លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid សារភាពថាលោកពិតចូលចិត្ត Paul Pogba ខ្លាំងណាស់ ហើយថែមទាំងសរសើរខ្សែបម្រើឆ្នើម Manchester United រូបនេះថាដឹងពីរបៀបលេងគ្រប់ស្ថានការនៅលើទីលានទៀតផង។
Zidane បានត្រលប់ចូលដឹកនាំក្រុមរហស្សនាមស្តេចសវិញកាលពីខែមីនា ដើម្បីជំនួសលោក Santiago Solari បន្ទាប់ចាកចេញពីក្លិបនេះរយៈពេល១០ខែ។ ការវិលត្រលប់ជាថ្មីនេះអ្នកចាត់ការសញ្ចាតិបារាំង វ័យ៤៦ឆ្នាំក៏កំពុងសម្លឹងមើលកីឡាករមានគុណភាពថ្មីទៀតដើម្បីមករួមក្រុម ខណៈក្រុមកំពុងធ្លាក់ទម្រង់លេងទាំងក្នុងលីគ និងនៅក្របខណ្ឌអឺរ៉ុប។
ស្របពេល Pogba មានការផ្សារភ្ជាប់ជាមួយក្លិបយក្សអេស្ប៉ាញនិងថែមទាំងនិយាយថា Real ជាក្លិបក្នុងក្តីសុបិនរបស់កីឡាករបាល់ទាត់គ្រប់រូបផងនោះ Zidane ក៏បានរំលឹកឈ្មោះខ្សែបម្រើសញ្ជាតិបារាំងរូបនេះថា៖«ខ្ញុំស្គាល់គាត់ (Pogba)។ គាត់បាននាំមកនូវអ្វីៗជាច្រើនហើយមានកីឡាករតិចតួចណាស់ដែលធ្វើបានដូចគាត់»។
Pogba វ័យ២៦ឆ្នាំ បានវិលត្រលប់ទៅ Man Utd ពី Juventus ក្នុងតម្លៃកំណត់ត្រា ៨៩លានផោន (១១៦លានដុល្លារ) ក្នុងឆ្នាំ២០១៦ ប៉ុន្តែអនាគតរបស់គេនៅទឹកដី Old Trafford ហាក់មានភាពមិនច្បាស់លាស់នៅដើមរដូវកាលនេះ អំឡុងស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho ។
ប៉ុន្តែចាប់តាំងពីលោក Ole Gunnar Solskjaer ឡើងទៅជំនួសតំណែងលោក Mourinho វិញនោះ Pogba ចាប់ផ្តើមលេងល្អឡើងវិញដោយរកបាន៩គ្រាប់ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិន័រវែសនេះ។
«Pogba ជាខ្សែបម្រើម្នាក់ដែលយល់ទាំងការលេងបែបការពារ និងវាយប្រយុទ្ធបានយ៉ាងល្អ។ ប៉ុន្តែគាត់មិនមែនជាកីឡាកររបស់ខ្ញុំទេគាត់គឺរបស់ Man Utd»។ នេះជាការលើកឡើងរបស់ Zidane។
អតីតប្រធានក្រុមជម្រើសជាតិបារាំងបន្ថែមដដែលៗថា បន្ទាប់ពី Man Utd គឺមាន Real Madrid ចាប់អារម្មណ៍គាត់ដូច្នេះនៅពេលដែលបទពិសោធរបស់គាត់នៅទឹកដី Old Trafford បញ្ចប់ គ្មានហេតុអ្វី Pogba មិនទៅទឹកដី Bernabeu នោះទេ»។
ចាប់តាំងពីការត្រលប់ទៅដល់របស់ Zidane ភ្លាមក្លិបយក្ស Real Madrid បានចុះកិច្ចព្រមព្រៀងទិញយកខ្សែការពារ Eder Militao ពី FC Porto ក្នុងតម្លៃ ៤២,៧លានផោន (៥៦លានដុល្លារអាមេរិក ហើយកីឡាករប្រេស៊ីលនេះនឹងទៅកាន់ទឹកដី Santiago Bernabeu ក្រោយចប់រដូវកាលនេះ។៕