អន្តរជាតិ
បញ្ហាដាច់ភ្លើង បង្ខំឲ្យវេណេស៊ុយអេឡាបន្ថយម៉ោងធ្វើការ និងបន្តបិទសាលារៀន
× រដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រកាសថា ខ្លួននឹងកាត់បន្ថយម៉ោងការងារ និងបន្តបិទសាលារៀន ដោយសារបញ្ហាដាច់ភ្លើងអគ្គិសនីទ្រង់ទ្រាយធំនៅស្ទើរទូទាំងប្រទេស។ ការដាច់ភ្លើងដែលកំពុងវាយប្រហារលើវេណេស៊ុយអេឡាចាប់ពីខែមីនាមកនេះ ទំនងជាបន្តកើតឡើងរយៈពេលយូរទៀត ដោយសារតែកត្តាធំៗចំនួនបីរួមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ, ការវិនិយោគតិចតួចក្នុងថាមពលអគ្គិសនី និងការជួសជុលមិនត្រឹមត្រូវ។
អស់ពីបញ្ហាមួយចូលបញ្ហាមួយទៀត។ បន្ថែមពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងភាគរយអតិផរណាឡើងខ្ពស់កប់ពពក មនុស្សប្រមាណ ២៥០០០នាក់ក្នុងវិស័យអគ្គិសនីបានសម្រេចចាកចេញពីប្រទេស ដែលបង្កឲ្យបញ្ហាអគ្គិសនីកាន់តែពិបាកក្នុងដោះស្រាយព្រោះខ្វះអ្នកជំនាញ។ អ្នកទាំងនេះស្ថិតក្នុងចំណោមមនុស្សប្រមាណ២,៧លាននាក់ ដែលបានចាកចេញទៅរស់នៅប្រទេសផ្សេង ចាប់តាំងពីឆ្នាំ២០១៥មក។
នៅថ្ងៃទី៣១ ខែមីនា អាជ្ញាធរវេណេស៊ុយអេឡា បានចេញមុខទទួលស្គាល់ថា ខ្លួនពុំមានថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នោះឡើយ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ថ្លែងនៅមុខកញ្ចក់ទូរទស្សន៍ជាតិ រដ្ឋមន្ត្រីទូរគមនាគមន៍វេណេស៊ុយអេឡា លោក Jorge Rodriguez គូសបញ្ជាក់ថា ដោយខ្វះខាតថាមពលអគ្គិសនី រដ្ឋាភិបាលបានសម្រេចបន្តបិទសាលារៀន និងដាក់ចេញម៉ោងធ្វើការថ្មីរហូតដល់ម៉ោង ២:00 រសៀល ទាំងក្នុងស្ថាប័នឯកជននិងរដ្ឋ។
ដោយគ្មានអគ្គិសនីប្រើប្រាស់ ស្ថានីយ៍បូមទឹកពុំអាចដំណើរការ ដែលបង្កឲ្យការចែកចាយទឹកក្នុងប្រទេសមានបរិមាណកំណត់។ ភ្លើងចរាចរណ៍ និងភ្លើងបំភ្លឺផ្លវូត្រូវបិទ, ប្រព័ន្ធទូរសព្ទនិងអ៊ីនធឺណិត ពុំដំណើរការ និងស្ថានីយ៍ប្រេងឥន្ធនៈនានាត្រូវបិទទ្វារ។
សូមបញ្ជាក់ថា រដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ បានទម្លាក់កំហុសលើ ក្រុមភេរវជនចំពោះការបំផ្លិចបំផ្លាញលើទំនប់វារីអគ្គិសនី Guri ដែលផ្គត់ផ្គង់អគ្គិសនីប្រមាណ៨០ភាគរយដល់វេណេស៊ុយអេឡា។ យ៉ាងណាមិញ វារីអគ្គិសនីដ៏ធំរបស់ប្រទេសក្នុងតំបន់អាមេរិកឡាទីននេះ ធ្លាប់ត្រូវបានគេរាយការណ៍ពីបញ្ហារបស់វាចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ។ កាលនោះ អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Hugo Chavez ធ្លាប់អះអាងថា ថាមពលអគ្គិសនី នឹងត្រូវកាត់បន្ថយក្នុងបណ្តារដ្ឋមួយចំនួន ដោយសារបរិមាណទឹកមានកម្រិតទាបនៅទំនប់វារីអគ្គិសនី Guri ដ្បិតបញ្ហារាំងស្ងួត៕
Tag:
វេណេស៊ុយអេឡា
បញ្ហាដាច់ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com