ជាតិ
សេដ្ឋកិច្ច
ស្ពាន​ជ្រោយចង្វារ​ទី​១ អាច​ដំណើរការ ៥០​ឆ្នាំ ទម្រាំ​ដល់ពេល​ជួសជុល​ធំ​ម្ដងទៀត​
01, Apr 2019 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ​ប៉ាន​ស្មានថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) នឹង​អាច ប្រើប្រាស់​ដល់​រយៈពេល​៥០​ឆ្នាំ​ទៀត ទម្រាំ​ដល់ពេល​ត្រូវ​ជួសជុល​ធំ ឬ​ស្ដារឡើងវិញ​ម្ដងទៀត​។ នេះ​បើតាម​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។


 
​សព្វថ្ងៃ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​មួយ​នេះ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៣​ខែមេសា បន្ទាប់ពី​ការជួសជុល​ឡើងវិញ​ក្រោម​ជំនួយឥតសំណង​ចំនួន ៣០​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ជ​ប៉ុន​។ បើតាម​លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ពាន​មួយ​នេះ​នឹង​អាច​ប្រើប្រាស់​បាន​រយៈពេល​៥០​ឆ្នាំ​ខាងមុខ​ទៀត មុននឹង​មានការ​ស្ដារ​ឡើងវិញ​ម្ដងទៀត​។ លោក​បានបញ្ជាក់​នាពេល​អ្នកកាសែត​ចុះ​ទស្សនកិច្ច​គម្រោង​មួយ​នេះ ដែល​រៀបចំ​ដោយ JICA នៅ​ថ្ងៃទី​២៦​ខែមីនា យ៉ាង​ដូច្នេះ​ថា​៖«​យើង​ធ្វើ​នេះ​គឺ​សម្រាប់ ៥០​ឆ្នាំក្រោយ​»​។​


 
​គួរ​បញ្ជាក់ថា  ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ដែលមាន​ប្រវែង ៧០៩​ម៉ែត្រ​នេះ ត្រូវបាន​កសាង​នៅ​ឆ្នាំ​១៩៦៣ ក្រោម​ជំនួយ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ជប៉ុន ប៉ុន្តែ​ដោយសារ​សង្គ្រាមស៊ីវិល​ក្នុងអំឡុង​ទស្សវត្ស​ឆ្នាំ​១៩៧០ ស្ពាន​នេះ​ត្រូវ​ទទួលរង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។ រហូតដល់​ឆ្នាំ​១៩៩២ ស្ពាន​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ ក្រោម​ជំនួយឥតសំណង​របស់​ជប៉ុន ហើយ​បើក​ឲ្យ​ដំណើរការ​ជាថ្មី​នៅ​ឆ្នាំ​១៩៩៦ ដែល​បាន​ក្លាយជា​ច្រករបៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា​។ ក្រោយមក​ស្ពាន​ជ្រោយចង្វារ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហើយ​ស្ពាន​នេះ​បាន​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ពលរដ្ឋ លើកកម្ពស់​សេដ្ឋកិច្ច​តាមរយៈ​ការដឹកជញ្ជូន​ចេញចូល​ភ្នំពេញ​។ នេះ​បើតាម​ឯកសារ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ៕
 

Tag:
 ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com