អន្តរជាតិ
ប្រធាន​តុលាការ ICC ទទូច​ឲ្យ​អាមេរិក​ចូល​ជា​សមាជិក​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ
02, Apr 2019 , 8:29 am        
រូបភាព
ដោយ:
​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក Eboe-Osuji បាន​អំពាវនាវ​ជាថ្មី​ដល់​សហរដ្ឋអាមេរិក​ដើម្បី​ចូល​ជា​ភាគី ឬ​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​គោលដៅ​បំពេញបេសកកម្ម​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែល​រង​ការធ្វើ​ទុក​បុក​ម្នេញ​ពីបទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​របស់​ពិភពលោក​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​គន្លឹះ​ក្នុងជំនួប​ប្រចាំឆ្នាំ នៃ​ក្រុមអ្នកច្បាប់​អាមេរិក​នៅ​ថ្ងៃ​២៩ មីនា លោក Eboe-Osuji ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​រម្លឹក​ពី​គុណបំណាច់​របស់​អ្នកច្បាប់​អាមេរិក ជាពិសេស​នោះ អតីត​មេធាវី និង​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក លោក Robert H. Jackson នៅក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​ពិភពលោក​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​គន្លឹះ​កម្រាស់​១៨​ទំព័រ​ដដែល​នោះ ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រូបនេះ បានលើកឡើង​ចំណុច​ជាច្រើន ដែលជា​ទ្រឹស្តី​របស់ លោក Robert H. Jackson និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​គោលការណ៍​នីតិរដ្ឋ និង​ប្រព័ន្ធយុត្តិធម៌​អន្តរជាតិ  ដែល​រួមបញ្ចូល​ទាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ( ICC) ផងដែរ​។ លោក ថែម​បាន​រម្លឹក​ពី​ការចូលរួមចំណែក​រប​ស់​ប្រជាជន និង​រដ្ឋ​អាមេរិក មុនពេល​បង្កើត ICC ។ 
 
​ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាមរយៈ​សារ​ដដែល​នោះ លោក​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ជា​ចៅក្រម​របស់​តុលាការ​ផង​នោះ បាន​ឆ្លៀត​ទទូច​អាមេរិក​ជាថ្មី​ក្នុងការ​ចូលរួម​ជា​គ្រួសារ​របស់​តុលាការ​ដើម្បី​បំពេញការងារ​ស្វែងរក​យុត្តិធម៌ ដូច​អ្វីដែល​អាមេរិក ធ្លាប់បាន​កសាង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​។​
 
​លោក បាន​លើកឡើងថា ដល់ពេល​ហើយ ដែល​អាមេរិក ត្រូវ​ចូលរួម​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​មិត្ត​របស់ខ្លួន​ក្នុង​ការជជែក​វែកញែក​ក្នុង​ក្របខណ្ឌ​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម ដើម្បី​ជ្រោមជ្រែង​តុលាការ​ដែលមាន​គុណ​ត​ម្លៃ និង​ចក្ខុវិស័យ ស្របទៅនឹង​គុណ​តម្លៃ​របស់​អាមេរិក​ផងដែរ​នោះ​។​
 
​ទន្ទឹមនឹងនោះ លោក​ប្រធាន​តុលាការ ក៏បាន​ស្នើ​ដល់​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ដែលជា​ភាគី​របស់​តុលាការ​ហើយ​នោះ ក៏ដូចជា​សមាគម​អ្នកច្បាប់​អាមេរិក ចូលរួម​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​អាមេរិក​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ 
 
​គួរ​ជម្រាប​ផងដែរ​ផង​ថា មកទល់ពេលនេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បាន​បង្កើត​អស់​រយៈពេល​២០​ឆ្នាំ​ហើយ​នោះ មាន​សមាជិក​សរុប​ទាំងអស់ ១២២ រដ្ឋ​។ បារាំង អង់គ្លេស ជប៉ុន និង​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​ជា​ផ្សេងទៀត​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក សុទ្ធសឹងតែ​ជា​ភាគី នៃ​តុលាការ​នេះ​ផងដែរ​។ 
 
​ថ្មីៗ​នេះ រដ្ឋាភិបាល​អាមេរិក ទើបតែ​ព្រមាន​ចាត់ការ​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រសិនបើ តុលាការ​នេះ ហ៊ាន​បើក​ការស៊ើបអង្កេត​ទៅលើ​ពលរដ្ឋ​របស់​អាមេរិក​នៅក្នុង​ទឹកដី​អាមេរិក ដែល​តុលាការ​បាន​ចោទ​មាន​ជាប់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ អាមេរិក បានប្រកាស​ដាច់ខាត​ហើយ​ថា នឹងមិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​តុលាការ ដែល​ប៉ុនប៉ង​ចូល​ទឹកដី​អាមេរិក​ឡើយ​។​
 
​នៅពេលនោះ ក្រុង​វ៉ាស៊ីនតោន បានបញ្ជាក់​ជាថ្មី​ផងដែរ​ថា ការណ៍​ដែល​អាមេរិក​មិន​ព្រម​ចូល​ជា​ភាគី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តាំងពី​ឆ្នាំ​១៩៩៨​នោះ ក៏​ព្រោះតែ​អាមេរិក មើលឃើញថា បេសកកម្ម​របស់​តុលាការ​នេះ មាន​លក្ខណៈ​ទូលាយ​ពេក និង​ពិសេស​នោះ គំរាមកំហែង​ដល់​អធិបតេយ្យ​អាមេរិក​តែម្តង​។ អាមេរិក ក៏​ខ្លាចក្រែង​ថា តុលាការ បំពេញការងារ​ដោយសារ​កត្តា​ជំរុញ​នយោបាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​អាមេរិក​៕ 

Tag:
 អាមេរិក​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com