ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ជាប់​អាហារូបករណ៍​ទៅ​ជប៉ុន ប្រាថ្នា​ត្រឡប់មក​អភិវឌ្ឍ​ប្រទេស​វិញ​
01, Apr 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ និស្សិត​ជាប់​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​នោះ​មាន​ក្ដី​ប្រាថ្នា​ត្រឡប់​មកជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​វិញ តាម​ជំនាញ​រៀងៗ​ខ្លួន​។ ដើម្បី​ពង្រឹង​ជំនាញ​ឱ្យ​កាន់តែច្បាស់ ពួកគេ​គិតថា​នឹងធ្វើ​ការ​នៅ​ទីនោះ​២​ទៅ​៣​ឆ្នាំមុន​មក​កម្ពុជា​វិញ​។​


 
​សូម​ស្ដាប់​បទ​យកការណ៍​ស្ដីពី​ការតាំង​ចិត្ត​របស់​និស្សិត​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​រៀបចំ​ដោ​យក​ញ្ញ ប៉ូ សា​គុន ដូចតទៅ​៖



 
​ខ្ញុំ​បាន​ជួប​សម្ភាស​ជាមួយ​និស្សិត​ជាប់​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ចំនួន​៤​រូប ក្នុង​បន្ទប់​មួយ​នៃ​ស្ថានទូត​ជប៉ុន ពី​គោលបំណង និង​ការរំពឹងទុក​របស់​ពួកគេ ពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​។ និស្សិត​៤​រូប ក្នុងចំណោម​២៥​រូប​ដែល​ខ្ញុំ​បាន​ជួប​សម្ភាស ពួកគេ​សុទ្ធ​តែមាន​សុទិដ្ឋិនិយម​ចំពោះ​ភាព​រីកចម្រើន​ក្នុងប្រទេស​ជប៉ុន​។ ពួកគេ​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ត្រឡប់​មកជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​វិញ ក្រោយពី​ទទួលបាន​បទពិសោធ​គ្រប់គ្រាន់​។​
 
​មាន​សម្ដី​លឿន​តែ​ច្បាស់ នោះ​គឺ​និស្សិត សឿន ថា​រិ​ទ្ធ​។ ថា​រិ​ទ្ធ រៀន​បរិញ្ញាបត្រ​២​ជំនាញ គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​ច្បាប់​។ និស្សិត​វ័យ​២២​ឆ្នាំ​រូបនេះ និង​ទៅ​រៀន​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ហិរញ្ញវត្ថុ​ទៅ​ប្រទេស​ជប៉ុន​។ ថា​រិ​ទ្ធ បាន​មើលឃើញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​រីកចម្រើន តែ​ក៏​នៅមាន​បញ្ហា​ប្រឈម​ទៅលើ​ភាព​សុ​ក្រិត​នៃ​តម្លៃ​ទិញ​លក់​ដែរ​។ អ្នក​ភ្នំពេញ​រូបនេះ សង្ឃឹមថា​ខ្លួន​អាចធ្វើ​កិច្ចការ​នោះបាន បន្ទាប់ពី​ឆ្លងកាត់​បទពិសោធ​ការងារ​នៅ​ជប៉ុន​ក្រោយពី​រៀន​ចប់​។ 


 
«​ខ្ញុំ​ចូលចិត្ត​វិស័យ​អចលនទ្រព្យ​។ ខ្ញុំ​រៀន​ខាង​គ្រប់គ្រង​អចលនទ្រព្យ រៀន​ពី​ស្ថិតិ និង​សេដ្ឋកិច្ច​។ វា​អាចជួយ​ដល់​ប្រទេស នៅពេលដែល​យើង​វាយតម្លៃ​ដល់​ថ្លៃ​ពិត​របស់​អចលនទ្រព្យ​នោះ​។ ការទិញ​ដី​និង​អចលនទ្រព្យ​ផ្សេងៗ​វា​មានតម្លៃ​រាប់ម៉ឺន​រាប់លាន​ដុល្លារ បើសិនជា​គាត់​ឆកល្វែង​ត្រង់ចំណុច​ហ្នឹង វា​ខាត​រាប់លាន​ដុល្លារ​។ ខ្ញុំ​ចង់រក​វិធី​មួយ​ដើម្បី​កុំឱ្យ​ការទិញ​នោះ​ថ្លៃ​ពេក ឬ​ថោក​ពេក ឱ្យ​វា​មានតម្លៃ​មួយ​ពិតប្រាកដ​។ បើសិនជា​អាច​ខ្ញុំ​ចង់​ចំណាយ​ពេលខ្លះ​ធ្វើការ​នៅ​ប្រទេស​គេ ដើម្បី​ឱ្យដឹងថា​ប្រទេស​គេ​មាន​ប្រព័ន្ធ​ធ្វើការ​យ៉ាងម៉េច ដើម្បី​ទាញ​មក​ប្រទេស​ខ្មែរ​»​។ នេះ​ជាការ​បញ្ចាក់​របស់​និស្សិត សឿង ថា​រិ​ទ្ធ​។  
 
​កញ្ញា ហាស់ ដា​ណេ ជា​និស្សិត​ឆ្នាំ​ទី​១​រៀន​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុងភ្នំពេញ​។ ក្នុង​អាយុ​១៨​ឆ្នាំនេះ ដា​ណេ ជា​អតីត​សិស្ស​ដែល​ចូលចិត្ត​រៀន​មុខ​វិទ្យា​គណិត រូប និង​គីមី នៅ​ថ្នាក់​វិទ្យា​។ ដា​ណេ ដាក់​អាហារូបករណ៍​សិក្សា​ជំនាញ​វិស្វកម្ម​គីមី​ទៅ​ប្រទេស​ជប៉ុន​។ និស្សិត​វ័យក្មេង​រូបនេះ មើលឃើញ​នៅ​កម្ពុជា វិស័យនេះ​នៅ​មិនទាន់​រីកចម្រើន​ខ្លាំង​នៅឡើយ​។ កញ្ញា​មើលឃើញ​ដូច្នេះ ៖«​យើង​អាច​ចាប់ផ្ដើម​ដោះស្រាយ​វា​ម្ដង​មួយៗ​បាន ដូចជា​ទឹក​មិន​ស្អាត អាហារ​នាំចូល​មាន​ផ្ទុក​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន កម្ពុជា​កំពុងតែ​ជួប​បញ្ហា​អស់ទាំង​ហ្នឹង​»​។ 


 
​ជា​ប្រទេស​ដែល​ស្ថិតក្នុង​ក្ដី​ស្រមៃ ហើយក៏​ជា​ប្រទេស​មាន​ភាព​រីកចម្រើន​ខ្លាំង ព្រម​ដោយ​ការប្រកួតប្រជែង​ខ្ពស់ យុវតី ដា​ណេ សង្ឃឹមថា​ការចំណាយ​ពេល​៤​ឆ្នាំ​នៅ​ជប៉ុន ខ្លួន​អាច​នាំយក​សមិទ្ធផល​ម​ក​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​វិញ​។​
 
​ជា​នារី​ខ្មែរ​អ៊ីស្លាម​កញ្ញា អូស្មាន រ៉​ស៊ីណា នឹង​ទៅ​ជប៉ុន​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​។ ឆ្នាំនេះ រ៉​ន​ស៊ីណា រៀន​ឆ្នាំ​ទី​៣​ផ្នែក​គណិតវិទ្យា​តែ​នាង​ត្រូវ​បោះបង់ចោល ព្រោះ​ត្រូវ​ដើរ​តាម​ក្ដី​ប្រាថ្នា​ដែលមាន​តាំងពី​វិទ្យាល័យ​។ មកពី​ខេត្ត​ត្បូងឃ្មុំ​និស្សិត​រូបនេះ ទៅ​រៀន​នៅ​ជប៉ុន​ត្រឹម​វគ្គ​បណ្ដុះបណ្ដាល​ពិសេស ឬ​អាច​ស្មើនឹង​ថ្នាក់​បរិញ្ញាបត្ររង​នៅ​កម្ពុជា​។ រៀន​ជំនាញ​ដែល​ពេញនិយម​សម្រាប់​បុរស នារី​វ័យ​២០​ឆ្នាំ​រូបនេះ​ថា ភាពលំបាក​នៃ​ជំនាញ​មិនមែនជា​ឧបសគ្គ​ឡើយ តែ​នាង​បារម្ភ​ពី​ការប្រើ​ភាសា​ជប៉ុន ការរស់នៅ និង​អាហារ​ទៅវិញ​ទេ​។ នាង​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ ៖«​បើ​ជំនាញ​មិនសូវ​ពិបាក​ទេ តែ​ពិបាក​ភាសា ព្រោះ​នៅ​ទីនោះ​រៀន​ភាសា​ជប៉ុន​បាន​មួយឆ្នាំ​មែន តែ​ខ្លាច​ស្ដាប់​ការបង្រៀន​មិនទាន់​។ ហើយ​ប្រពៃណី​ខាង​សាសនា​របស់ខ្ញុំ​មានការ​តម​ច្រើន ដូចជា​ខាង​ម្ហូបអាហារ ខ្ញុំ​មិន​ញ៉ាំ​អាហារ​ដែលមាន​សាច់ជ្រូក ឬក៏​ជាតិ​អាកុល​»​។ 


អូស្មាន រ៉ស៊ីណា រូប​ស្ថាន​ទូត​ជប៉ុន
 
​ចំណែក​និស្សិត យ៉ាន ប៊ុន​ថេប ត្រូវ​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​ជប៉ុន​ផ្នែក​វិស្វកម្ម​សំណង​ស៊ីវិល​។ វា​ជាការ​លំបាក​សម្រាប់ ប៊ុន​ថេប មុន​ប្រឡង​ជាប់​អាហារូបករណ៍​នេះ​។ លោក​ត្រូវ​ស្រាវជ្រាវ​ឯកសារ​ដែល​ធ្លាប់​ចេញ​ប្រឡង​ក្នុងអំឡុង​១០​ឆ្នាំមុន និង​សៀវភៅ​មួយចំនួនទៀត ដើម្បី​រៀន​ត្រៀម​មុន​ប្រឡង​។ ប៊ុន​ថេប ពន្យល់​៖«​ទោះបី​យើង​ចេះ​ហើយ យ៉ាងហោចណាស់​យើង​ត្រូវ​រៀន​ត្រៀម​មុខ​កន្លះ​ឆ្នាំ​។ ធ្វើ​លំ​ហាត់​ដែល​ធ្លាប់​ចេញ​ឆ្នាំ​ចាស់ៗ ប្រហែលជា​ក្នុងអំឡុង​១០​ឆ្នាំ ដែលមាន​នៅក្នុង​អ៊ី​ន​ធើ​ណេ​ត​។  យើង​មិនត្រូវ​រៀន​តែត្រឹម​ប៉ុណ្ណឹង​ទេ តែ​អាច​ស្រាវជ្រាវ​សៀវភៅ ដែល​ទាក់ទង​ជាមួយ​កម្មវិធីសិក្សា នៅ​ប្រទេស​ខ្មែរ​នឹង​ប្រទេស​ជប៉ុន​ខុសគ្នា​អ្វីខ្លះ ហើយ​យើង​រៀន​តម្រូវ​តាម​កម្មវិធី​របស់គេ​»​។ 


 
​ជាមួយគ្នានេះដែរ ថា​រិ​ទ្ធ ក៏បាន​ចែករំលែក​ពីបទ​ពិសោធ​ក្នុងការ​ត្រៀមប្រឡង​យក​អាហារូបករណ៍​យ៉ាង​ដូច្នេះ​ថា ៖«​ការស្វែងរក​អាហារូបករណ៍​ខ្ញុំ​គិតថា ត្រូវ​ចាប់ផ្ដើម​ពី​របស់​អ្វីដែល​យើង​ចង់​រៀន​មុន​។ ខ្ញុំ​ដឹងថា​ខ្លួនឯង​ចូលចិត្ត​រៀន​ពី​ការវិនិយោគ ពី​អចលនទ្រព្យ ដូច្នេះ​ខ្ញុំ​មើល​ប្រទេស​ច្រើន ដូចជា​អូស្ត្រាលី សឹង្ហ​បុរី អាមេរិក​។ ជប៉ុន​ខ្ញុំ​ស្រឡាញ់​តាំងពីដើម​ដូច្នេះ​ខ្ញុំ​ដាក់​ដំបូង​ជាប់​តែម្ដង​។ ត្រូវ​មើលថា​ខ្លួនឯង​ស្រឡាញ់​អ្វី ចង់​រៀន​អ្វី ហើយ​ទៅ​ស្រាវជ្រាវ​សិន​ថា​ប្រទេស​ណា​បង្រៀន​ជំនាញ​នោះ​ល្អ​ជាងគេ​។ ពេលនោះ​យើង​រៀបចំ​ដើម្បី​តម្រូវ​តាម​អាហារូបករណ៍ ព្រោះ​អាហារូបករណ៍​ផ្សេងគ្នា តម្រូវការ​ផ្សេងគ្នា​»​។​
 
​និស្សិត​វ័យ​២០​ឆ្នាំ យ៉ាន ប៊ុន​ថេប ថា​ខ្លួន​ទទួលបាន​ការសិក្សា​ដោយ​មិន​គិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ថ្លៃ​ចំណាយ ១២​ម៉ឺន​យ៉េន ឬ​ប្រមាណ​ជា​១​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ ក៏ដូចជា​និស្សិត​ដទៃទៀត​ដែរ ប៊ុន​ថេប នឹង​យក​ជំនាញ​របស់ខ្លួន​មក​កម្ពុជា​វិញ​។ «​អាហារូបករណ៍​នេះ​ផ្ដល់​ទីមួយ​ថ្លៃ​សាលា គឺ​យើង​មិនចាំបាច់​បង់​ទេ​។ ទី​២​ប្រាក់​ជាប្រចាំ​ខែ ១២​ម៉ឺន​យេន ដែល​ប្រហែលជា​១​ពាន់​ដុល្លារ​។ ខ្ញុំ​មិន​ចោលស្រុក​ខ្មែរ​ទេ ខ្ញុំ​ចង់​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​យើង​»​។​
 
​សូមបញ្ជាក់ថា​និស្សិត​ចំនួន​២៥​រូប ដែល​បាន​ជាប់​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ឆ្នាំ​២០១៩​នេះ នឹងត្រូវ​ចេញដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​១​មេសា ឆ្នាំ​២០១៩ ខាងមុខ​៕
 

Tag:
 អាហារូបករណ៍​
  និស្សិត​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com