ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«App វាក្យសព្ទច្បាប់»ជាង១ពាន់ពាក្យ ផ្ដល់ភាពងាយស្រួលនិងចំណេញពេលដល់សិស្សនិស្សិត
× ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការស្រាវជ្រាវនិងផ្ដល់ភាពងាយស្រួលដល់សិស្សនិស្សិតក្នុងការស្វែងរកនិយមន័យ នៃពាក្យបច្ចេកទេសដែលទាក់ទងនឹងច្បាប់ សមាគមសាលាត្រាជូ បានបង្កើតកម្មវិធីទូរស័ព្ទដៃថ្មីមួយ គឺ «វាក្យសព្ទច្បាប់អេឡិចត្រូនិក» ឬ « Traju Lexicon»។ វាក្យសព្ទច្បាប់នេះ មានពាក្យគន្លឹះចំនួន ១៤៨១ពាក្យ ដែលចងក្រងដោយក្រុមនិស្សិតច្បាប់នៃសមាគមសាលាត្រាជូ។
នៅថ្ងៃទី១ ខែមេសា ម្សិលមិញ សមាគមសាលាត្រាជូ បានដាក់ឲ្យបានប្រើប្រាស់សាកល្បងនូវកម្មវិធីទូរស័ព្ទ «វាក្យសព្ទច្បាប់អេឡិចត្រូនិក» ឬ «Traju Lexicon»។ កម្មវិធីទូរស័ព្ទដៃនេះ អាចដោនឡូតបាននៅក្នុង
App Store និង
Play Store ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានបញ្ជាក់ថា «វាក្យសព្ទច្បាប់អេឡិចត្រូនិក» ឬ «Traju Lexicon» ជាគម្រោងថ្មីមួយរបស់សមាគមសាលាត្រាជូ ដែលបានរចនាឡើង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកនិយមន័យនៃពាក្យបច្ចេកទេសច្បាប់នីមួយៗ និងចូលរួមលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់នៅកម្ពុជា។ បើតាមប្រធានសមាគមសាលាត្រាជូរូបនេះ ក្នុងដំណាក់កាលដំបូងវាក្យសព្ទច្បាប់នេះ មានពាក្យគន្លឹះច្បាប់ចំនួន ១៤៨១ពាក្យ ដែលដកស្រង់ចេញពីឯកសារច្បាប់ផ្សេងៗ។
កម្មវីធីទូរសព្ទដៃនេះ នឹងចំណេញពេលវេលាដល់និស្សិតនិងសាធារណជន ដែលចង់ដឹងពីពាក្យគន្លឹះនិងនិយមន័យនៃច្បាប់។ ដោយឡែក ការបង្កើតវាក្យសព្ទច្បាប់នេះ មានផលលំបាកសម្រាប់សមាគមសាលាត្រាជូ ប៉ុន្តែ ការដកស្រង់និងចងក្រងនេះ កើតចេញពីការស្ម័គ្រចិត្តរបស់ក្រុមនិស្សិតច្បាប់នៃសមាគមសាលាត្រាជូន។
សូមបញ្ជាក់ថា «វាក្យសព្ទច្បាប់អេឡិចត្រូនិក» ត្រូវបានរៀបរៀងឡើង តាមរយៈការប្រមូលផ្តុំនិងចងក្រងឡើងវិញនូវសទ្ទានុក្រមនិងបទដ្ឋានមួយចំនួន ដែលក្នុងនោះមានដូចជា៖ សន្ទានុក្រមពាក្យច្បាប់ខ្មែរ, អង់គ្លេស, បារាំង, ផ្នែករដ្ឋប្បវេណីនិងនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០០៧។ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។ សន្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិបោះពុម្ភលើកទី១ ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។ សទ្ទានុក្រម នៃវិធានផ្ទៃក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (វិសោធនកម្មលើកទី៩) នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com