ជាតិ
សង្គមជាតិ
អត្ថបទពាណិជ្ជកម្ម
រដ្ឋបាលខេត្តកែប រៀបចំសង្ក្រាន្តខេត្តកែបដើម្បីផ្តល់ភាពរីករាយជូនភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
× រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកែបលើកទី១ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបង្កើតភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការជួបជុំប្រមូលផ្តុំលេងល្បែងប្រជាប្រិយខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍ដ៏រីករាយនេះ ផ្តួចផ្តើមឡើងដោយរដ្ឋបាលខេត្តកែប សហការជាមួយក្រុមហ៊ុន A&S Advertising និងទទួលបានការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀអង្គរ និងភេសជ្ជៈ Pepsi ។
មានការរៀបចំកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដែលនឹងត្រូវរៀបចំនៅក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ដូចជាការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជាទាញព្រ័ត្រ,បោះអង្គញ់,ចោលឈូង,លោតបាវ និងវាយក្អមជាដើម និងការរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរផងដែរ។ ក្រៅពីនេះ ក៏មានការរាំលេងកម្សាន្តជាមួយDJ និងបទចម្រៀងបែបពេញនិយម ទស្សនាការប្រគំតន្ត្រីខ្នាតធំ ការតាំងពិព័រណ៍ផលិតផល នៅទីតាំងសួនច្បារខាងមុខសាលាខេត្តកែបផងដែរ និងមានការបាញ់កាំជ្រួចនៅពេលរាត្រី ដើម្បីអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តកែបយ៉ាងអធិកអធមផងដែរ។
ទន្ទឹមនឹងការរៀបចំឲ្យមានកម្មវិធីសប្បាយៗសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកែប ក៏បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋផងដែរ។ កងកម្លាំងសន្តិសុខជាច្រើននាក់ត្រូវបានត្រៀមរួចជាស្រេច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក៏បានចុះអប់រំ និងណែនាំដល់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងប្រតិបត្តិករទេសចរណ៍ដទៃទៀត យកចិត្តទុកដាក់ផ្តល់សេវាឲ្យល្អបំផុតជូនភ្ញៀវទេសចរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តទាំងមូលផងដែរ។
កុំភ្លេចទៅលេងសង្ក្រាន្តខេត្តកែប ឲ្យបានច្រើនកុះករ និងចូលរួមលេងល្បែប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្តនូវចង្វាក់ប្រពៃណី នៅឆ្នេរកែបទាំងអស់គ្នា៕
Tag:
ចូលឆ្នាំថ្មី
បុណ្យចូលឆ្នាំខ្មែរ
មហាសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com