អន្តរជាតិ
NASA៖ កម្ទេច​ផ្កាយរណប​បាញ់​ដោយ​ឥណ្ឌា អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ​
02, Apr 2019 , 11:09 am        
រូបភាព
៥​ថ្ងៃក្រោយ​ឥណ្ឌា​ប្រកាសថា ខ្លួន​មាន​សមត្ថភាព​បាញ់​កម្ទេច​ផ្កាយរណប​នោះ រដ្ឋបាល​អវកាស និង​លំហ​អាមេរិក (NASA) បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ចំពោះ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ។ ប្រធាន NASA លោក Jim Bridenstine និយាយថា កម្ទេចកម្ទី​របស់​ផ្កាយរណប​បាន​អណ្ដែត​លើ​វេហា​ដែល​នោះ​អាច​បង្ក​គ្រោះថ្នាក​អវកាសយានិក​ដែល​កំពុង​បំពេញការងារ ដ្បិត​បំណែក​ខ្លះ​មិនអាច​តាមដាន​បានឡើយ​។​

 
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​២៧ ខែមីនា បានប្រកាស​ពី​ការបាញ់​ទម្លាក់​ផ្កាយរណប​មួយ​ដោយ​ប្រើ​មី​ស៊ី​ល​។ តាម​លទ្ធផល​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​អះអាងថា ឥណ្ឌា​ក្លាយជា​មហាអំណាច​លំហ​អាកាស​ហើយ​។ ប៉ុន្តែ​ស្ថាប័ន​គ្រប់គ្រង​អវកាស​របស់​អាមេរិក ហាក់​មិនសូវ​រីករាយ​នឹង​រឿងនេះ​ប៉ុន្មាន​ឡើយ ខណៈ​ផលប៉ះពាល់​របស់​វា ក៏​ជា​រឿង​មិនអាច​ទទួលយក​បានដែ​រ​។​
 
​ប្រមុខ​រដ្ឋបាល​អវកាស និង​លំហ​អាមេរិក (NASA) លោក Jim Bridenstine ចាត់ទុក​ការបាញ់​ផ្កាយរណប​នេះ​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ព្រោះ​ការបាញ់​នេះ​បាន​បង្កើតជា​កម្ទេចកម្ទី​ដល់​ទៅ​៤០០​បំណែក ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អវកាសយានិក​ដែល​ធ្វើការ​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ​។ លោក Bridenstine និយាយ​នៅ​ថ្ងៃទី​១ ខែមេសា ថា បំណែក​ទាំងអស់ មិនមែន​សុទ្ធតែ​អាច​តាមដាន​បានឡើយ ខណៈ​បច្ចុប្បន្ន​អាមេរិក​កំពុង​តាមដាន​បំណែក​ដែលមាន​ទំហំ​ចាប់ពី​១០​សង់ទីម៉ែត្រ​ឡើង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្កាយរណប​ដែល​ឥណ្ឌា​បាញ់​នោះ ស្ថិតនៅ​រយៈកម្ពស់​៣០០​គីឡូម៉ែត្រ​ដែលជា​កម្រិត​ទាប ហើយក៏​ទាប​ជាង​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដែរ​។ យ៉ាងណាមិញ លោក Bridenstine ពន្យល់ថា បំណែក​ផ្កាយរណប​ចំនួន​២៤ កំពុង​អណ្ដែត​ទៅខាង​លើ​ស្ថានីយ៍​អន្តរជាតិ ដែល​នោះ​ជា​រឿង​គួរ​ឲ្យ​ខ្លាច ព្រោះ​សកម្មភាព​បែបនេះ​មិន​សមស្រប​នឹង​ការហោះហើរ​របស់​មនុស្ស​នៅ​ទី​អវកាស​នៅ​ថ្ងៃ​អនាគត​ឡើយ​។ 
 
​សូមបញ្ជាក់ថា យោធា​អាមេរិក តែង​តាមដាន​វត្ថុ​នានា​លើ​លំហ​អាកាស​ដើម្បី​ប៉ាន់ស្មាន​ពី​ហានិភ័យ​នៃ​ការប៉ះទង្គិច​ជាមួយ​ស្ថានីយ៍​អវកាស​អន្តរជាតិ និង​ផ្កាយរណប​ផ្សេងទៀត​។ បច្ចុប្បន្ននេះ ការតាមដាន​កំពុង​ធ្វើ​ឡើងលើ​វត្ថុ​ប្រមាណ​ជាង​២​ម៉ឺន​ដែលមាន​ទំ​ហ​ធំ​ជាង​១០​សង់ទីម៉ែត្រ​។ ក្នុងចំណោម​នេះ គេ​ក៏​ឃើញ​មាន​បំណែក​អវកាស​ចំនួន​៣​ពាន់ ដែល​កើតចេញពី​ការបាញ់​កម្ទេច​ផ្កាយរណប​របស់​ចិន​កាលពី​ឆ្នាំ​២០០៧ ផងដែរ​។​
 
​បន្ថែម​ពីលើ​បំណែក​មាន​ស្រាប់ កម្ទេចកម្ទី​ផ្លា​យ​រណប​ដែល​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ឥណ្ឌា នឹងធ្វើ​ឲ្យ​ឱកាស​ដែល​ស្ថានីយ៍​អវកាស​អាច​ប៉ះទង្គិច​នឹង​បំណែក​ទាំងនោះ មាន​ដល់​៤៤​ភាគរយ​ក្នុង​រយៈពេល​១០​ថ្ងៃ​។ យ៉ាងណាមិញ អ្វី​ដែលជា​រឿង​ល្អ​នោះ ភាគរយ​ប្រឈម​នឹង​ធ្លាក់ចុះ​វិញ ដោយសារ​បំណែក​ទាំងនោះ​នឹង​ឆេះ​អស់​ពេល​ចូលដល់​បរិយាកាស​។ 
 
​ឥណ្ឌា​ជា​ប្រទេស​ទី​បួន​បន្ទាប់ពី​អាមេរិក រុស្ស៊ី និង​ចិន ជា​ប្រទេស​បី​ដែលមាន​សមត្ថភាព​បាញ់​ទម្លាក់​ផ្កាយរណប​បាន​។ ប៉ុន្តែ​សមត្ថភាព​បែប​នោះ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ពិសេស​មហាអំណាច​ទាំងនេះ អាច​យក​ទី​លំហ​ធ្វើជា​កន្លែង​ប្រកួតប្រជែង​អាវុធ​របស់ខ្លួន ទោះ​នាយករដ្ឋមន្ត្រី ម៉ូ​ឌី ធានាថា កម្មវិធី​លំហ​អាកាស​របស់​ឥណ្ឌា មាន​គោលដៅ​សន្តិភាព គ្មាន​បំណង​បង្កើត​បរិយាកាស​សង្គ្រាម ហើយក៏​មិន​សំដៅលើ​ប្រទេស​ណា​ក្ដី​៕
 

Tag:
 NASA
  ឥណ្ឌា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com