ក្រុង​ហាណូយ​ឈានទៅ​លុបបំបាត់​ការប្រើប្រាស់​ម៉ូតូ​ដើម្បី​លើកកម្ពស់​បរិស្ថាន​
រថយន្ត
អន្តរជាតិ
ក្រុង​ហាណូយ​ឈានទៅ​លុបបំបាត់​ការប្រើប្រាស់​ម៉ូតូ​ដើម្បី​លើកកម្ពស់​បរិស្ថាន​
01, Apr 2019 , 8:39 pm        
រូបភាព
ទិដ្ឋភាព​ធ្វើដំណើរតាមម៉ូតូនៅក្រុងហាណូយ។ រូបថត AFP
ទិដ្ឋភាព​ធ្វើដំណើរតាមម៉ូតូនៅក្រុងហាណូយ។ រូបថត AFP
​គម្រោង​ហាមប្រាម​ការប្រើប្រាស់​ម៉ូតូ​របស់​អាជ្ញាធរ​ក្រុង​ហាណូយ ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ដោយសារ​ក្រុង​នៅ​តំបន់​អាស៊ី​អាគេ្នយ៍​មួយ​នេះ កំពុង​ទទួលរង​នូវ​ការបំផ្លាញ​បរិស្ថាន​ដែល​បង្កដោយ​ផ្សេង​ពុល និង​ការកកស្ទះ​ចរាចរណ៍​។

 
​លោក Nguyen Ngoc Dong អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម បាន​អះអាង​កាលពី​ថ្ងៃទី​២៨ ខែមីនា ថា គម្រោង​របស់​រដ្ឋធានី​ហាណូយ​ក្នុង​ការកំណត់​ចំនួន​ការប្រើប្រាស់​ម៉ូតូ គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​គ្រប់គ្រង​បញ្ហា​ចរាចរណ៍​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam Express ទីក្រុង​ហាណូយ​កំពុង​ស្រាវជ្រាវ និង​វិភាគ​លើ​គម្រោង​នេះ ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​ថា ប្រជាពលរដ្ឋ​នឹងមាន​ជម្រើស​ការដឹកជញ្ជូន​សាធារណៈ​ដ៏​សមរម្យ ក្រោយពី​ការហាម​ប្រាម​ត្រូវអនុវត្ត​។  
 
 
​ទន្ទឹមនឹង​គ្នា​នេះ ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​ការដឹកជញ្ជូន​នៃ​ក្រសួង​ដឹកជញ្ជូន​វៀតណាម លោក Tran Bao Ngoc បាន​លើកឡើងថា ការហាម​ប្រាម​ម៉ូតូ​នេះ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ដើម្បី​កាត់បន្ថយ​ផ្សែង​ពុល និង​បញ្ហា​កកស្ទះ​ចរាចរណ៍​។ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​អង្គការ​តំបន់​អាស៊ាន មី​យ៉ាន់​មា់​បាន​អនុវត្ត​ការហាម​ប្រាម​បែបនេះ​ក្នុង​រដ្ឋធានី​ខ្លួន​។ 
 
​យ៉ាងណាមិញ ការហាម​ប្រាម​នេះ ទាមទារ​ឲ្យ​ដើរ​ស្រប​ជាមួយនឹង​ការអភិវឌ្ឍ​ការតភ្ជាប់​និង​ការដឹកជញ្ជូន​សាធារណៈ​របស់​ទីក្រុង និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ការដឹកជញ្ជូន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីក្រុង​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Ngoc ដោយ​បន្ថែមថា ទីតាំង​ចត​យានជំនិះ​គួរតែ​ត្រូវ​បង្កើតឡើង​នៅក្បែរ​ស្ថានីយ៍​ឡានក្រុង និង​រថភ្លើង​ក្រោម​ដី ដូច្នេះ​ប្រជាជន​អាច​ផ្លាស់ប្តូរ​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​ងាយស្រួល​។ 
 
​សូមបញ្ជាក់ ទីក្រុង​ហាណូយ កាលពី​ថ្មីៗ​នេះ បាន​ពិនិត្យឡើងវិញ​គម្រោង​មួយ ដែល​ខ្លួន​បានអនុម័ត​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។ គម្រោង​នោះ គឺ​ហាមប្រាម​ម៉ូតូ​ក្នុង​សង្កាត់​ចំនួន​៥ ទី​ដែល​កកស្ទះ​ខ្លាំង​បំផុត ត្រឹម​ឆ្នាំ​២០៣០ និង​រឹត​ត្បឹ​ត​លើ​ចំនួន​ប្រើប្រាស់​យានជំនិះ​ទាំងអស់​ក្នុង​តំបន់​មួយចំនួន ដែលមាន​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ល្អ​។ 
 
​រដ្ឋធានី​ហាណូយ ជាមួយ​ប្រជាជន​សរុប​ប្រមាណ ៧,៥​លាន​នាក់ មាន​ម៉ូតូ​ប្រមាណ ៥,៦​លាន​គ្រឿង និង​រថយន្ត​ប្រមាណ ៥៥​ម៉ឺន​គ្រឿង​។ ក្រៅពីនេះ ម៉ូតូ​ប្រមាណ ១,២​គ្រឿង ត្រូវ​នាំយក​មកពី​កន្លែង​ផ្សេងៗ​ទៀត​។ នេះ​យោងតាម​តួលេខ​ពី​សមត្ថកិច្ច​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com