អន្តរជាតិ
រដ្ឋាភិបាល​សិង្ហ​បុរី ស្នើច្បាប់​ថ្មី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ដែលមាន​ការដាក់ទោស​ធ្ងន់ធ្ងរ
02, Apr 2019 , 9:59 pm        
រូបភាព
រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី K Shanmugam ថ្លែងក្នុងសភា (រូបភាព Gov.sg)
រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី K Shanmugam ថ្លែងក្នុងសភា (រូបភាព Gov.sg)
ដោយ:
​សិង្ហ​បុរី បានស្នើ​ចំណាត់ការ​យ៉ាង​តឹង​រ៉ឺ​ង​ថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​សាយភាយ​នៃ​ព័ត៌មាន​ក្លែងបន្លំ​។ ការដាក់ទោសទណ្ឌ​ដល់​ការជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​ទៀត ត្រូវ​បានស្នើ​ក្នុង​សេចក្ដីព្រាងច្បាប់​ប្រឆាំង​ព័ត៌មាន​មិន​ពិត​ដែល​ដាក់​ឲ្យ​សភា​ជជែក​នៅ​ថ្ងៃទី​១ ខែមេសា​។ បុរី​រដ្ឋ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អះអាងថា នេះ​គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ខណៈ​ក្រុម​សិទ្ធិមនុស្ស​បង្ហាញ​ក្តីកង្វល់​ជុំវិញ​ការដាក់​សម្ពាធ​លើ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​។​

 
​ជា​យូរ​មកហើយ ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​សិង្ហ​បុរី បាន​ប្រឈម​នឹង​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​ដាក់​សម្ពាធ​លើ​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ​។ យោងតាម​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ​១៥១ ក្នុងចំណោម​១៨០​ប្រទេស​។ 
 
​យោងតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងមហាផ្ទៃ​សិង្ហ​បុរី គូសបញ្ជាក់ថា សិង្ហ​បុរី ជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​មួយចំនួនទៀត ដែល​ចង់​ឲ្យ​មានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​នៃ​ព័ត៌មាន​ក្លែងបន្លំ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ក្រសួង​ដដែល​លើកឡើងថា សិង្ហ​បុរី ត្រូវការ​ចំណាត់ការ​តឹងរ៉ឹង​បែបនេះ​ជា​ចាំបាច់ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​សាយ​ភាព​ព័ត៌មាន​ដែល​អាច​ប៉ះពាល់​ដល់​សង្គម​ចម្រុះ​ជាតិ​សាសន៍​របស់​សិង្ហ​បុរី​។​
 
​នៅ​ថ្ងៃទី​១ ខែមេសា សេចក្តីព្រាងច្បាប់​ថ្មី​នេះ ត្រូវបាន​បញ្ចូនទៅ​កាន់​សភា​សិង្ហ​បុរី​ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។ ចំណាត់ការ​ថ្មី ដែល​ត្រូវ​លើកឡើង​ក្នុង​សេចក្តីព្រាងច្បាប់​នេះ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សិង្ហ​បុរី​បញ្ជា​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អន​ឡាញ​កែប្រែ​អត្ថបទ​របស់ខ្លួន កាលណា​រដ្ឋាភិបាល​ចាត់ទុកថា អត្ថបទ​នោះ​ជា​ព័ត៌មាន​ក្លែងបន្លំ​។ 
 
​ម្យ៉ាងវិញទៀត រដ្ឋាភិបាល ក៏​អាច​បញ្ជា​ឲ្យ​វេ​ប​សាយ​ព័ត៌មាន​អន​ឡាញ​លុបចោល​ព័ត៌មាន​ក្លែងបន្លំ​ផងដែរ ប្រសិនបើ​ពួកគេ​ជឿជាក់ថា វា​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​។ អ្នក​ល្មើសច្បាប់​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដល់​១​លាន​ដុល្លារ​សិង្ហ​បុរី ឬ​ស្មើនឹង ៧៤​ម៉ឺន​ដុល្លារ​អាមេរិក​។ 
 
​យ៉ាងណាមិញ មន្ត្រី​សិង្ហ​បុរី សង្កត់ធ្ងន់ថា ទោស​ព្រហ្មទណ្ឌ​នឹងត្រូវ​អនុវត្ត​តែ​ក្នុងករណី​ធ្ងន់ធ្ងរ​បំផុត ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ស្ថាប័ន​អន​ឡាញ​ទាំងនោះ បដិសេធ​ក្នុង​ការគោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​។ ទ​ន្ទឺ​ម​នឹង​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សិង្ហ​បុរី K Shanmugam លើកឡើងថា សំណើ​ច្បាប់​ថ្មី​នេះ នឹងមិន​សំដៅលើ​ទស្សនៈ និង​ការយល់ឃើញ​របស់​មនុស្ស ឬ​ស្ថាប័ន​ណាមួយ ដរាបណា​វា​មាន​មូលដ្ឋាន និង​ហេតុផល​ត្រឹមត្រូវ​។ 
 
​ទោះជា​បែបនេះ​ក្តី ក្រុម​សិទ្ធិមនុស្ស ថ្កោលទោស​ចំពោះ​សំណើ​ច្បាប់​នេះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អះអាងថា សេរីភាព​នៃ​ការបញ្ចេញមតិ ក៏​រាប់បញ្ចូល​សេរីភាព​នៃ​ទស្សនៈ​ផងដែរ​។ លោក​ថា រដ្ឋាភិបាល​សិង្ហ​បុរី ពុំមាន​របាយការណ៍​សូវ​ល្អ​ឡើយ​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​ទាំងពីរ​នេះ​៕
 

Tag:
 សិង្ហ​បុរី​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com