អន្តរជាតិ
អាជ្ញាធរ​បង់​ក្លា​ដែ​ស ឃាត់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម​ដែល​ប្រថុយ​ជិះទូក​នេសាទ​ទៅ​ម៉ាឡេស៊ី​
02, Apr 2019 , 9:19 pm        
រូបភាព
រូបភាពតំណាង៖ Xinhua
រូបភាពតំណាង៖ Xinhua
ដោយ:
​អាជ្ញាធរ​បង់​ក្លា​ដែ​ស បាន​បញ្ឈប់​សកម្មភាព​ប៉ុនប៉ង​ចាកចេញ​ពី​បង់​ក្លា​ដែ​ស​ទៅកាន់​ម៉ាឡេស៊ី​តាមរយៈ​ទូក​នេសាទ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម​។ សម្រាប់​បង់​ក្លា​ដែ​ស សកម្មភាព​របស់​ក្រុម​ជនភៀសខ្លួន​ទាំងនេះ គឺជា​រឿង​ដ៏​ប្រថុយប្រថាន​ជីវិត​មួយ ដែល​បង់​ក្លា​ដែ​ស​មិនអាច​បណ្តែតបណ្តោយ​បានឡើយ​។


 
​ទំនងជា​មិនអាច​ទ្រាំទ្រ​បាន​ជាមួយនឹង​ស្ថានភាព​មិនល្អ នៃ​ការ​រស់នៅក្នុង​ជំរំ​បណ្តោះអាសន្ន​នៅ​បង់​ក្លា​ដែ​ស ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម រួម​ជាមួយនឹង​ពលរដ្ឋ​បង់​ក្លា​ដែ​ស​មួយចំនួន​ផង​នោះ បាន​ព្យាយាម​ចាកចេញ​ពី​បង់​ក្លា​ដែ​ស តាមរយៈ​មេខ្យល់ ដោយ​ទូ​នេសាទ​។ ក៏ប៉ុន្តែ​ផែនការ​របស់​ពួកគេ មិន​ទទួលបាន​ជោគជ័យ​ឡើយ​។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន AFP កងកម្លាំង​សន្តិសុខ​បង់​ក្លា​ដែ​ស បាន​ឃាត់ខ្លួន​មនុស្ស ២៩ នាក់ ដែល​ក្នុងនោះ​មាន ២២ នាក់ មាន​ទាំង​ស្ត្រី និង​កុមារ​ផង​ជា​ជនភៀសខ្លួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មកពី​ជំរំ Cox's Bazar របស់​បង់​ក្លា​ដែ​ស និង​អ្នកដទៃ​ផ្សេងទៀត ជា​ពលរដ្ឋ​បង់​ក្លា​ដែ​ស និង​មេខ្យល់ ដែលជា​អ្នក​អះអាងថា អាច​នាំ​ពួកគេ​ទៅដល់​ម៉ាឡេស៊ី​បាន​។ 
 
​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​នោះ កងកម្លាំង ក៏បាន​រកឃើញ​ទូក​នេសាទ​ដ៏​រយីក​រយាគ​មួយ ដែល​ជាម​ធ្យោ​យ​បាយ​សម្រាប់​ធ្វើដំណើរ​ទៅកាន់​ម៉ាឡេស៊ី​ក្នុង​លំហ​សមុទ្រ​ដ៏​ល្វឹងល្វើយ ។ កងកម្លាំង បាន​ហៅ​ការប៉ុនប៉ង​របស់​ក្រុម​នេះ គឺជា​វិថី​ជីវិត​ដ៏​ប្រថុយប្រថាន​បំផុត​។​
 
​តាម​ការអះអាង​របស់​ប៉ូលិស​បង់​ក្លា​ដែ​ស គិត​ចាប់ពី​ចុងឆ្នាំ​មុន​មក ប៉ូលិស​បង់​ក្លា​ដែ​ស បានធ្វើ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនភៀសខ្លួន​ពី​ការចាកចេញ​ពី​បង់​ក្លា​ដែ​ស​ទៅកាន់​ម៉ាឡេស៊ី​ប្រាំ​មួយដង​មកហើយ​។ កាលពី​ខែ​មុន ប៉ូលិស ក៏បាន​ឃាត់ខ្លួន​បាន​មនុស្ស ១០០ នាក់ ដែល​ប៉ុនប៉ង​ធ្វើដំណើរ​តាម​ទូក​នេសាទ​ដូចគ្នានេះ​ផងដែរ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា មកទល់ពេលនេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនទាន់មាន​ដំណោះស្រាយ​ជាក់លាក់​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​កន្លះ​លាន​នាក់ ដែល​បាន​ភៀសខ្លួន​ពីរ​ដ្ឋ រ៉ា​ខាន​ដោយសារតែ​ការប៉ះទង្គិច​ផ្ទៃក្នុង ទៅ​រស់នៅ​ក្នុ​ជំរំរ​បស់បង់​ក្លា​ដែ​ស​នៅឡើយ​នោះទេ​។ ទោះបីជា​ជនភៀសខ្លួន​ទាំងនោះ ទទួល​បានការ​គាំពារ​ពី​រដ្ឋាភិបាល​ម្ចាស់​ស្រុក និង​អង្គការ​អន្តរជាតិ​ក៏ដោយ ពួកគេ​មួយចំនួន នៅ​មិន​ស្ងៀម​ឡើយ​។ ពួកគេ តែងតែ​ព្យាយាម​ចាកចេញ​ទៅកាន់​ប្រទេស​ទី​បី ជាមួយនឹង​ការរំពឹង​ថា នឹង​ទទួលបាន​ភាពល្អប្រសើរ​ជាង​នេះ​៕ 
 

Tag:
 បង់​ក្លា​ដែ​ស​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com