កីឡាអន្តរជាតិ
អន្តរជាតិ
វគ្គ​ផ្តាច់ព្រ័ត្រ EFL Trophy ដែល Portsmouth ឈ្នះ Sunderland មាន​អ្នកទស្សនា​ជិត​៩​ម៉ឺន​នាក់
01, Apr 2019 , 8:59 pm        
រូបភាព
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Checkatrade Trophy ឬ EFL Trophy រវាង​ក្រុម Portsmouth និង Sunderland បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​នៅ​អង់គ្លេស​បន្ទាប់ពី​ទទួលបាន​អ្នកចូលរួម​ទស្សនា​ផ្ទាល់​រហូតដល់​ទៅជិត ៩​ម៉ឺន​នាក់​។​


 
Portsmouth បានឈ្នះ​ជើងឯក EFL Trophy ឆ្នាំ​២០១៩ តាមរយៈ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៥-៤ លើ​គូប្រជែង Sunderland ក្រោយ​បញ្ចប់​ការប្រកួត​ទាំង​ម៉ោង​ផ្លូវការ​និង​ម៉ោង​បន្ថែម ២-២ នៅឯ​កីឡដ្ឋាន Wembley នៅ​យប់​ថ្ងៃទី​៣១ ខែមីនា​។​


 
​បើ​ទោះ​នេះ​ជាការ​ជួបគ្នា​រវាង​ក្រុម​មកពី​ក្រ​ខណ្ឌ​លំដាប់​ទី​៣​អង់គ្លេស​ក្តី ប៉ុន្តែ​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ទទួលបាន​អ្នកគាំទ្រ​ផ្ទាល់​ដ៏​ច្រើនសន្ធឹក​ជា​ប្រវត្តិសាស្ត្រ​នៅ​អង់គ្លេស​ក្នុង​ចំនួន ៨៥០២១​នាក់​ឯណោះ​។​
 
 
​តួលេខ​ដ៏​ច្រើន​នេះ គឺជា​ការ​បំបែក​កំណត់ត្រា​ថ្មី​នៅ​កីឡដ្ឋាន Wembley ដែល​កាលនោះ​ពួកគេ​ធ្លាប់​ទទួលបាន​អ្នកគាំទ្រ ៨០៨៤១​នាក់​ក្នុង​ប្រកួត​ផ្តាច់ព្រ័ត្រ EFL Trophy ឆ្នាំ​១៩៨៨ ដែល Wolves ជា​អ្នក​ផ្តួល Burnley នោះ​។​


 
EFL Trophy ជា​ពានរង្វាន់​លំដាប់​ទី​៣​បន្ទាប់ពី FA Cup និង EFL Cup​។ ពាន EFL Trophy មានការ​ចូលរួម​ប្រកួតប្រជែង​ចំនួន​៤៨​ក្រុម ដែល​ក្នុងនោះ​រួមមាន​ក្រុម​មកពី League One (​លី​គ​លំដាប់​ទី​៣​អង់គ្លេស​) League Two (​លី​គ​លំដាប់​ទី​៤​អង់គ្លេស​) រួមជាមួយ​ក្រុមយុវជន​ក្រោយ​អាយុ​២១​ឆ្នាំ​ពី Premier League ចំនួន​១៦​ក្រុម​។​
 
​យ៉ាងណាក៏ដោយ​ចំនួន​អ្នកទស្សនា​រវាង​ក្រុម Portsmouth និង Sunderland នេះ នៅ​តិចជាង​ចំនួន​អ្នកគាំទ្រ​ក្នុងការ​ជួបគ្នា​រវាង Barcelona ទល់នឹង Espanyol នៅ​ក្របខណ្ឌ La Liga ក្នុង​ទឹកដី Camp Nou នៅ​ថ្ងៃទី​៣០ ខែមីនា ដែលមាន​ចំនួន ៩២៧៩៥​នាក់​ឯណោះ​៕

Tag:
 បាល់ទាត់​
  EFL Trophy
  អ្នកទស្សនា​ច្រើន
© រក្សាសិទ្ធិដោយ thmeythmey.com