ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុង​ចរចា​ជាមួយ វៀតណាម ថៃ និង​ឡាវ បើក​ច្រកព្រំដែន​បន្ថែម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​
02, Apr 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​វៀតណាម ថៃ និង​ឡាវ ដើម្បី​ពិភាក្សា​លើ​បញ្ហា​បើក​ច្រកព្រំដែន​បន្ថែមទៀត ក្នុងទិសដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​។

 
​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត នៅ​ថ្ងៃទី​២ មេសា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ពី​គុណសម្បត្តិ​នៃ​ការដឹក​នាំមក​និយាយថា ការសម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​កន្លងមក គឺ​កើតចេញពី​ចក្ខុវិស័យ​របស់​រដ្ឋ​ភិ​បាល​ច្បាស់លាស់​ក្នុងការ​ដឹកនាំ​ប្រទេស និង​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង​។ ដោយសារ​មើលឃើញ​សក្ដានុពល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​នេះ ទើប​រដ្ឋាភិបាល រក​ផ្លូវ​ចរចា​បើក​ច្រកព្រំដែន​បន្ថែមទៀត ដើម្បី​បន្ត​កំណើន​ពាណិជ្ជកម្ម​។​
 
«​សម្រាប់​ជាមួយ​ប្រទេសជិតខាង​វិញ យើង​បានប្រែក្លាយ​រួចមកហើយ និង​កំពុង​បន្ត​ជំរុញ​តទៅទៀត នូវ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង ព្រោះ​ព្រំដែន​របស់​យើង​បាន​ក្លាយជា​កន្លែង​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រួចទៅហើយ​…​។ យើង​កំពុង​ចរចា​ជាមួយនឹង​ឡាវ ថៃ និង​វៀតណាម ដើម្បី​បើក​ច្រក​ថ្មីៗ​បន្ថែមទៀត ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ទ្វេភាគី ជាមួយ​ប្រទេសជិតខាង​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​សូម​ស្ដាប់​សំឡេង​៖




 
​កាលពី​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ជាង​៥​ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​មាន​ជាង​៧​ពាន់​លាន​ដុល្លារ ។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឡាវ​មាន​ចំនួន ២៤​លាន​ដុល្លារ​អាមេរិក និង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​មាន​ជាង ៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​របាយការណ៍​នៃ​ការនាំចេញ​-​នាំចូល​របស់​កម្ពុជា បាន​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​បរទេស​សរុប​ចំនួន ២៤,៩៨៥​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨​។​
 
​ដោយ​ក្នុងនោះ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ គិត​ជា​ទឹកប្រាក់​១១,២១៥​លាន​ដុល្លារ​។ តួលេខ​នៃ​ការនាំចេញ​នេះ​មានការ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ត្រឹមតែ​១០,៧៧៧​លាន​ដុល្លារ​។ ដោយឡែក សម្រាប់​ការនាំ​ចូល​របស់​កម្ពុជា​វិញ គឺមាន​ទំហំ​១៣,៧៧១​លាន​ដុល្លារ កើនឡើង​ជាង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ​១៣,០១៩​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម  ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨៕ 

Tag:
 ហ៊ុន សែន​
  វៀតណាម​
  ថៃ
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com