អន្តរជាតិ
តួ​ក​គី ចូល​កាន់តែ​ជិតស្និទ្ធ​នឹង​អាស៊ាន​
01, Apr 2019 , 10:59 pm        
រូបភាព
រូបភាព Vientiane Times
រូបភាព Vientiane Times
ដោយ:
គិត​ចាប់ពី​ឆ្នាំ​២០១៨​មក តួ​ក​គី បានសម្រេច​បេសកកម្ម​បង្កើន​ចំណង​ការទូត​ជាមួយនឹង​រដ្ឋ​អាស៊ាន​ទាំង​ដប់​ជា​ផ្លូវការ​ហើយ​។ ឡាវ គឺជា​ទិសដៅ​ចុងក្រោយ​របស់​តួ​ក​គី ក្នុង​ដំណើរ​ឆ្ពោះ​មកកាន់​តំបន់​អាស៊ាន ដែលជា​ទី​ដ៏​មាន​សក្តានុពល​នៅក្នុង​តំបន់ និង​ជា​តួអង្គ​សំខាន់​របស់​ពិភពលោក​។ ការផ្សារភ្ជាប់​ចំណង​រវាង​តួ​ក​គី និង​រដ្ឋ​របស់​អាស៊ាន​ទាំង​ដប់ ធ្វើ​ឲ្យ​តួ​ក​គី​កាន់​តែមាន​ទម្ងន់​ក្នុងការ​ធ្វើការ​ជាមួយនឹង​អាស៊ាន​តែម្តង​។​

​តាម​ការលើកឡើង​រប​ស់អគ្គ​រដ្ឋទូត​តួ​ក​គី​ប្រចាំ​ក្រុង​វៀងចន្ទន៍ លោក Ahmet İdem Akay ការបង្កើត​ស្ថានទូត​តួ​ក​គី​ប្រចាំ​ប្រទេស​ឡាវ មិន​ត្រឹមតែ​ជាការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ក៏​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង​ពហុភាគី​ជាមួយនឹង​ប្រទេស​អាស៊ាន​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Daily Sabah នៅ​ថ្ងៃ​២៩ មីនា​កន្លងទៅ​។ 
 
​លោក​អគ្គរដ្ឋទូត បាន​កត់សម្គាល់ថា បន្ទាប់ពី​ការបើក​ដំណើរការ​ស្ថានទូត​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​នៅ​ឆ្នាំ​២០១៨​មក តួ​ក​ទី បាន​មាន​តំណាង​ការទូត​នៅក្នុង​ប្រទេស​ទាំង​ដប់​របស់​អាស៊ាន​រួចហើយ​។ លោក គូសបញ្ជាក់ថា នេះ គឺជា​ជំហាន​ដ៏​សំខាន់​របស់​តួ​ក​ទី​ក្នុងការ​ផ្តល់​តម្លៃ​ទៅលើ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទៅនឹង​អង្គការ​ក្នុង​តំបន់​។ 
 
​សូមបញ្ជាក់ថា តួ​ក​គី បានចាប់ផ្តើម​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​តាំងពី​ឆ្នាំ ១៩៩៩ មកម្ល៉េះ​។ តួ​ក​គី ក្រោយមកទៀត ក៏បាន​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​ក្នុង​កម្រិត​កាន់តែ​ជិតស្និទ្ធ​ជា​បន្តបន្ទាប់ ជាពិសេស​នោះ តួ​ក​គី ក៏បាន​ផ្សារភ្ជាប់​ជាមួយនឹង​អាស៊ាន​តាមរយៈ​កិច្ចប្រជុំ​របស់​អាស៊ាន​ផងដែរ​។​
 
​ក៏ប៉ុន្តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ នៅ​ឆ្នាំ​២០១៧​កន្លងទៅ មានការ​លេចឡើង​ថា តួ​ក​គី មាន​ចេតនា​ចង់​ចូល​ជា​សមាជិក​អាស៊ាន​។ ការប៉ុនប៉ង​នេះ ត្រូវបាន​ទម្លាយ​ចេញ​ដោយ​ប្រធាន​វិលជុំ​អាស៊ាន​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ ពេលនោះ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ត្រង់ៗ​ថា តួ​ក​គី បានស្នើ​សុំ​លោក​ដើម្បី​ពិចារណា​លើ​តួ​ក​គី​ក្នុង​សមាសភាព​របស់​ប្រធាន​អាស៊ាន ហើយ​លោក​ប្រធានាធិបតី ក៏​មិនបាន​យល់​ទាស់​អ្វី​ដែរ​។ 
 
​យ៉ាងណាក៏ដោយ ប្រធានបទ​នេះ ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ ក្រោយពី​អាស៊ាន​ផ្លាស់ប្តូរ​ប្រធាន​វិលជុំ​មក ពោលគឺ អាស៊ាន ដែល​សមាជិក​ទាំង​ដប់​ដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម មិនបាន​ដាក់​បញ្ហា​ជា​របៀបវារៈ​សម្រាប់​ជជែក​ឡើយ​។ 
 
​បើ​និយាយ​ពី​លក្ខខណ្ឌ​ស្នូល ដែល​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ស្តីពី​ការចូល​ជា​សមាជិក​អាស៊ាន​នោះ តួ​ក​គី គ្មាន​សង្ឃឹម​ឡើយ ដ្បិត​ភូមិសាស្ត្រ​របស់​តួ​ក​គី​នៅ​ក្រៅពី​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ មិនទាន់​និយាយ​ពី​កម្រិត​ផ្ទៃក្នុង​នៃ​ការ​ត្រូវ​រូ​វ​គ្នា​របស់​អាស៊ាន​ទៅកាន់​តួ​ក​គី​ផង​។ មួយវិញទៀត​នោះ អាស៊ាន ក៏​កំពុង​វាយតម្លៃ​ទៅលើ​ស្ថានភាព​ទី​ម័​រ​ខាងកើត​ដែលមាន​ទីតាំងនៅ​អាស៊ីអាគ្នេយ៍​ស្រាប់ និង​បានស្នើ​សុំចូល​ជា​សមាជិក​តាំងពី​ឆ្នាំ​២០១១​មក​នោះ​៕ 

Tag:
 តួ​ក​គី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com