ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលវេលា​ណាខ្លះ​ទៅ ដែល​អ្នក​អាច​ផ្អាក​ការហាត់​ប្រាណ​មួយពេល​ពីរ​សិន​បាន​?
02, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មែនហើយ កាលណា​មនុស្ស​យើង​មាន​ទម្លាប់​ហាត់ប្រាណ​បានជា​ញឹកញាប់ វា​នឹងមាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​ដូចជា ស្រក​ទម្ងន់ បន្ថយ​ការឈឺ និង​ហើម​សន្លាក់ បេះដូង​មាន​សុខភាព​ល្អ និង​បន្ថយ​ការបាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​ទៀត​។ ប៉ុន្តែ​ដើម្បី​អ្នករស់នៅ​សប្បាយចិត្ត និង​ជីវិត​មាន​សុខ​ភាពល្អ មិនមែន​មានន័យថា អ្នក​ត្រូវ​ហាត់ប្រាណ​ជាប់​រាល់ថ្ងៃ​ដោយ​ខានមិនបាន​នោះទេ​។ ករណីខ្លះ ការហាត់​ប្រាណ​អាច​បង្ក​គ្រោះថ្នាក់​ជាង​ផល​ល្អ​ទៀតផង​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​រឿង​ល្អ​ដែរ ដែល​អ្នក​គួរ​ផ្អាក​ការហាត់​ប្រាណ​មួយថ្ងៃ​ពីរ ឬ​ច្រើន ទៅតាម​ស្ថានភាព​មួយចំនួន​។ ដូច្នេះ​តើ​ពេលណា​ខ្លះ​ដែល​អ្នក​គួរតែ​ផ្អាក​ការហាត់​ប្រាណ​ទៅ​?


 
​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​
 
​បើសិនជា​មានការ​បង្ក​រោគ ប្រព័ន្ធ​ភាពស៊ាំ​នឹងត្រូវ​ការ​ថាមពល​ទាំងអស់​ក្នុង​ខ្លួន​ដើម្បី​សម្លាប់​មេរោគ ហើយក៏​ការពារ​កុំ​ឲ្យ​ការបង្ក​រោគ​នេះ​ធ្វើទុក្ខ​ខ្លាំង​ដែរ​។ ការហាត់​ប្រាណ​ត្រូវការ​ថាមពល​រាងកាយ​ច្រើន​ដែរ ដូច្នេះ​អ្នក​គួរតែ​រក្សា​កម្លាំង​ទុក​ដើម្បី​ទប់ស្កាត់​ការបង្ក​រោគ​នេះ​សិន​។ អ្នក​គួរតែ​ផ្អាក​ការ​ទៅ​ហាត់ប្រាណ តែ​យក​ពេល​សម្រាក​ឲ្យ​បាន​ច្រើន ដើម្បី​ឆាប់​ជា​វិញ​។ 
 
​យល់ថា​ខ្លួនឯង​មាន​របួស​
 
​អ្នកជំនាញ​និយាយថា បើសិនជា​អ្នក​យល់ថា សន្លាក់ ឬ​សាច់ដុំ​ឈឺ​ហើយ វា​អាច​នឹងធ្វើ​ឲ្យ​ការឈឺចាប់​នោះ​កាន់តែខ្លាំង​បើសិនជា​អ្នក​បន្ត​ការហាត់​ប្រាណ​ថែមទៀត​។ ដូច្នេះ​យក​ល្អ​គួរតែ យក​ពេល​មួយថ្ងៃ​ពីរ សម្រាក​សិន​ទៅ​។ បើសិនជា​អាច​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យថា មាន​អ្វី​ខុស​ប្រក្រតី​ដែល​ត្រូវការ​ព្យាបាល​ឬ​អត់​។​
 
​កំពុងតែ​ស្រវឹង​
 
​មនុស្ស​ភាគច្រើន​មានឱកាស​ហាត់ប្រាណ​តែ​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​ប៉ុណ្ណោះ​។ តែ​បើសិនជា​ព្រឹក​ឡើង​បន្ទាប់ពី​ជប់លៀង ធ្វើ​ឲ្យ​អ្នក​ពិបាក​ភ្ញាក់ ដោយសារតែ​ស្រវឹង​ខ្លាំង​នោះ យក​ល្អ​គួរតែ​សម្រាក​ពី​ការហាត់​ប្រាណ​សិន​ទៅ​។ ហេតុផល​នោះ​គឺថា ការហាត់​ប្រាណ​អាច​ជំរុញ​ឲ្យ​ឈឺក្បាល​ដោយសារតែ​ស្រវឹង​កាន់តែខ្លាំង​រហូតដល់ ១០០​ដង​ឯណោះ​។ ការដែល​ស្រវឹង​អាច​ប៉ះពាល់​ដល់​ការធ្វើ​ចលនា​រាងកាយ ដូច្នេះ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​មាន​របួស​ថែមទៀត​។​
 
​គេង​អត់​ឆ្អែត​
 
​មនុស្ស​គ្រប់គ្នា​ដឹងថា ការហាត់​ប្រាណ​ជា​ទៀងទាត់​គឺជា​វិធី​ព្យាបាល​ការ​គេង​មិន​លក់​។ ប៉ុន្តែ​ការហាត់​ប្រាណ​ខណៈពេលដែល​គេង​មិនបាន​គ្រប់​ទៀត អាច​បង្ក​ផលប៉ះពាល់​ជាង​ល្អ​វិញ​ទេ ជាពិសេស​ពេល​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com