កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​បន្ត​ឈ្នះ ថា​យ​ហ្គឺ​រ​ស៊ី​កំពង់ចាម ១១-០ ខណៈ​ណាហ្គា និង​បឹងកេត ខកចិត្ត​
01, Apr 2019 , 12:03 pm        
រូបភាព
ជំនួប​រវាងក្រុមអង្គរថាយហ្គឺរ (ស) និងកំពង់ចាម នៅកីឡដ្ឋានមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី​៣១ ខែមីនា។ រូបថត CNCC
ជំនួប​រវាងក្រុមអង្គរថាយហ្គឺរ (ស) និងកំពង់ចាម នៅកីឡដ្ឋានមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី​៣១ ខែមីនា។ រូបថត CNCC
ដោយ:
​ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​បាន​លត់​ម្ចាស់ផ្ទះ​កំពង់ចាម​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ១១-០ នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក សប្តាហ៍​ទី​២​។ ចំណែក​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បឹងកេត រង​ការខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ដែលមាន​គ្នា​១០​នាក់​នៅ​ចុង​ម៉ោង​ក្នុង​លទ្ធផល ១-០​។ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ២-០ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ១-០​។

 
​សប្តាហ៍​ទី​២​អាច​ចាត់ទុកជា​សប្តាហ៍​ដ៏​ជូរចត់ សម្រាប់​ក្រុម​ចំណូល​ថ្មី​កំពង់ចាម បន្ទាប់ពី​ពួកគេ​រង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ១១-០ នៅលើ​ទឹកដី​ខ្លួន​។ នេះ​ជា​គ្រាប់​បាល់​បញ្ចូល​ទី​ដ៏​ច្រើន​លើសលប់ នា​ដើមរដូវ​កាល​ថ្មី​នេះ ខណៈ​កាល​ជើង​ទី​១ កំពង់ចាម​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ១-០​។ 


 
​នា​ការប្រកួត​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​វ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Yudai Ogawa សម្រេចបាន​៣​គ្រាប់ (Hat-Trick) ក្នុង​រយៈពេល​ជាង​៤០​នាទី​នៃ​តង់​ទី​១​។ ៨​គ្រាប់​ទៀត​របស់​អង្គ​រថា​យ​ហ្គឺ​រ​សម្រេចបាន​ដោយ ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Okereke Timothy ២​គ្រាប់ និង Alexis Ramos, ឡុង ភា​រ៉ាត់​, តាំង សុភ​ក្ត្រ័​, ពៅ ភា​រិ​ទ្ធ​, តាំង ពិសី និង​ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ ម្នាក់​១​គ្រាប់​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​២ ដោយមាន​៤​ពិន្ទុ​។​
 
​រឿង​ដ៏​មិនគួរ​ឲ្យ​ជឿ​មួយ​បានកើត​ឡើង​ក្នុងជំនួប​រវាង​ក្រុម​បឹងកេត​ជាមួយ​ក្រុម​អគ្គិសនី ដែល​គេ​រំពឹងថា​អាច​នឹងរង​បរាជ័យ​។ ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ពី​ការគិត​របស់​អ្នកគាំទ្រ ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ដែលមាន​គ្នា​ត្រឹម​១០​នាក់ បន្ទាប់ពី ប៊ិន ឧ​ត្ត​ម ទទួល​កាត​លឿង​លើក​ទី​ពីរ​នៅ​នាទី​៧៤ រីករាយ​ជាមួយនឹង​បី​ពិន្ទុ​ដ៏​រំភើប តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ សៀន សុភ​ក្ត្រា នៅ​នាទី​៨៩​។​
 
​ជ័យជម្នះ​នេះ វា​លើសពី​ក្តី​រំពឹងទុក​របស់លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្រុម​អគ្គិសនី​កម្ពុជា ដែល​មុន​ការប្រកួត​មកដល់​បានចាត់ទុក​លទ្ធផល​ស្មើ​ជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​អគ្គិសនី​កម្ពុជា បន្ទាប់ពី​ពួកគេ​ចាញ់​ខេត្តកំពង់ចាម ១-០ នា​ជំនួប​បើកឆាក​។ សម្រាប់​ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា គេ​សង្កេតឃើញ​ក្រុម​បឹងកេត​បាន​គ្រប់គ្រង​បាល់​ស្ទើរ​១០០​ភាគរយ និង​បាន​បង្កើត​ឱកាស​មាស​យ៉ាងច្រើន​។ ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​គេច​ផុតពី​របាំង​ការពារ​របស់​កីឡាករ​អគ្គិសនី​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ១-០ ដើម្បី​ឈរ​កំពូល​តារាង​បណ្តោះ​ដោយមាន​៦​ពិន្ទុ​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កើតឡើង​នៅ​វគ្គ​ទី​២​រកបាន​ដោយ​កីឡាករ​អង់គ្លេស Charlie Machell នៅ​នាទី​ទី​៨៦​។ ព្រះខ័ន​រាជ​ជា​ក្រុម​តែមួយគត់​ដែល​បន្ត​ឈ្នះ​ពីរលើក​ជាប់​គ្នា និង​មិន​ធ្លាយ​សំណាញ់​ទី​។​
 
​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ២-០​។ ជ័យជម្នះ​របស់​ភ្នំពេញ​ក្រោ​នរក​បាន​ដោយ​កីឡាករ ម៉ៅ ពិសិដ្ឋ និង ពៅ ប៉ុន​វុទ្ធី ដែល​គ្រាប់​បាល់​ទាំងពីរ​កើតឡើង​នៅ​នាទី​៨១ និង​៨៤​។ ជ័យជម្នះ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង ក្រោយ​ពួកគេ​ចាញ់​បឹងកេត​ក្នុងជំនួប​បើកឆាក ៣-២​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៤-២ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ Dzarma Bata រកបាន​៣​គ្រាប់ និង​មិត្ត​រួម​ជាតិ​នី​ហ្សេ​រី​យ៉ា Ugochukwu Obi Moneke រកបាន​១​គ្រាប់​សម្រាប់​ការពារជាតិ ខណៈ​ពីរ​គ្រាប់​របស់​ណាហ្គា សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធរ​វ៉ាន់ដា Auheire Kipson និង ឃឹម បូរី​។​
 
​ជាមួយគ្នានេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​លុបលាង​ការខកចិត្ត​នៅ​សប្តាហ៍​ទី​១ តាមរយៈ​ការយក​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-២ ។ បី​គ្រាប់​របស់​នគរបាលជាតិ​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា សុទ្ធតែ​សម្រេចបាន​នៅ​តង់​ទីមួយ ដោយ អុល រ៉ាវី​, Jose Dourdo និង Mathew Osa ខណៈ​ពីរ​គ្រាប់​វាយបក​របស់​អឺរ៉ុប​នៅ​តង់​ទី​ពីរ រកបាន​ដោយ ឈឹម សំបូរ និង Abdel Kader​។​
 
​ដោយឡែក​នៅ​កីឡដ្ឋាន​វិសាខា ក្រុម​ម្ចាស់ផ្ទះ បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​គីរីវង់​សុខ​សែន​ជ័យ ២-០ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល  Eliel da Cruz Guardiano នៅ​ចុង​តង់​ទីមួយ និង​ខ្សែបម្រើ​ជប៉ុន Masaaki Ideguchi នៅ​ដើមតង់​ទី​ពីរ​។​
 

Tag:
 បាល់ទាត់​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com