កីឡាអន្តរជាតិ
អន្តរជាតិ
សម្តេចប៉ាប៖ Messi ជាកំពូលកីឡាករបាល់ទាត់ ប៉ុន្តែមិនគួរហៅគាត់ថា «ព្រះ» ឡើយ
× មេដឹកនាំសាសនាគ្រិស្តកាតូលិកសម្តេច ប៉ាប ហ្វ្រង់ស៊ីស បានប្រត្តិកម្មដោយទទូចទៅកាន់អ្នកគាំទ្រថាមិនគួរហៅកំពូលកីឡាករបាល់ទាត់ Lionel Messi ថាជា «ព្រះ» ឡើយ។ ប៉ាប បញ្ជាក់ថាមានតែព្រះដែលអាចថ្វាយបង្គំបានប៉ុណ្ណោះទើបហៅថាព្រះ។
បុព្វជិតដ៏មានឥទ្ធិពលអង្កនេះមានបន្ទូលថាការប្រើពាក្យទៅកាន់ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona បែបនេះគឺជាការប្រមាថដល់ព្រះ ហើយស្នើអ្នកគាំទ្រកុំឲ្យហៅ Messi បែបនេះ។
ឆ្លើយនឹងសំណួរដែឡសួរថាហេតុអ្វីមិនគួរហៅមនុស្សម្នាក់ថាជាព្រះ? សម្តេច ប៉ាប បានពន្យល់នៅលើប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញ La Sexta ថា៖«បើតាមទ្រឹស្ដី ការហៅនេះជាការប្រមាថដល់ពិសិដ្ឋជន។ យើងមិនគួរនិយាយបែបនេះទេ។ ខ្ញុំមិនគោរពការហៅបែបនេះឡើយ»។
នៅពេលអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍លោក Jordi Evole លើកឡើងថាខ្លួនជឿជាក់ថា Messi គឺជាព្រះ។ សម្តេច ប៉ាប សើចតិចៗហើយឆ្លើយតបវិញថា «ខ្ញុំមិនយល់ស្របទេ»។
«មនុស្សអាចហៅគាត់ (Messi) ថាជាព្រះ ត្រឹមតែមានន័យថា«ខ្ញុំស្រលាញ់អ្នក» ប៉ុណ្ណោះ ប៉ុន្តែមានតែព្រះពិតទេដែលអាចថ្វាយបង្គំបាន។ គាត់ជាព្រះបាល់ទាត់នៅលើទីលាន។ គាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ប៉ុន្ដែគាត់មិនមែនជាព្រះទេ»។ សម្តេច ប៉ាប បន្ថែមដូច្នេះ។
សម្តេចប៉ាប និង Messi កាលជួបគ្នាលើកដំបូងក្នុងឆ្នាំ២០១៣
សម្តេច ប៉ាប ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្របាល់ទាត់ម្នាក់ និងជាសមាជិកក្លិប San Lorenzo នៃលីគបាល់ទាត់កំពូលរបស់អាហ្សង់ទីន។
ប៉ាប ហ្វ្រង់ស៊ីស ធ្លាប់ជួប Messi ដែលជាមិត្តរួមជាតិអាហ្សង់ទីនដូចគ្នាកាលពីឆ្នាំ២០១៣ ហើយថែមទាំងសរសើរខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតដែលនាំមុខ Pele, Diego Maradona និង Cristiano Ronaldo។
អ្នកគាំទ្រក្រុម Barcelona ស្ទើទាំងអស់តែងហៅ Messi ថា «D10S» ដែលពាក្យនេះធ្លាប់ប្រើលើលោក Diego Maradona កាលនៅជាកីឡាករ ដោយភ្ញាប់ជាមួយពាក្យជាភាសាអេស្ប៉ាញ «Dios» ប្រែថា«ព្រះ»៕
Tag:
បាល់ទាត់
សម្តេច ប៉ាប ហ្វ្រង់ស៊ីស
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com