អន្តរជាតិ
បក្ស​ភឿ​ថៃ ស្នើ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បញ្ចេញ​ក្បួន​ចែក​កៅអី​សភា​
01, Apr 2019 , 3:57 pm        
រូបភាព
​បក្ស​ភឿ​ថៃ​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ថាក់ស៊ីន បានស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ​ពន្យល់​ពី​រូបមន្ត​បែង​ចែង​អាសនៈ​សភា​ចំនួន​១៥០ ។ ក្រោម​ច្បាប់បោះឆ្នោត​ដែល​សរសេរ​ដោយ​រដ្ឋាភិបាលយោធា របៀប​បែងចែក​អាសនៈ​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង ដ្បិត​អាសនៈ​សភា​សរុប​៥០០ ត្រូវដាក់​បែងចែក​តាម​របៀប​ពីរ​យ៉ាង​។ មន្ត្រីជាន់ខ្ពស់​បក្ស​ភឿ​ថៃ​សង្ស័យថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​គ្មាន​រូបមន្ត​ច្បាស់​ទៀតផង​។​

 
​អគ្គលេខាធិការ​បក្ស​ភឿ​ថៃ Phumtham Wechayachai នៅ​ថ្ងៃទី​១ ខែមេសា បានទាមទារ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បញ្ចេញ​រូបមន្ត​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងការ​បែង​ចែង​អាសនៈ​សភា​ចំនួន​១៥០ សម្រាប់​បេក្ខភាព​សមាជិកសភា​តាម​បញ្ជី​បក្ស (Party List) ។ លោក Phumtham អះអាងថា ការបញ្ចេញ​វិធីសាស្ត្រ​បែងចែក​នេះ នឹង​ជម្រះ​មន្ទិលសង្ស័យ​ទាំងឡាយ​លើ​ដំណើរការ​បោះឆ្នោត​ជា​លើកដំបូង​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មន្ត្រី​បក្ស​ភឿ​ថៃ​រូបនេះ​ថែមទាំង​លើកឡើងថា គណៈកម្មការ​ខាងលើ​ទំនងជា​គ្មាន​រូបមន្ត​ដើម្បី​គណនា​ចំនួន​សមាជិកសភា​ដែល​បក្ស​នីមួយៗ​ទទួលបាន​ទៀតផង ដ្បិត​ក្បួន​គណនា​បាន​ប្រែប្រួល​ភ្លាមៗ​រាល់ថ្ងៃ​ទៀតផង​។ លោក Phumtham បន្តថា បើ​គណៈកម្មការ​នេះ មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ ការសង្ស័យ​ជាច្រើន​ទៀត​នឹង​កើតឡើង​ជាមិនខាន ពិសេស​ក្លាយជា​ឧបករណ៍​បក្សនយោបាយ​ខ្លះ​។​
 
​តាមពិតទៅ ក្រោយ​ការបោះឆ្នោត​បញ្ចប់​ទៅនោះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​។ ការបោះឆ្នោត​លើក​នេះ ត្រូវបាន​អង្គការ​តាមដាន​ការបោះឆ្នោត​មើលឃើញថា មិន​ត្រឹមត្រូវ​តាម​ស្តង់ដា មាន​ករណី​ទិញ​សន្លឹកឆ្នោត និង​បញ្ហា​ក្នុងពេល​រាប់​សន្លឹកឆ្នោត​ជាដើម​។ គណៈកម្មការ​នេះ រង​ប្រតិកម្ម​កាន់តែខ្លាំង​ក្រោយ​ពន្យារ​ថ្ងៃ​ប្រកាស​លទ្ធផល​មិន​ផ្លូវការ​ជាច្រើន​។ មកទល់ពេលនេះ គណៈកម្មការ​ដដែល រង​ការទាមទារ​ឲ្យ​ចុះចេញ​ទៀតផង​។ 
 
​សូមបញ្ជាក់ថា អាសនៈ​សភា​ថៃ​មាន​ចំនួន​សរុប​៥០០ ហើយ​បែង​ចែកជា​ពីរ​ផ្នែក​សម្រាប់​ការប្រកួតប្រជែង​។ អាសនៈ​ចំនួន​៣៥០ ត្រូវដាក់​ឲ្យ​ប្រជែង​ដោយ​បែង​ចែង​ទៅកាន់​មណ្ឌល​ខេត្ត​នីមួយៗ ដោយ​ខេត្ត​ខ្លះ​មាន​អាសនៈ​ច្រើន ឯ​ខេត្ត​ខ្លះទៀត​មាន​អាសនៈ​តិច​។ ចំណែកឯ​អាសនៈ​ចំនួន​១៥០​ទៀត គឺ​ត្រូវ​ចែក​តាម​បញ្ជី​ឈ្មោះ​បក្ស​។ បក្ស​ដែល​ទទួល​អាសនៈ​ច្រើន​ពី​ការបោះឆ្នោត​នៅតាម​មណ្ឌល នឹង​មិនអាច​ទទួលបាន​អាសនៈ​ច្រើន​ពី​ការចែក​អាសនៈ​តាម​បញ្ជី​បក្ស​ឡើយ​។​
 
​រូបមន្ត​ខាងលើ រង​ការ​រិះគន់ថា មិនមាន​ភាព​ប្រជាធិបតេយ្យ ដ្បិត​ធ្វើ​ឲ្យ​បក្ស​ធំៗ​មិនអាច​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ដូច​មុន​ឡើយ​។ វា​អាច​យុទ្ធសាស្ត្រ​របស់​ក្រុម​យោធា​ដែល​ចង់​ទប់ស្កាត់​បក្ស​ភឿ​ថៃ​ពី​ការប្រមូល​កៅអី​សភា​ឲ្យ​ច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​។ ដោយសារ​របៀប​ចែក​អាសនៈ​ថ្មី​នេះហើយ បក្ស​ភឿ​ថៃ លែង​ទទួលបាន​អាសនៈ​សភា​ច្រើន​ដូច​ការបោះឆ្នោត​ឆ្នាំ​២០១១ ទៀតហើយ ហើយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​ឈ្នះ​អាសនៈ​សភា​ច្រើន​ដែរ​៕
 

Tag:
 ថៃ​
  ភឿ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com