ជាតិ
ព្រឹត្តិការណ៍​វាយកូនគោល​អាស៊ី នឹង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​
02, Apr 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ ក្រសួងទេសចរណ៍ រំពឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ច្រើន នៅក្នុង​ព្រឹត្តិការណ៍​វាយកូនគោល​អាស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣-៥ ខែមេសា ឆ្នាំ​២០១៩ ។ កីឡាវាយកូនគោល​នេះ នឹង​រៀបចំ​នៅ​ទីលាន​វាយកូនគោល​របស់​រម​ណី​យ​ដ្ឋា​ន​សុខា​-​អង្គរ សណ្ឋាគារ​ភូ​កេ​ត្រា និង​សណ្ឋាគារ​ប៊ូ​យ៉ុង​។​

 
​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡាវាយកូនគោល​នេះ គឺជា​ពិធី​ជួបជុំ​មួយ​រវាង​អ្នកលក់ និង​អ្នកទិញ សម្រាប់​ការពិភាក្សាគ្នា​លើ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍ ក្នុង​ការនាំ​ភ្ញៀវទេសចរ​ដើរ​ទស្សនា​ផង និង​លេង​កីឡា​ផង ជាពិសេស​កីឡាវាយកូនគោល​នេះ​តែម្ដង​។​
 
«​ទេសចរណ៍​កីឡាវាយកូនគោល​នេះ ជា​ប្រភេទ​ទេសចរណ៍​មួយ ដែល​ភ្ញៀវទេសចរ​មានការ​ចំណាយ​ច្រើនជាង​ដំណើរ​កម្សាន្ត​ផ្សេងៗ ពីព្រោះ​អ្នក​ចូល​លេង​ភាគច្រើន​ជា​អ្នកវិនិយោគ ម្ចាស់​ក្រុមហ៊ុន មហាសេដ្ឋី ឬក៏​អ្នក​ដែលមាន​ជីវភាព​ធូរធា​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងទេសចរណ៍​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​


 
​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​និយាយថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ខិតខំ​ជំរុញ​វិស័យ​ទេសចរណ៍​កីឡា​វាយ​កូ​ល​គោល​រីកដុះដាល​ឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង និង​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ផង​។​
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ រំពឹងថា ព្រឹត្តិការណ៍​មួយ​នេះ នឹង​ជំរុញ​កំណើន​ទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា​បន្ថែមទៀត ក្រោយពី​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦,២​លាន​នាក់ កើនឡើង ១០,៧​ភាគរយ នៅ​ឆ្នាំ​២០១៨ កន្លងទៅ​។​
 
​ព្រឹត្តិការណ៍​កីឡាវាយកូនគោល​អន្តរ​ជាតិ​នេះ តែង​ធ្វើឡើង​នៅតាម​ប្រទេស​នានា​ជា​រៀងរាល់ឆ្នាំ ដូចជា​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ។​ហើយ​នៅ​ឆ្នាំ​២០១៩ អង្គការ​ទេសចរណ៍​វាយកូនគោល​អន្តរជាតិ បានជ្រើសរើស​យក​ខេត្តសៀមរាប ប្រទេស​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដោយសារ​ប្រទេស​កម្ពុ​ជាមាន​ទីលាន​វាយកូនគោល​បទដ្ឋាន​អន្តរជាតិ មាន​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក ។ ជាពិសេស​ខេត្តសៀមរាប ទើប​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ធំៗ​លើ​វិស័យ​ទេសចរណ៍​កីឡាវាយកូនគោល ពេញចិត្ត​ក្នុងការ​មក​ទស្សនា និង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក Peter walton អគ្គនាយក​អង្គការ​ទេសចរណ៍​វាយកូនគោល​អន្តរជាតិ​។​
 
​អគ្គនាយក​អង្គការ​ទេសចរណ៍​វាយកូនគោល​អន្តរជាតិ​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​អ្នកចូលរួម​ទាំងនោះ​មិន​ត្រឹមតែ​មកលេង​កីឡាវាយកូនគោល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ចូល​ទស្សនា​នៅតាម​ប្រាសាទ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​កម្ពុជា ពិសេស​គឺ​ប្រាសាទអង្គរវត្ត ហើយនឹង​បាន​ភ្លក្ស​ម្ហូបអាហារ​ខ្មែរ​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា បាន​មើលឃើញ​ដោយផ្ទាល់​នូវ​ស្នាមញញឹម​ពី​ធម្មជាតិ និង​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​»​។​
 
​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡាវាយកូនគោល​អន្តរ​ជាតិ​ទាំង​៥៦២​នាក់​នោះ មាន​មកពី​តំបន់​អាស៊ាន តំបន់​អឺរ៉ុប ប្រទេស​ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់​ម​ជ្ឈិ​បូព៌ា អាហ្វ្រិក​ខាងត្បូង ឥណ្ឌា ទ្វីបអាមេរិក​ខាងជើង និង​មកពី​ប្រទេស​អូស្ត្រាលី​។ នេះ​បើតាម​លោក Peter walton៕
 

Tag:
 ​វាយកូនគោល
  កីឡា​
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com