការដាក់រាជ្យរបស់បិតាទ្រង់ គឺអធិរាជអាគីហ៊ីតុ។ ការប្រកាសឈ្មោះសករាជថ្មីជាមុននេះ មានគោលដៅទុកឱកាសឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់មានពេលគ្រប់គ្រាន់ដើម្បីការផ្លាស់ប្ដូរនេះ ពិសេសការរៀបចំប្រក្រតីទិនថ្មីផង។
អធិរាជអាគីហ៊ីតុ នឹងដាក់រាជ្យផ្លូវការនៅថ្ងៃទី៣០ ខែមេសា។ មួយថ្ងៃបន្ទាប់ គឺថ្ងៃទី១ ខែឧសភា រជ្ជទាយាទណារ៉ូហ៊ីតុ នឹងឡើងគ្រងរាជ្យជាអធិរាជជប៉ុនជាផ្លូវការ។ សករាជថ្មី មានឈ្មោះថា Reiwa ។ Rei មានន័យថា សណ្ដាប់ធ្នាប់ ឬក៏នក្ខត្តឫក្ស ឯ Wa អាចបកប្រែទៅជាសន្តិភាព ឬសុខដុម។ លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន Yoshihide Suga ជាអ្នកប្រកាសឈ្មោះសករាជថ្មីនេះនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីអ្នកជំនាញជ្រើសរើសរួចមក។
ការប្រកាសឈ្មោះសករាជថ្មីនេះ ជារឿងដែលប្រជាជនជប៉ុនរង់ចាំយ៉ាងខ្លាំង ដោយសារសករាជថ្មីត្រូវជំនួសសករាជចាស់ Heisei របស់អធិរាជអាគីហ៊ីតុ ដែលមានន័យថា សន្តិភាពគ្រប់ទីកន្លែង។ ម្យ៉ាងទៀត ទោះជាប្រក្រតីទិនបែបលោកខាងលិចត្រូវបានប្រើប្រាស់យ៉ាងទូលាយក្ដី នៅជប៉ុន គេនៅតែឃើញមានការប្រើប្រាស់ប្រក្រតីទិនបែបចិនដដែល មិនថានៅលើឯកសាររបស់រដ្ឋ ក្រុមហ៊ុនឯកជន ឬកំណត់ត្រាកុំព្យូទ័រឡើយ។
ការដាក់ជ្រើសរើសឈ្មោះសករាជថ្មី ជាទំនៀមទម្លាប់ដ៏សំខាន់ ហើយអាថ៌កំបាំងបំផុត។ ឈ្មោះសករាជថ្មី ត្រូវមានតួអក្សរមិនលើសពីរតួឡើយ ងាយស្រួលអាន និងសរសេរ ហើយមិនមែនជាឈ្មោះសាមញ្ញទៅទៀត។ លើសពីនោះ តួអក្សរនៃសករាជថ្មីនេះ ក៏មិនអាចជាន់គ្នានឹងតួអក្សរដំបូងនៃសករាជបួនចុងក្រោយទៀតដែរ គឺ Heisei, Showa, Taisho និង Meiji ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ជាមួយនឹងការប្រកាសសករាជថ្មីនេះដែរ បញ្ហាឈឺក្បាលនឹងធ្លាក់អ្នកបោះពុម្ពប្រក្រតីទិនដែលមានទាំងក្បួនលោកខាងលិច និងក្បួនបុរាណជប៉ុន។ រដ្ឋាភិបាលកណ្ដាល និងតំបន់ ក៏ត្រូវប្រញាប់កែប្រែថ្ងៃខែរបស់ឯកសារពួកគេឲ្យស្របតាមសករាជថ្មីនេះដែរ។
សូមបញ្ជាក់ថា ជប៉ុនដែលជាប្រទេសរាជានិយមចំណាស់ជាងគេមួយរបស់ពិភពលោក មានសករាជ ឬgengo ជិត២៥០មកហើយតាំងពីការអនុវត្តក្បួនបែបនេះតាំងពីសតវត្សរ៍ទី៧ មក។ ជប៉ុន គឺជាប្រទេសតែមួយគត់ដែលគេជឿថា អធិរាជសព្វថ្ងៃជាសារលោហិតផ្ទាល់របស់អធិរាជមុនគេរបស់ជប៉ុនផងដែរ។
អធិរាជ្យអាគីហ៊ីតុ ដែលបំពេញរាជកិច្ចច្រើនលើការផ្សះផ្សារបស់ប្រទេសរងគ្រោះដោយសារសកម្មភាពយោធាចក្រពត្តិជប៉ុនក្នុងសម័យសង្គ្រាម ក៏ជាមហាក្សត្រជប៉ុនដំបូងក្នុងរយៈពេលជាងពីររយឆ្នាំមកនេះដែលសម្រេចព្រះទ័យដាក់រាជ្យ។ តាមច្បាប់ អធិរាជត្រូវសោយរាជ្យអស់មួយព្រះជន្មឯណោះ៕
Tag:
ជប៉ុន
អាគីហ៊ីតុ
ណារ៉ូហ៊ីតុ
© រក្សាសិទ្ធិដោយ thmeythmey.com