អន្តរជាតិ
តុលាការ​កំពូល​វេ​ណេ​ស៊ុយ​អេ​ឡា ស្នើ​ដក​អភ័យឯកសិទ្ធិ​ពី​មេបក្ស​ប្រឆាំង​លោក ក្វៃ​ដូ
02, Apr 2019 , 8:39 pm        
រូបភាព
ដោយ:
​តុលាការ​កំពូល​របស់​វេ​ណេ​ស៊ុយ​អេ​ឡា បានស្នើ​សភា​ឲ្យ​ដកហូត​អភ័យឯកសិទ្ធិ​ពី​មេបក្ស​ប្រឆាំង​​លោក ហ័ន ក្វៃ​ដូ​។ សម្រាប់​ចំណាត់ការ​ថ្មី​នេះ លោក ក្វៃ​ដូ អាចឈាន​ដល់​ការជាប់​ពន្ធនាគារ ព្រោះ​លោក​បាន​ល្មើស​នឹង​បម្រាម​ចាកចេញ​ពី​ប្រទេស ដែល​បាន​ដាក់ចេញ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​។

 
 
​នៅ​ថ្ងៃទី​១ ខែមេសា ប្រធាន​តុលាការ​កំពូល​វេ​ណេ​ស៊ុយ​អេ​ឡា លោក Maikel Moreno បាន​និយាយថា លោក ហ័ន ក្វៃ​ដូ គួរ​ត្រូវ​កាត់ទោស​ពីបទ​ល្មើស​នឹង​បម្រាម​មួយ​ស្តីពី​ការចាកចេញ​ពី​ប្រទេស​។ ការ​ល្មើស​នេះ បាន​កើតឡើង​នៅពេលដែល លោក​បានធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ដើម្បី​រក​សំឡេងគាំទ្រ​ក្នុង​គោលដៅ​ផ្លាស់ប្តូរ​របប​ដឹក​នាំនៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​មេដឹកនាំ​បក្សប្រឆាំង​លោក ក្វៃ​ដូ ដែលមាន​អភ័យឯកសិទ្ធិ​រួច​ផុតពី​ការកាត់ទោស​ដ្បិត​លោក​ជា​ប្រធានរដ្ឋសភា​នោះ ក៏ត្រូវ​រង​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ពាក់ព័ន្ធ​នឹង​ជំរុញ​ឲ្យ​មាន​បាតុកម្មហិង្សា​តាម​ដងផ្លូវ និង​ទទួល​ជំនួយ​ខុសច្បាប់​ពី​បរទេស​ថែម​ទៀតផង​។ 
 
​ក្រៅពីនេះ ចំណាត់ការ​ផ្សេងទៀត​ដែល​ដាក់​ប្រឆាំង​លោក ក្វៃ​ដូ គឺមាន​ដូចជា ហាមឃាត់​ការលក់​ទ្រព្យសម្បត្តិ និង​បង្កក​គណនី​ធនាគារ ឬ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នានា​ក្នុង​ទឹកដី​វេ​ណេ​ស៊ុយ​អេ​ឡា​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua តុលាការ​កំពូល​វេ​ណេ​ស៊ុយ​អេ​ឡា ក៏​ស្នើ​ឲ្យ​ដំណើរការ​ស៊ើបអង្កេត​លើ​លោក​ក្វៃ​ដូ​បន្តទៀត​។ យ៉ាងណាមិញ គេ​ពុំទាន់​ឃើញ ការិយាល័យ​ស៊ើបអង្កេត​វេ​ណេ​ស៊ុយ​អេ​ឡា សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ឬ​ចេញ​ដីការ​ចាប់ខ្លួន​លោក ក្វៃ​ដូ នោះឡើយ​។​
 
​សូមបញ្ជាក់ថា លោក ហ័ន ក្វៃ​ដូ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​វេ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ចុងខែ​មករា​កន្លងទៅ ដោយ​លើកឡើងថា ការបោះឆ្នោត​ដែល​លោក ម៉ា​ឌុយ​រ៉ូ ឈ្នះ​ទទួល​ជ័យជំនះ​កាលពី​ខែឧសភា​ឆ្នាំ​២០១៨ ពុំមាន​ភាពស្របច្បាប់ ដ្បិត​ពុំមាន​វត្តមាន​បក្សប្រឆាំង​។ 
 
​លោក ម៉ា​ឌុយ​រ៉ូ បាន​ចោទប្រកាន់​លោក ក្វៃ​ដូ និង​សហរដ្ឋអាមេរិក ថា​រៀបចំ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​។ លើសពីនេះ លោក​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ ដែល​ចាត់ទុក​លោក​ក្វៃ​ដូ​ជា​អាយ៉ង់​របស់​ក្រុង​វ៉ាស៊ីនតោន បាន​និយាយថា លោក​ក្វៃ​ដូ​គួរ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ ប៉ុន្តែ​មកដល់ពេលនេះ គេ​ពុំទាន់​ឃើញ​មានការ​បញ្ជា​ជា​សាធារណៈ​ណាមួយ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​លោក ក្វៃ​ដូ នៅឡើយ​ទេ​៕
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  ហ័ន ក្វៃ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com