អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេទ័ព​ជើងគោក​ថៃ​ព្រមាន​ការផ្ទុះ​សង្គ្រាមស៊ីវិល បើ​មានការ​ប៉ុនប៉ង​ផ្ដួល​របបរាជានិយម​
02, Apr 2019 , 4:05 pm        
រូបភាព
ឧត្តមសេនីយ៍ Apirat Kongsompong មេបញ្ជាការកងទ័ពជើងគោកថៃ (រូបភាព Khaosod English)
ឧត្តមសេនីយ៍ Apirat Kongsompong មេបញ្ជាការកងទ័ពជើងគោកថៃ (រូបភាព Khaosod English)
ប្រមុខ​កងទ័ពជើងគោក​ថៃ Apirat Kongsompong នៅ​ថ្ងៃទី​២ ខែមេសា បាន​ព្រមាន​ពី​ការ​ផ្ទុះឡើង​សង្គ្រាមស៊ីវិល ប្រសិនបើ​មានការ​ប៉ុនប៉ង​ផ្ដួលរំលំ​របប​ដឹកនាំ​បែប​រាជានិយម​ក្នុងប្រទេស​។ លោក Apirat ព្រមាន​បែបនេះ ស្រប​ពេលដែល​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​តានតឹង​ក្រោយ​ការបោះឆ្នោត​។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ ក៏​ប្រាប់​អ្នកនយោបាយ និង​និស្សិត​ដែល​ទៅ​រៀន​នៅ​បរទេស​ឲ្យ​គោរព​ច្បាប់ទម្លាប់​ក្នុងស្រុក ជាជាង​ការនាំយក​មេរៀន​ពី​ខាងក្រៅ​មក​អនុវត្ត​ក្នុងស្រុក​។​

 
​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន Apirat Kongsompong បាន​ប្រាប់​ឲ្យ​ប្រជាជន​ថៃ ពិសេស​អ្នកនយោបាយ គ្រូ និង​និស្សិត ត្រូវគោរព​ច្បាប់​ប្រទេសជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មិន​ត្រូវយក​បែបបទ​ប្រជាធិបតេយ្យ​ពី​ក្រៅប្រទេស​មក​អនុវត្ត​ក្នុងប្រទេស​ឡើយ​។ បើតាម​ប្រមុខ​កងទ័ពជើងគោក​រូប​នេះ គោលការណ៍​ចម្បង​របស់​យោធា​ថៃ គឺ​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ និង​រក្សា​ស្ថិរភាព​ប្រទេសជាតិ​។ 
 
​នា​ពិធី​មួយ​នៅ​កងពល​ទីមួយ​ដែលជា​អង្គភាព​អង្គរក្ស​មហាក្សត្រ​នៅ​ថ្ងៃទី​២ ខែមេសា លោក Apirat ដែលជា​មេទ័ព​ដ៏​មាន​ឥទ្ធិពល បញ្ជាក់​ច្បាស់ៗ​ថា អ្នក​ទៅ​រៀន​នៅ​បរទេស និង​រៀនសូត្រ​តាម​សៀវភៅ​បរទេស គួរ​រៀន​សម្រប​ខ្លួន​នឹង​ស្ថានភាព​ក្នុងស្រុក​ជាជាង​ចង់​ផ្លាស់ប្ដូរ​របប​ដឹកនាំ​រាជានិយម​។ លោក​បន្តថា ប្រជាធិបតេយ្យ​ប្រែប្រួល​ទៅតាម​ស្ថានភាព​ប្រទេស​នីមួយៗ ព្រោះ​ប្រជាធិបតេយ្យ​មិន​មែនមាន​តែមួយ​ប្រភេទ​ឡើយ​។ នេះ​បើតាម​ស្រង់​សម្ដី​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​
 
​លោក Apirat លើកឡើង​ពី​គ្រោះថ្នាក់ បើ​មិនមាន​ការគោរព​ក្បួនច្បាប់​ទេ ហើយ​ព្រមាន​ឲ្យ​បក្សនយោបាយ​ឈប់​បំបែកបំបាក់​ប្រជាជន​តាមរយៈ​ការបែងចែក​ក្រុម​ប្រជាធិបតេយ្យ និង​ក្រុម​ផ្ដាច់ការ​។ លោក​និយាយ​បែបនេះ ស្រប​ពេលដែល​បក្ស​ខ្លះ​រិះគន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ថៃ​ជុំវិញ​ដំណើរការ​បោះឆ្នោត​។ មេទ័ព​រូបនេះ​ព្រមាន​ថា រឿងនេះ​អាចធ្វើ​ឲ្យ​ប្រទេស​ធ្លាក់ចូល​សង្គ្រាម​ដូច​អតីតកាល បើ​បក្សនយោបាយ​មិន​គោរព​ច្បាប់ ហើយ​តវ៉ា​តាមរយៈ​សភា​ទេនោះ​។​
 
​ជាមួយគ្នា​នោះ ឧ​ត្ត​ម​សេនីយ៍ Apirat ក៏​ប្រកាស​ជំហរ​កងទ័ព​ដែល​នៅ​ឆ្ងាយ​ពី​នយោបាយ និង​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ​របស់ខ្លួន​ជានិច្ច​។ «​ពួកគេ​គោរព​តា​មកា​ត្វ​កិច្ច​ក្នុង​ការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយ​ស្ដាប់​តាម​ការណែនាំ​របស់​មហា​ក្សត្រ​។​» នេះ​ជាការ​បញ្ជាក់​របស់​មេទ័ព​ជើងគោក​ថៃ​ដដែល​។ 
 
​បច្ចុប្បន្ននេះ សភាពការណ៍​នៅ​ថៃ កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​។ ដំណើរការ​បោះឆ្នោត​នេះ រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ភាពមិនប្រក្រតី​ជាច្រើន​តាំងពី​ការទិញ​សន្លឹកឆ្នោត ការរាប់​សន្លឹកឆ្នោត និង​រូបមន្ត​បែងចែក​កៅអី​សភា​ជាដើម​។ បក្ស​ធំៗ​ចំនួន​ពីរ​ដែលមាន​សំឡេង​ប្រកិត​គ្នា គឺ​បក្ស​កម្លាំង​ប្រជារាស្ត្រ និង​បក្ស​ភឿ​ថៃ​សុទ្ធតែ​អះអាង​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន ហើយ​រក​ដៃគូ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​តាម​លទ្ធផល​មិន​ផ្លូវ​ការដែល​ខ្លួន​ទទួលបាន​៕    

Tag:
 ថៃ​
  Apirat Kongsompong
© រក្សាសិទ្ធិដោយ thmeythmey.com