ONE Championship
កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា ចាំ​មិន​ភ្លេច​នៅ​សង្វៀន One Championship ពេល​ប្រកួត​លើកដំបូង​
02, Apr 2019 , 8:59 pm        
រូបភាព
ឡៅ ចិត្រា ស្លៀកខោពណ៌ស
ឡៅ ចិត្រា ស្លៀកខោពណ៌ស
ដោយ: ថ្មីៗ
​ដោយ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ខ្មែរ ឡៅ ចិ​ត្រា បាន​បង្ហើប​ពី​ចំណុច​ចងចាំ​បំផុត​មិនអាច​បំភ្លេចបាន​ក្នុងការ​ប្រកួត​នៅ​សង្វៀន One Championship ពេល​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ថៃ Superlek Kiatmoo9 នៅ​ក្រុង​បាងកក កាល​ពាក់កណ្ដាល​ខែកុម្ភៈ​កន្លងទៅ និង​សន្យាថា​នឹងធ្វើ​ឲ្យ​ល្អ​សម្រាប់​ជំនួប​លើក​ក្រោយ បើសិន​បាន​ឡើង​វាយ​នៅ​សង្វៀន​នេះ​ម្តងទៀត​។

 
 
​ចិ​ត្រា ដែលមាន​វ័យ ១៩ ឆ្នាំ ថ្លែង​រឿង​មិនអាច​បំភ្លេចបាន​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​តូចចិត្ត ខ្លាំងណាស់​ដែល​វ៉ៃ​គេ​មិនត្រូវ គេ​រហ័ស​ពេក​មិន​នឹកស្មាន​ដល់ ទោះ​ខ្ញុំ​បាន​ទស្សនា​វីដេអូ​គេ​ជាច្រើន​ក៏ដោយ​។ គេ​មាន​បម្លាស់​ទី​លឿន​ខ្លាំងណាស់​។ ក្នុង​នោះគេ​វ៉ៃ​សន្ធប់​មកលើ​យើង​តាំងពីដើម​ទឹក​មក មិន​ឲ្យ​ខ្ញុំ​ដកឃ្លា​រួច​។ ចំណែក​ខ្ញុំ​វិញ វ៉ៃ​ចេញ​ដៃ និង ជើង​យឺត​ជាងគេ​ហើយ មាន​ជំហរ​យឹត​ជាង Superlek ទៀតផង​។ »
 
​កីឡាករ​ប្រដាល់​គុន​ខ្មែរ​វ័យ ១៩ ឆ្នាំ​មកពី​ក្លិប ប្រដាល់​ឆត្រយោង​៩១១ បានបញ្ជាក់​ទៀតថា ការប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក​ខាងលើ ប្លែក​ខ្លាំង​ទោះ​គេ​ធ្លាប់​ប្រកួត​ក្នុងស្រុក និង អន្តរជាតិ​ជាច្រើន​ដង​ក្ដី​។ កីឡាករ​ប្រដាល់​វ័យក្មេង​រូបនេះ​សង្កត់ធ្ងន់ថា ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ One Championship មាន​លក្ខណៈ​តឹងតែង​ណាស់​។ ទោះជា​ការប្រកួត​លើកដំបូង​នៅ សង្វៀន One ប៉ុន្តែ ចិ​ត្រា មិនមាន​បញ្ហា​ប្រឈម​ដូចជា​ការធ្វើដំណើរ​តាម​យន្តហោះ ឬ បញ្ហា​ញុំ​ា​ម្ហូបអាហារ​នៅ​ព្រះរាជាណាចក្រ​ថៃ​នោះឡើយ ព្រោះ​គេ​អះអាងថា មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ការរស់នៅ និង ហូបចុក​ដូច​នៅ​កម្ពុជា​ដែរ​។​
 
​បន្ទាប់ពី​បរាជ័យ​សឹង​មិន​នឹកស្មាន​ដល់ ប្អូនប្រុស​បង្កើត​របស់ ឡៅ ស៊ី​ណាត់ និង ឡៅ ចន្ទ្រា នឹង​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចេញទៅ​ប្រកួត​ជាថ្មី​ក្នុង​កម្រិត​អន្តរជាតិ និង ព្យាយាម​ប៉ះប៉ូវ​រាល់​ចំណុចខ្សោយ ដែល​បានទទួល​ជា​មេរៀន​ពី​កីឡាករ​កំពូល​ថៃ Superlek​។ ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦០ គីឡូក្រាម ប្ដេជ្ញា​អភិវឌ្ឍ​ខ្លួន​ហ្វឹកហាត់​ឲ្យ​មាន​បម្លាស់​ទី​លឿន វ៉ៃ​ចេញ​លឿន និង បង្កើន​ជំហរ​ឲ្យ​រឹងមាំ​ដើម្បី​ទប់ទល់​នឹង​គូបដិបក្ខ​អន្តរជាតិ​ខ្លាំងៗ​នៅ​ថ្ងៃ​អនាគត​។  
 
​យ៉ាងណាក្ដី បន្ទាប់ពី​រង​បរាជ័យ​នៅ​ប្រទេស​ថៃ​កាល​ខែ កុម្ភៈ ប៉ុន្តែ ឡៅ ចិ​ត្រា បាន​ស្ដារ​មុខមាត់​ឡើងវិញ​ដោយ​ឈ្នះ ជើង​ខ្លាំង​ថៃ Mai Soth ដោយ​ពិន្ទុ​កាល​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅ​សង្វៀន ស៊ី​អិន​ស៊ី​។ ក្រៅពី​ការហ្វឹកហាត់​នៅ​ក្លិប​របស់ខ្លួន និង ខិតខំ​ឥតឈប់ឈរ​ដោយ​ខ្លួនឯង អ្នកលេង​គុន​ខ្មែរ​ដដែល​នេះ​នឹង​ចូល​ហ្វឹកហាត់​ប្រដាល់​ក្នុង​ក្រុម​ជម្រើសជាតិ​ជាមួយ លោក គ្រូ ឡុង សាល​វ័​ន្ត និង អេ ភូ​ថង ក្រោយពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ដើម្បី​ត្រៀម​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម តំណាង​ឲ្យ​កម្ពុជា ដែល​រៀបចំ​នៅ​ហ្វីលីពីន នា​ចុងឆ្នាំ ២០១៩ នេះ​។ 
 
​បច្ចុប្បន្ន ឡៅ ចិ​ត្រា មានកំណត់​ត្រា​ប្រកួត​១៤៨ លើក ដែល​ក្នុងនោះ ឈ្នះ ១២១ លើក​, ចាញ់ ២២ លើក និង ស្មើ ៥ លើក​៕
 

Tag:
 One Championship
  ឡៅ ចិ​ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com