កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ឡើងឈរ​លេខ​៣ ខណៈ​តំបន់ Top 4 នៅ​ប្រទាញប្រទង់​គ្នា​
02, Apr 2019 , 10:22 am        
រូបភាព
​ជ័យជម្នះ ២-០ លើ​ក្រុម Newcastle United បាន​នាំ Arsenal ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង Premier League ជំនួស​កន្លែង Tottenham Hotspur និង​រុញ Manchester United ធ្លាក់​ពី​តំបន់ Top4 ។​


 
Aaron Ramsey និង Alexandre Lacazette ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៣១​នេះ​។​


 
​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Unai Emery ទទួលបាន​៦៣​ពិន្ទុ​ពី​ការប្រកួត​កន្លងមក ដោយ​នាំមុខ​២​ពិន្ទុលើក្រុម Spurs ដែល​ធ្លាក់​ទៅ​លេខ​៤ និង Man Utd ទៅ​លេខ​៥ ​ដូចគ្នា​។ ចាប់ពី​ចំណាត់ថ្នាក់​ទី​៣ ដល់​ទៅ​៦ ដែល​រួមមាន Arsenal, Spurs, Man Utd និង Chelsea ដែលមាន​៦០​ពិន្ទុ​ដែរនោះ កំពុង​ប្រទាញប្រទង់​គ្នា​ខ្លាំង​ដើម្បី​ដណ្តើម​តំណែង​ក្នុង​តំបន់ Top 4 ដើម្បី​បាន​កៅអី​លេង​នៅ Champions League រដូវ​កាល​ក្រោយ ខណៈ​នៅសល់​៧​ប្រកួត​ទៀត​។​


 
​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ក្រុម Arsenal ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៧​មក​។ នេះ​បានបង្ហាញ​ពី​ការរីកចម្រើន​របស់​ពួកគេ​ចាប់តាំងពី​លោក Emery ឡើងមក​ជំនួស​តំណែង​លោក Arsene Wenger នៅ​ចុងបញ្ចប់​រដូវ​កាល​មុន​៕
 

Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com