អន្តរជាតិ
ប្រធានាធិបតី​តៃវ៉ាន់ បញ្ជា​ឲ្យ​ប្រើ​កម្លាំង បើ​យន្តហោះ​ចិន​បំពាន​ខ្សែ​ខណ្ឌ​ចែក​ទឹកដី​ម្ដងទៀត​
02, Apr 2019 , 7:39 pm        
រូបភាព
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​១ ខែមេសា បានចេញ​បញ្ជា​ឲ្យ​ប្រើ​កម្លាំង​ដើម្បី​បណ្ដេញ​យន្តហោះ​ទាំងឡាយ​ដែល​បំពាន​ខ្សែ​ខណ្ឌ​ចែក​ទឹក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ការចេញ​បញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​ហោះ​ឆ្លងកាត់​ខ្សែ​បែងចែក​ទឹកដី​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​៣១ ខែមីនា​។ តៃវ៉ាន់​ចាត់ទុក​សកម្មភាព​រប​ស់​ចិន ជាការ​បង្ករឿង និង​ធ្វើឡើង​ដោយមាន​ចេតនា​តែម្ដង​។

 
​ភាព​តានតឹង​ផ្នែក​យោធា​រវាង​ចិន និង​កោះ​តៃវ៉ាន់ ទំនងជា​កើនឡើង​ខ្លាំង​ក្រោយ​យន្តហោះ​ចម្បាំង​ចិន​ចំនួន​ពីរ​គ្រឿង​ធុន J-11 កាលពី​ថ្ងៃទី​៣១ ខែមីនា បាន​ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​ខាងលើ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ខណ្ឌ​ចែក​ទឹកដី​ទាំងពីរ​។ មួយថ្ងៃ​ក្រោយ​ហេតុការណ៍​នេះ លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ ក៏​បើកភ្លើង​ខៀវ​ឲ្យ​យោធា​តៃវ៉ាន់​ប្រើ​កម្លាំង​ដើម្បី​បណ្ដេញ​យន្ត​ហោះណា​ដែល​បំពាន​ដែនអាកាស​ខ្លួន​។ 
 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោកស្រី Tsai បានចេញ​បញ្ជា​ឲ្យ​ប្រើ​កម្លាំង​ជាមុន​ប្រឆាំង​សកម្មភាព​បង្កហេតុ​ណាមួយ​តាមរយៈ​ការបំពាន​ខ្សែ​ខណ្ឌ​ទឹកដី​។ ក្នុង​ហេតុការណ៍​ចុង​សប្ដាហ៍​មុន តៃវ៉ាន់​មិនបាន​ប្រើ​កម្លាំង​អ្វី​ទេ ដោយ​គ្រាន់តែ​ប្រាប់​ឲ្យ​យន្តហោះ​ចិន​ចាក​ចេញពី​ដែនអាកាស​របស់ខ្លួន​ប៉ុណ្ណោះ ខណៈ​យន្តហោះ​ចិន​ចូលដល់​ផ្នែក​និរតី​របស់​កោះ​មួយ​នេះ និង​ស្ថិតក្នុង​ដែនអាកាស​តៃវ៉ាន់​ដល់​ទៅ​ជាង​១០​នាទី​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​។​
 
 
​បញ្ជា​ខ្លាំងៗ​របស់​ប្រធានាធិបតី​តៃវ៉ាន់​បែបនេះ ធ្វើ​ឲ្យ​មានការ​បារម្ភ​ជុំវិញ​ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​មិនអាច​កាត់ផ្ដាច់​បាន​។ ចិន​មិនទាន់​ប្រតិកម្ម​តប​នឹង​បញ្ជា​របស់​លោកស្រី Tsai ឡើយ ប៉ុន្តែ​ភាព​តានតឹង​អាច​នឹង​ផ្ទុះឡើង​មិន​ខាន ហើយ​អាមេរិក​ក៏​អាច​ត្រូវ​អូស​ចូល​សំណុំរឿង​រ៉ាំរ៉ៃ​នេះដែរ ដ្បិត​មិន​នៅ​ស្ងៀម​ឡើយ បើ​តៃវ៉ាន​ជួប​បញ្ហា​ដោយសារ​ចិន​នោះ​។ នេះ​ក៏​ព្រោះតែ​អាមេរិក មាន​ចំណង​ផ្នែក​ច្បាប់​ដើម្បី​ជួយ​តៃវ៉ាន់ ទោះ​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្ដី​។​
 
​លោកស្រី Tsai ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ឆ្នាំ​២០១៦ តែង​ជា​មុខសញ្ញា​របស់​ក្រុង​ប៉េកាំង ព្រោះ​លោកស្រី​ប្រកាន់​ជំហរ​តឹងរ៉ឹង​ខ្លាំង មាន​និ​ន្ន​ការ​ងាក​ទៅរក​ឯករាជ្យ ហើយ​ប្រកាស​មិន​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ​ផង​។ ការដាក់​បញ្ជា​ឲ្យ​ប្រើ​កម្លាំង អាចជា​ការប្រថុយប្រថាន​សម្រាប់​តៃវ៉ាន់ ប៉ុន្តែ​លោកស្រី Tsai ក៏ត្រូវ​គិតគូរ​ពី​នយោបាយ​ក្នុងស្រុក និង​ជំហាន​ថ្ងៃ​ខាងមុខ ពិសេស​បំណង​ការពារ​កៅអី​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ។​
 
​ជាការ​កត់សម្គាល់ ឲ្យ​មាន​នាវាចម្បាំង​អាមេរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ចិន​នឹង​បញ្ជូន​យន្តហោះ​របស់ខ្លួន​ឆ្វែល​តាម​ក្រោយ​ផងដែរ​។ នៅ​ថ្ងៃទី​២៤ ខែមីនា អាមេរិក​ទើប​បញ្ជូន​នាវា​ពិឃាត​មួយគ្រឿង និង​កប៉ាល់​មួយគ្រឿង​ទៀត បើក​ឆ្លងកាត់​ដែនទឹក​នេះ ដែល​នេះ​ទំនងជា​មូលហេតុ​ដែល​ចិន​បញ្ជូន J-11 ទៅកាន់​តែ​កៀក​តៃវ៉ាន់​វិញ​។ ក្នុងឆ្នាំនេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ទៅកាន់​ច្រក​សមុទ្រ​នេះ​បី​ដង​ហើយ គឺ​ខែមករា​, ខែកុម្ភៈ និង​ចុងក្រោយ​នៅ​ថ្ងៃទី​២៤ ខែមីនា​កន្លងទៅ​។​
 
​ទង្វើ​របស់​អាមេរិក ស្ដែង​ឲ្យ​ឃើញ​ពី​ជំហរ​រក្សា​វត្តមាន​រប​ស់​ខ្លួន​ក្នុង​តំបន់​នេះ និង​និយាយ​ដោយឡែក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ទាំងមូល ជាទី​ដែល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​ខ្លាំង​។ បើ​គិត​តាម​គំរូ​ខាងលើ ចិន​នឹង​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​កាន់តែច្រើន និង​កាន់តែ​ធំ​ថែមទៀត បើ​អាមេរិក​នៅតែ​បន្ត​បញ្ជូន​នាវា​របស់ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ទៀត​ដែរនោះ​៕
 

Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក​
 Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com